COVID-19
កីឡាជាតិ
ជាតិ
ស្ថាបនិក និងប្រធានក្លិបភ្នំពេញក្រោនផ្តល់ថវិកាជាង១០ម៉ឺនដុល្លារ ដើម្បីប្រយុទ្ធប្រឆាំង COVID-19 លោកឧកញ៉ា កុក អាន ស្ថាបនិកក្លិបភ្នំពេញក្រោន
× ដើម្បីរួមចំណែក និងទ្រទ្រង់ចលនាប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម បង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 ស្ថាបនិកនិងប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោនបានផ្តល់ថវិកាជាង១០ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ។ ភ្នំពេញក្រោន ក៏បានចូលរួមផ្សព្វផ្សាយពីវិធីការពារ និងទប់ស្កាត់ការឆ្លង COVID-19 ផងដែរ។
ស្របពេលតួលេខអ្នកផ្ទុកជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយមេរោគកូរ៉ូណាប្រភេទថ្មី COVID-19 នៅកម្ពុជាបន្តកើនឡើង រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់ការរាតត្បាតនៃមេរោគនេះ។ ដើម្បីចូលរួមទ្រទ្រង់ចលនាប្រយុទ្ធប្រឆាំងនេះ លោក កុក អាន ស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន បរិច្ចាគថវិកា១០ម៉ឺនដុល្លារជូនរាជរដ្ឋាភិបាលកម្ពុជា។ ចំណែកលោក ឬទ្ធី សំណាង ប្រធានក្លិបភ្នំពេញក្រោនបរិច្ចាគថវិកា៨០លានរៀលជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាល COVID-19 នៅខេត្តនេះ។
គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានប្រោសប្រទានព្រះរាជទ្រព្យមួយសែនដុល្លារ ហើយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ប្រោសប្រទាន២សែនដុល្លារ ដល់រដ្ឋាភិបាល ដើម្បីទុកចំណាយលើការទប់ស្កាត់និងប្រឆាំង COVID-19។
ផ្តើមពីព្រះមហាក្សត្រនិងព្រះមហាក្សត្រីមានឧកញ៉ា សេដ្ឋី អ្នកមានទ្រព្យសម្បត្តិ និងសប្បុរសជនជាច្រើនបានបរិច្ចាគថវិកាជាហូរហែជូនរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះឧកញ៉ា ហុង ពាវ និង អតិថិជនរបស់គាត់ បរិច្ចាគ២លានដុល្លារ, ឧកញ៉ា គិត ម៉េង បរិច្ចាគ៥សែនដុល្លារ, ក្រុមហ៊ុន ជីប ម៉ុង បរិច្ចាគ៥សែនដុល្លារ, លោកឧកញ៉ា លី យ៉ុងផាត់ បរិច្ចាគ៥សែនដុល្លារ និងអ្នកផ្សេងៗទៀត។
នាពិធីជួបជុំជាមួយគ្រូពេទ្យស្ម័គ្រចិត្តនៅព្រឹកថ្ងៃទី២៥ មីនា នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជារកឃើញអ្នកផ្ទុកមេរោគ COVID-19 លើជនជាតិបារាំងពីររូបបន្ថែមទៀតនៅខេត្តព្រះសីហនុ។ ការបញ្ជាក់បែបនេះ របស់សម្តេច ដោយផ្អែកលើរបាយការណ៍ ដែលទើបទទួលបានពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ តួលេខអ្នកឆ្លង COVID-19 នៅកម្ពុជាបានកើនឡើងដល់៩៣នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ មីនា នេះ៕
Tag:
បាល់ទាត់
ភ្នំពេញក្រោន
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com