COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​ឡាវ ស្នើ​ប្រជាជន​ធ្វើការ​ពី​ផ្ទះ​ដើម្បី​បញ្ចៀស​ការឆ្លង COVID-19
26, Mar 2020 , 7:39 pm        
រូបភាព
នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត។ រូបភាព AFP
នាយករដ្ឋមន្រ្តីឡាវ ថងលួន ស៊ីសូលីត។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត នៅ​ថ្ងៃទី​២៥ ខែមីនា បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់​ចូលរួម​ក្នុងការ​ទប់ស្កាត់​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។ លោកនាយក​រដ្ឋមន្ត្រី​ឡាវ ក៏​ស្នើ​ឲ្យ​ប្រជាជន​ទាំងអស់​គិតគូរ​ធ្វើការ​ពី​ផ្ទះ មិន​ថា​វិស័យ​ឯកជន ឬ​ស្ថាប័នរដ្ឋ​ឡើយ ព្រោះ​វា​ជា​វិធីសាស្ត្រ​ល្អ​មួយ​ដើម្បី​បង្អាក់​ការ​រាលដាល​ជំងឺ​ថ្មី​នេះ​។ លោក ថង​លួ​ន ក៏​បញ្ជា​ឲ្យ​រឹតបន្តឹង​ការដាក់​នៅ​ដោយឡែក​លើ​ពលករ​ឡាវ​ដែល​ត្រឡប់​ចូល​ស្រុក​ផងដែរ​។​

 
​មកទល់ពេលនេះ ឡាវ​មាន​ករណី​ឆ្លង COVID-19 ចំនួន​បី​ហើយ​។ រដ្ឋាភិបាល​ឡាវ ក៏​រឹតបន្តឹង​វិធានការ​ទប់ស្កាត់​ថែមទៀត​ដើម្បី​កុំ​ឲ្យ​វីរុស​ថ្មី​រាលដាល​កាន់តែខ្លាំង​។ ការធ្វើការ​ពី​ផ្ទះ ជា​ជម្រើស​មួយ​សម្រាប់​ពលរដ្ឋ​ឡាវ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​របស់ខ្លួន​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃទី​២៥ ខែមីនា លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក និង​វិស័យ​នានា​ពិចារណា​អនុញ្ញាត​បុគ្គលិក​របស់​ខ្លួន​ធ្វើការ​ពី​ផ្ទះ​ក្នុងករណី​ធ្វើបាន សំដៅ​ទប់ស្កាត់​ការឆ្លង COVID-19 ។ លើសពីនោះ​ទៅទៀត លោកនាយក​រដ្ឋមន្ត្រី​ឡាវ​ក៏បាន​ស្នើ​ឲ្យ​មានការ​ផ្អាក​កិច្ចប្រជុំ​ទាំងអស់ ឬក៏​ការជួបជុំ​ណាមួយ​ក្នុង​ការិយាល័យ​របស់ខ្លួន​ដើម្បី​កាត់បន្ថយ​ការឆ្លង​វីរុស​ផងដែរ​។​
 
«​យើង​ស្ថិតក្នុង​ស្ថានភាព​ត្រូវ​ប្រយ័ត្ន​។ COVID-19 អាច​ចម្លង​លើ​មនុស្ស​ច្រើន​ទៀត​។​» លោក ថង​លួ​ន បញ្ជាក់​បែបនេះ​ដែល​ផ្សាយ​ដោយ​កាសែត Vientiane Times ។ លោក ថង​លួ​ន ក៏​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់​អនុវត្ត​វិធានការ​ទប់ស្កាត់​ឲ្យ​តឹងរ៉ឹង​បំផុត​លើ​ពលករ​ឡាវ​ដែល​ត្រឡប់​ពី​ការធ្វើការ​នៅ​ទឹកដី​ថៃ​វិញ​។ ខណៈ​ថៃ​បិទ​ប្រទេស បិទ​កន្លែងធ្វើការ អាហា​រដ្ឋា​ន​នានា ពលករ​ឡាវ​ដែល​អត់​ការធ្វើ ក៏​សម្រុកចូល​ស្រុក​វិញ ដែល​ធ្វើ​ឲ្យ​មាន​ក្ដីបារម្ភ​ថា ក្នុងចំណោម​ពួកគេ​អាចមាន​អ្នក​ផ្ទុក​វីរុស​ផង​។​
 
​អាជ្ញាធរ​សុខាភិបាល​ឡាវ បាន​ប្រឹងប្រែង​យ៉ាង​ក្នុង​ត្រួតពិនិត្យ​សុខភាព​ពលករ​ដែល​សម្រុកចូល​ស្រុក​គគ្រឹកគគ្រេង​បែបនេះ​។ អ្នក​ដែល​មិនមាន​សីតុណ្ហភាព​ខ្ពស់ នឹងត្រូវ​ណែនាំ​ឲ្យ​នៅ​ដោយឡែក​១៤​ថ្ងៃ ខណៈ​អ្នក​ដែលមាន​សីតុណ្ហភាព​ខ្ពស់ នឹងត្រូវ​ដាក់​ឲ្យ​នៅក្រោម​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​រក​ជំងឺ​ផងដែរ​។ លោក ថង​លួ​ន ស្នើ​ឲ្យ​ពលករ​ទាំងអស់​សហកា​រ​ក្នុងការ​នៅ​ដោយឡែក​ដោយ​ខ្លួនឯង​។   
 
​ជាមួយគ្នា​នោះ ប្រមុខ​រដ្ឋាភិបាល​ឡាវ ក៏​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង COVID-19 ឲ្យ​រៀបចំ​វិធានការ​បន្ថែមទៀត ព្រោះ​ចំណាត់ការ​ម៉ឺងម៉ាត់ ជា​រឿង​ចាំបាច់​បើ​ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​នោះ​។ ទោះជា​យ៉ាងណា លោក​ប្រាប់​ប្រជាជន​ឡាវ មិនត្រូវ​ស្លន់ស្លោ កុំ​ជ្រួលច្របល់ ហើយ​រួមគ្នា​ប្រយុទ្ធ​នឹង​ជំងឺ​នេះ​ឲ្យ​បាន​ជោគជ័យ​៕ 

Tag:
 ឡាវ​
  ថង​លួ​ន ស៊ី​សូលី​ត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com