WHO ព្រមាន​ថា​អាមេរិក អាចជា​ទីតាំង​ផ្ទុះ COVID-19 ថ្មី​
COVID-19
អន្តរជាតិ
WHO ព្រមាន​ថា​អាមេរិក អាចជា​ទីតាំង​ផ្ទុះ COVID-19 ថ្មី​
25, Mar 2020 , 2:27 pm        
រូបភាព
ប្រជាជនអាមេរិក ឈរតម្រង់ជួរ ដើម្បីធ្វើតេស្តរកមើល COVID-19 នៅក្នុងទីក្រុងញូវយ៉ក, រូបភាព៖ Getty Image
ប្រជាជនអាមេរិក ឈរតម្រង់ជួរ ដើម្បីធ្វើតេស្តរកមើល COVID-19 នៅក្នុងទីក្រុងញូវយ៉ក, រូបភាព៖ Getty Image
​អង្គការ​សុខភាព​ពិភពលោក (WHO) នា​ថ្ងៃទី​២៤ ខែមីនា បាន​ព្រមាន​ថា អាមេរិក អាច​ក្លាយជា​ទីតាំង​ផ្ទុះ​ថ្មី​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ការវាយតម្លៃ​របស់​អង្គការ​អន្តរជាតិ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ល្បឿន នៃ​ការឆ្លង COVID-19 នៅ​អាមេរិក​គឺ​វា​លឿន​ពេក​។


 
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា អាមេរិក​មាន COVID-19​សរុប​លើសពី ៥​ម៉ឺន​ករណី​។ គ្រាន់តែ​ថ្ងៃទី​២៤ ខែមីនា អាមេរិក​មាន​ករណី​ឆ្លង​ចំនួន ១១០៧៤​ករណី និង​អ្នកស្លាប់​ជិត​៨០០​ករណី​។

តាមរយៈ​តួលេខ​នេះ អាមេរិក គឺជា​ប្រទេស​មាន​អ្នក​ឆ្លង​ជាងគេ​បំផុត ក្នុង​មួយថ្ងៃ ពោលគឺ​លើស​អ៊ីតាលី ដែលមាន​ចំនួន​ជាង ៥​ពាន់​ករណី និង​អេ​ស្ប៉ា​ញ មាន​ជិត ៧​ពាន់​ករណី​។ 
 
​ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី Margaret Harris អ្នកនាំពាក្យ​អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវនេះ យើង​មើលឃើញ​មាន​ករណី​ឆ្លង​យ៉ាង​លឿន នៅក្នុង​ទឹកដី​អាមេរិក​»​។ បើតាម​លោកស្រី Margaret បើទោះបីជា​អាមេរិក​មិនទាន់មាន​ករណី​ធ្ងន់ធ្ងរ​ខ្លាំង​ក៏ពិតមែន ប៉ុន្តែ​អាមេរិក ក៏​អាច​ក្លាយជា​ទីតាំង​ផ្ទុះ COVID-19 ថ្មី​ដែរ​។ 
 
​បន្ទាប់ពី​ព្រមាន​អាមេរិក​រួច លោកស្រី​អ្នកនាំពាក្យ​ក៏បាន​លើកឡើង​ពី​ចំនុច​វិជ្ជមាន​របស់​អាមេរិក​ដែរ ដូចជា ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​នៅ​អាមេរិក ការ​វិធាន​ការដាក់​ច​ត្តា​ឡី​ស័ក​អ្នកជំងឺ និង​ការព្យាយាម​របស់​អាជ្ញាធ​រ​អាមេរិក ក្នុង​ការរក​ប្រភព​ចម្លង COVID-19​។ 
 
​ពេលនេះ អ៊ីតាលី គឺជា​ចំនុច​ផ្ទុះ COVID-19 ថ្មី បន្ទាប់ពី​ចិន​មាន​ស្ថានភាព​ថមថយ​យ៉ាងខ្លាំង​។ គិត​ត្រឹម​ថ្ងៃទី​២៤ ខែមីនា អ៊ីតាលី​មាន​អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​សរុប ៧​ពាន់​ករណី​។ 
​សូមបញ្ជាក់ថា បន្ទាប់ពី​បិទ​រដ្ឋ​មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ពេលនេះ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចង់​ប្រកាស​បើកចំហ​ប្រទេស​ឡើងវិញ នៅ​ចំ​ថ្ងៃ​ពិធីបុណ្យ Easter ដែល​គ្រោង​នឹង​ប្រារព្ធ​នៅ​ថ្ងៃទី ១២ ខែមេសា​។ បើតាម​លោក​ត្រាំ​នៅក្នុង​សារព័ត៌មាន Fox News ការបិទ​រដ្ឋ​បែបនេះ បានធ្វើ​ឲ្យ​អាមេរិក​ខាតបង់​សេដ្ឋកិច្ច​ជាច្រើន ហើយ​វា​ជា​វិធានការ​បំផ្លាញ​សេដ្ឋកិច្ច​របស់​អាមេរិក​៕

Tag:
 WHO
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com