COVID-19
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី អំពាវនាវកុំឲ្យពលរដ្ឋ «ចេញពីផ្ទះ» បើមិនចាំបាច់
25, Mar 2020 , 3:04 pm        
រូបភាព
កាលពីខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានចូលលេងផ្ទះអ្នកស្រី អុី ស័រ ដែលសម្តេច និងភរិយា ធ្លាប់សុំស្នាក់នៅ ក្រោយរៀបការ​ ក្នុងរបបខ្មែរក្រហម (រូបពីគណនីហ្វេសប៊ុកឈ្មោះ ហៃ ហ៊ត់)
កាលពីខែមីនា ឆ្នាំ២០២០ សម្តេច ហ៊ុន សែន បានចូលលេងផ្ទះអ្នកស្រី អុី ស័រ ដែលសម្តេច និងភរិយា ធ្លាប់សុំស្នាក់នៅ ក្រោយរៀបការ​ ក្នុងរបបខ្មែរក្រហម (រូបពីគណនីហ្វេសប៊ុកឈ្មោះ ហៃ ហ៊ត់)
ស្រពពេលចំនួនអ្នកឆ្លងកូវីដ-១៩នៅកម្ពុជា ចេះតែកើនបន្តិចម្តងៗ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សម្តេចនាយករដ្ឋ ហ៊ុន សែន បានអំពាវនាវទៅកាន់ប្រជាជនគ្រប់រូប កុំឲ្យចាកចេញពីផ្ទះ បើមិនមានករណីចាំបាច់។ ការអំពាវនាវរបស់សម្តេចនាយកដ្ឋមន្រ្តី ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យប្រមាណ៤០០នាក់ ដែលស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។



សម្តេចនាយករដ្ឋមន្រ្តី ដែលមានតួនាទីជាប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែរនោះ ចាត់ទុក ការស្ថិតក្នុងផ្ទះ ថាជាការរួមចំណែកមួយ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះ សម្តេច ផ្ញើសារជាថ្មី ឲ្យប្រជាជនពាក់ម៉ាស់ឬប្រើក្រមា ដើម្បីការពារកុំឲ្យឆ្លងកូវីដ-១៩ ពីអ្នកដទៃ ឬ កុំឲ្យចម្លងទៅអ្នកដទៃ។ លើសពីនេះ សម្តេច ក៏ប្រាប់ឲ្យប្រជាជន រក្សាអនាម័យជាប្រចាំ។ ហើយវិធានការសំខាន់មួយទៀត គឺប្រជាជន ត្រូវនៅដាច់ដោយឡែកពីគេរយៈពេល១៤ថ្ងៃ បើសង្ស័យថា ខ្លួនមានកូវីដ-១៩។

ក្នុងអំឡុងដែលប្រជាជន ស្ថិតនៅក្នុងផ្ទះ សម្តេចនាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធនាការ «ឲ្យមន្រ្តីដើរចែកអង្ករ ត្រីខ និង របស់ហូបចុកផ្សេងៗទៀត» ដល់ផ្ទះតែម្តង សម្រាប់ក្រុមគ្រួសារណាដែលខ្វះខាត។ បន្ថែមពីលើរបស់បរិភោគ សម្តេច ក៏បានឲ្យមន្រ្តីទិញក្រមា ជូនប្រជាជនផងដែរ។

ទន្ទឹមជាមួយនឹងការអំពាវនាវឲ្យប្រជាជន ស្ថិតនៅក្នុងផ្ទះ ប្រមុខរដ្ឋាភិបាល ក៏បានប្រកាសដែរថា កំពុងពិនិត្យពីលទ្ធភាពនៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ន បើស្ថានភាពនៃការរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា កាត់តែធ្ងន់ធ្ងរ។ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«បើដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ សិទ្ធិស៊ីវិល ត្រូវបានប៉ះ... ហាមប្រមូលផ្តុំ ហាមជួបជុំ ហាមចេញពីផ្ទះ ហាមប៉ុន្មានប្រភេទ វិសាលភាព មានដល់ណា ខ្ញុំ កំពុងឲ្យអ្នកច្បាប់សិក្សា»។

យ៉ាងណា មេដឹកនាំកម្ពុជា អះអាងថា កម្ពុជា មិនអាចបិទផ្សារ ភោជនីយដ្ឋាន និង កន្លែងលក់ដូរផ្សេងៗបានឡើយ រួមទាំងរោងចក្រផងដែរ។ ចំណែកពិធីបុណ្យចូលឆ្នាំថ្មី នៅអនុញ្ញាតឲ្យប្រព្រឹត្តទៅជាធម្មតា។ តែប្រមុខរដ្ឋាភិបាល ទទូចឲ្យប្រជាជន រៀបចំពិធីជួបជុំជាមួយគ្រួសារ និងបង្កើតបរិយាការសប្បាយរីករាយតាមផ្ទះរៀងៗខ្លួនវិញ ប្រសើរជាងការដើរលេងនៅខាងក្រៅ។

គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ ៩៣នាក់ហើយ តែបានជាសះស្បើយវិញ៦នាក់។ នៅមានមនុស្សមួយចំនួនទៀត កំពុងស្ថិតក្នុងការធ្វើតេស្តរកវីរុសកូវីដ-១៩៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com