COVID-19
អន្តរជាតិ
មហាក្សត្រម៉ាឡេស៊ី និងមហេសី ត្រូវនៅដោយឡែក ក្រោយបុគ្គលិកវាំងមានផ្ទុក COVID-19 មហាក្សត្រ និងមហាក្សត្រីម៉ាឡេស៊ី, រូបភាព៖ AP
× ធៀន ភារិន្ទ ()
មហាក្សត្រម៉ាឡេស៊ី និងមហេសី ត្រូវដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្ទាប់ពីអ្នកបម្រើការក្នុងរាជវាំងចំនួន ៧នាក់ត្រូវបានគេធ្វើតេស្តរកឃើញថា មានផ្ទុកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) ។ នេះបើតាមសេចក្តីប្រកាសរបស់ព្រះរាជរាំងម៉ាឡេស៊ីនាថ្ងៃទី២៦ ខែមីនា។
តាមការអះអាងរបស់អ្នកគ្រប់គ្រងកិច្ចការរាជវាំងម៉ាឡេស៊ី លោកAhmad Fadil Shamsuddin មហាក្សត្រ និងមហាក្សត្រី ត្រូវបានគេធ្វើតេស្តរួចហើយ និងមានលទ្ធផលអវិជ្ជមាន។ នេះបានន័យថា ទ្រង់ទាំងពីរ មិនមាន COVID-19ឡើយ។ ប៉ុន្តែដើម្បីធានា និងការពារករណីឆ្លង ទ្រង់ បានដាក់ចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន។
ដោយឡែកសម្រាប់ស្ថានភាព អ្នកបម្រើរាជវាំងទាំង ៧នាក់នេះ មានស្ថានភាពល្អប្រសើរនៅឡើយទេ។ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia ពេលនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ី កំពុងស៊ើបអង្កេត ថាតើអ្នកទាំង ៧នាក់នោះឆ្លងមកពីណា។ ចំណែកអ្នកប៉ះជាមួយអ្នកជំងឺទាំងអស់នៅក្នុងរាជវាំង ត្រូវគេតម្រូវធ្វើតេស្តរកមើល COVID-19 ដែរ។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ម៉ាឡេស៊ី មានCOVID-19 សរុបចំនួន ១៧៩៦ករណី។ ក្នុងចំនួននេះ មានអ្នកស្លាប់ជាង២០កណី និងអ្នកជាសះស្បើយ ១៩៩ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com