អន្តរជាតិ
ថៃ ព្រួយ​បារ​ម្ភ​ពី​គម្រោង​សាងសង់​ទំ​បន់​វា​រី​អគ្គិសនី​នៅ​ហ្លួងព្រះបាង​
27, Mar 2020 , 7:19 am        
រូបភាព
ឧបនាយករដ្ឋមន្រ្តីថៃ លោកPrawit Wongsuwon
ឧបនាយករដ្ឋមន្រ្តីថៃ លោកPrawit Wongsuwon
​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon នា​ថ្ងៃទី​២៥ ខែមីនា បានលើកឡើង​ពី​ការបារម្ភ ជុំវិញ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី នៅ​ហ្លួងព្រះបាង ប្រទេស​ឡាវ ដែល​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​ស្រក​ខុសពី​ធម្មតា និង​សភាព​ទឹក​មានការ​ប្រែប្រួល​។


 
​តាមរយៈ​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ទន្លេមេគង្គ​ថៃ បញ្ហា​ចម្រូងចម្រាស់​លើ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង ប្រទេស​ឡាវ ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​។ ថៃ​មិន​ពេញចិត្ត​ឡើយ​នឹង​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ទំហំ ១៤០០​មេ​ហ្គា​វ៉ា​ត់​នេះ  ព្រោះ​វា​បាន​បង្ក​ឲ្យ កម្រិត​ទឹកទន្លេ​មេគង្គ​នៅក្នុង​ប្រទេស​ថៃ ធ្លាក់ចុះ​ខុសពី​ធម្មតា​។ 
 
​ដោយ​មើលឃើញថា​ទំនប់​វា​រី​អគ្គិសនី បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ខ្លាំង គណៈកម្មាធិការ​ទន្លេមេគង្គ​ថៃ នឹង​បញ្ជូន​សេចក្តីសម្រេច​របស់ខ្លួន តាមរយៈ​ការិយាល័យ​ធនធានទឹក ទៅ​គណៈកម្មការ​ទន្លេមេគង្គ (MRC) ដើម្បី​បញ្ជាក់​ពី​ជំហរ​របស់​ថៃ​។ គណៈកម្មការ​ទន្លេមេគង្គ ត្រូវបាន​បង្កើតឡើង​រួមគ្នា​ដោយ​ប្រទេស​ចំនួន​៤ ដូចជា ឡាវ ថៃ កម្ពុជា និង​វៀតណាម​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon បាន​លើកឡើងថា ទន្លេមេគង្គ មិនមាន​ស្ថាន​ភាពល្អ​ឡើយ​ពេលនេះ ជាពិសេស​គឺ​កម្រិត​ទឹកទន្លេ គឺមាន​ការធ្លាក់ចុះ​យ៉ាងខ្លាំង ដែល​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ខេត្ត​ថៃ​ចំនួន ៨​ឯណោះ​។ ជាពិសេស​លោក Prawit បញ្ជាក់ថា ជំហរ​របស់​ថៃ គឺ​ស្ថិតនៅលើ​កិច្ច​សហប្រតិបត្តិ​អន្តរជាតិ ដើម្បី​ស្ថេរភាព​ទន្លេមេគង្គ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post​។​
 
​សូមបញ្ជាក់ថា ទំនប់​វា​រី​អគ្គិសនី​ហ្លួងព្រះបាង​នេះ នឹង​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅតាម​ទន្លេ​យ៉ាងខ្លាំង​ដូចជា កម្រិត​ទឹកធ្លាក់​ចុះ ទិន្នផល​ត្រី​មាន​តិចជាង​មុន ទឹកទន្លេ​ប្រែ​ពណ៌​ខុសពី​ធម្មតា​ជាដើម​៕ 

Tag:
 ឡាវ​
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com