Messi និង Guardiola បរិច្ចាគ​ម្នាក់​ជាង​១​លាន​ដុល្លារ​ទៅ​តំបន់ Catalonia ប្រឆាំង COVID-19
COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Messi និង Guardiola បរិច្ចាគ​ម្នាក់​ជាង​១​លាន​ដុល្លារ​ទៅ​តំបន់ Catalonia ប្រឆាំង COVID-19
25, Mar 2020 , 11:31 am        
រូបភាព
Lionel Messi ខ្សែប្រយុទ្ធ Barcelona និង​អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola បរិច្ចាគ​ប្រាក់​ម្នាក់​ចំនួន​១​លាន​អឺរ៉ូ (១,០៨​លាន​ដុល្លារ​អាមេរិក​) ទៅកាន់​តំបន់​ស្វយ័ត​កាតា​ឡូ​នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​រលាក​សួត COVID-19​។​


 
​បើតាម​ការផ្សាយ​របស់​កាសែត Marca ប្រាក់​បរិច្ចាគ​របស់ Messi ប្រធាន​ក្រុម​ជម្រើសជាតិ​អន្តរជាតិ​អា​ហ្ស​ង់​ទីន នឹងត្រូវ​បែងចែក​ទៅកាន់​មន្ទីរពេទ្យ​នៅ​ទីក្រុង​បា​សេ​ឡូ​ណា ប្រទេស​អេ​ស្ប៉ា​ញ និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កំណើត​។​
 
«Messi បាន​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19​។ អរគុណ​ណាស់​លោក Messi ចំពោះ​ការប្តេជ្ញាចិត្ត​និង​ការគាំទ្រ​របស់​អ្នក​»​។ នេះ​ជា​សារ​អរគុណ​របស់​មន្ទីរពេទ្យ​មួយកន្លែង​ដែល​បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter​។​
 
​ចំណែក អតីត​អ្នកចាត់ការ Barcelona លោក Guardiola ក៏បាន​ចូលរួម​វិភាគទាន​ក្នុង​យុទ្ធនា​ការប្រឆាំង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះដែរ​។ គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បរិច្ចាគ​ប្រាក់​តាមរយៈ​មូលនិធិ Angel Soler Daniel និង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្នុង​ក្រុង​បា​សេ​ឡូ​ណា​។​
 
​តាម​សេចក្តីប្រកាស​របស់​មហា​វិទ្យាល័យ​នៅ​ក្រុង​បា​សេ​ឡូ​ណា លោក Pep Guardiola បាន​បរិច្ចាគ​ទឹកប្រាក់​ចំនួន​១,០៨​លាន​ដុល្លារ​អាមេរិក​ដល់​មូលនិធិ Angel Soler Daniel សម្រាប់​ការទិញ​សម្ភារ និង​ផ្គត់ផ្គង់​ឧបករណ៍​សុខភាព​ដើម្បី​ទប់ស្កាត់ និង​ព្យាបាល​ជំងឺ Covid-19 ដែល​រាតត្បាត​ពេញ​ពិភពលោក​នេះ​។​
 
​យុទ្ធនា​ការដែល​ផ្សព្វផ្សាយ​ដោយ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ក្នុង​ក្រុង​បា​សេ​ឡូ​ណា​នេះ មាន​គោលបំណង​ប្រមូល​សំភារ​វេជ្ជសាស្ត្រ និង​ការបរិច្ចាគ​ហិរញ្ញវត្ថុ​ពី​វេជ្ជបណ្ឌិត និង​ប្រជាជន​ទូទៅ​ដើម្បី​យកទៅ​ទិញ​ឧបករណ៍​វេជ្ជសាស្ត្រ​ដែល​បច្ចុប្បន្នកំពុង​ខ្វះ​មណ្ឌល​សុខភាព នៅឯ​តំបន់​ស្វយ័ត​កាតា​ឡូ​នា (Catalonia)​។ តំបន់ Catalonia ជាទី​កំណើត​របស់លោក Guardiola និង​ជា​កន្លែង​ដែល Messi ទៅ​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​តាំងពី​វ័យ​១៣​ឆ្នាំ​ម្លេះ​។​
 
​អេ​ស្ប៉ា​ញ ជា​ប្រទេស​នៅ​អឺរ៉ុប​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ COVID-19 បន្ទាប់ពី​អ៊ីតាលី​។ គិត​ត្រឹម​ថ្ងៃទី​២៥ ខែមីនា​នេះ អេ​ស្ប៉ា​ញ​មាន​អ្នកស្លាប់​ចំនួន​ជិត​បី​ពាន់​នាក់ ឆ្លង ៤២០៥៩​ករណី និង​សះស្បើយ ៣៧៩៤​ករណី ខណៈ​អ៊ីតាលី​កើន​អ្នកស្លាប់​ដល់ ៦៨២០​នាក់ ឆ្លង​៦៩១៧៦​ករណី និង​សះស្បើយ ៨៣២៦​ករណី​។ ដោយឡែក​នៅ​ជុំវិញ​ពិភពលោក មាន​ករណី​ឆ្លង​ដោយសារ COVID-19 ចំនួន ៤២២៦២៩​ករណី ស្លាប់ ១៨៨៩៥​នាក់ និង​សះស្បើយ ១០៨៨៧៩​ករណី​៕

Tag:
 COVID-19
  Lionel Messi
  Pep Guardiola
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម