COVID-19៖ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ទទូច​ឲ្យ​ពលរដ្ឋ​មកពី​បរទេស ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​
COVID-19
អន្តរជាតិ
COVID-19៖ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ទទូច​ឲ្យ​ពលរដ្ឋ​មកពី​បរទេស ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​
26, Mar 2020 , 5:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី​ សៀនឡុង។ រូបភាព៖ LIANHE ZAOBAO
នាយករដ្ឋមន្រ្តីសិង្ហបុរី លោក លី​ សៀនឡុង។ រូបភាព៖ LIANHE ZAOBAO
​នា​ថ្ងៃទី​២៥ ខែមីនា នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី​សៀន ឡុង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​សិង្ហ​បុរី​ទាំងអស់ ដែល​ទើប​ត្រលប់​មកពី​បរទេស ដាក់​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​សិន ដើម្បី​ការពារ​ក្រុមគ្រួសារ អ្នកដទៃ​ពី​ការឆ្លង​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ចំណែក​ប្រជាជន​ក្នុងស្រុក ក៏ត្រូវ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន​ដែរ ដើម្បី​ជៀសវាង​ការឆ្លង COVID-19​។


 
​តាម​ការសរសេរ​នៅលើ​បណ្តាញ​សង្គម Facebook លោក​លី សៀន​ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​ទើប​ត្រលប់​មកពី​បរទេស ស្នាក់​នៅផ្ទះ ឬ​ដា​ក់ច​ត្តា​ឡី​ស័ក​របស់ខ្លួន​សិន ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លងទៅ​អ្នកដទៃ ឬ​ក្រុមគ្រួសារ​របស់ខ្លួន​។ នេះ​ជា​វិធានការ​ថ្មី ដើម្បី​ដោះស្រាយ​ការកើនឡើង​ករណី​ឆ្លង​នៅ​សិង្ហ​បុរី​ដែល​ភាគច្រើន​បណ្ដាលមកពី​ពលរដ្ឋ​ត្រឡប់​ចូល​ប្រទេស​វិញ​។​
 
«​អ្នក​ត្រូវតែ​ការពារ​គ្រួសារ​របស់​អ្នក និង​អ្នក​ដទៃទៀត​។ បើសិន​បើ​អ្នក​ទៅ​ក្រៅ ហើយ​ឆ្លង COVID-19 ពេល​ត្រលប់មក​ផ្ទះ​វិញ មនុស្ស​មួយចំនួន នឹង​ឆ្លង​ជំងឺ​មួយ​នេះ​»​។ នេះ​ជា​សំណេរ​លើ Facebook របស់លោក លី ។ 
 
​ជាមួយគ្នា លោក លី ក៏​សរសើរ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​ទើបតែ​ត្រលប់​មកពី​បរទេស និង​ចេះដា​ក់ច​ត្តា​ឡី​ស័ក​របស់ខ្លួន​ដែរ ដែល​នេះ គឺជា​កាយវិការ​នៃ​ការទទួលខុសត្រូវ​រប​ស់​ប្រជាពលរដ្ឋ​។ យ៉ាងណាក៏ដោយ លោក​នៅតែ​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​សិង្ហ​បុរី​ទាំងអស់ ស្នាក់​នៅផ្ទះ ឬ​ដា​ក់ច​ត្តា​ឡី​ស័ក ក្នុងអំឡុងពេល​ប្រទេស​មាន​បញ្ហា​អាសន្ន បើ​មិន​ដូច្នោះ​ទេ អ្នក​ទាំងនោះ នឹងត្រូវ​ប្រឈមមុខ​ច្បាប់​។ 
 
​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​COVID-19 សិង្ហ​បុរី បាន​ចាត់វិធានការ​យ៉ាង​តឹងរ៉ឹង ដូចជា​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​ក្នុង​រយៈពេល ១៤​ថ្ងៃ និង​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​ប្រទេស​ជាដើម​។ ប្រសិនបើ​មាន​នរណា​បំពាន​បទបញ្ជា​នេះ អ្នក​ទាំងនោះ​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់​ជិត ៧​ពាន់​ដុល្លារ និង​អាច​ប្រឈម​នឹង​ជាប់ពន្ធនាគារ​រហូតដល់ ៦​ខែ​។​
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២៥ ខែមីនា សិង្ហ​បុរី បាន​រកឃើញ COVID-19 សរុប ៦៣១​ករណី​។ ក្នុង​ចំនួន​ជាង ៦០០​ករណីនេះ សិង្ហ​បុរី មាន​អ្នកស្លាប់ ២​ករណី និង​អ្នកជា​សះស្បើយ ១៦០​ករណី​៕ 

Tag:
 សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com