COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​ខ្លះ បារម្ភ​ពី​ការបង់​ធនាគារ ជាង​ជំងឺ COVID-19
27, Mar 2020 , 8:59 am        
រូបភាព
​សៀមរាប​៖ រយៈពេល​ជិត​មួយខែ​មកហើយ ដែល​កម្ពុជា​ពើបប្រទះ​នឹង​វិបត្តិ​ខ្លះៗ ដោយសារ​ជំងឺ​កូ​វីដ​១៩​។ មួយខែ​មកនេះ ភ្ញៀវទេសចរ​ក៏​លែង​សូវ​មាន ពលរដ្ឋ​មួយចំនួន ក៏​លែង​សូវ​មាន​ចំណូល និង គ្មាន​ការងារ​ធ្វើ​ក៏មាន ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ចជាតិ​មួយផ្នែក រង​ផលប៉ះពាល់​។ ងាក​ទៅ​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​តំបន់​ប្រាសាទអង្គរវត្ត​វិញ ក៏​កំពុង​រងគ្រោះ​ដែរ​។ តូប​មួយចំនួនធំ ត្រូវបាន​បិទទ្វារ មនុស្ស​ក៏​លែង​ដើរ អ្នកខ្លះ​បង្ខំចិត្ត​ទ្រាំ​បើក​តូប​លក់ ដោយ​រំពឹងថា​បាន​ចំណូល​ខ្លះ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ក្រុមអាជីវករ​ទាំងនោះ​ក៏​ចង់​បិទ​តូច​សម្រាក​ដែរ តែ​បារម្ភ​ខ្លាច​គ្មាន​លុយ​បង់​ធនាគារ ជាង​ការបារម្ភ​ពី​ជំងឺ​កូ​វីដ​-១៩ ទៅទៀត​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖


 
​ជា​ខេត្ត​ទេសចរណ៍ ធ្លាប់​តែមាន​មនុស្ស​អ៊ូអរ​នៅតាម​ប្រាសាទ ប្រែជា​ស្ងប់ស្ងាត់ និង​ឮ​តែ​សំឡេង​ធម្មជាតិ​ទួញ​ថ្ងួ​រ​។ គ្មាន​ឡើយ​សំឡេង​មគ្គុទ្ទេសក៍​ដែល​ធ្លាប់​និយាយ​ពន្យល់​ភ្ញៀវ​ឲ្យ​ដឹង​ពី​ប្រវត្តិ និង​តម្លៃ​ជា​អច្ឆរិយ​នៃ​សំណង់​ប្រាសាទ ជំនួស​ដោយ​សំឡេង​ចាប​យំ​ល្វើយៗ​ពី​ដើមឈើ​ធំៗ​ជុំវិញ​។​
 
​ម៉ោងជាង​១០​ទៅហើយ ធ្លាប់តែ​មនុស្ស​ចេញចូល​អ៊ូអរ​រក​ម្ហូបអាហារ​ហូប​ក្រោយ​ហត់នឿយ​ដើរ​កម្សាន្ត តូប​លក់ដូរ​មុខ​ប្រាសាទអង្គរវត្ត ធ្លាប់​ល្បី​មាន់​អាំង​ឈ្ងុយឆ្ងាញ់ ក៏មាន​ស្ថានភាព​ស្ងាត់​ដែរ​។ អ្នកលក់​មាន​ពេល​ជុំគ្នា ជជែក​រឿង​ពីនេះ​ពី​នោះ ក្នុង​បរិយាកាស​ដែល​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​សំងំ​នៅតែ​ក្នុងផ្ទះ​។ 
 
​អ្នកស្រី ទី សា​មិ​ត ជា​អ្នកលក់​បាយ​សម្ល​មាន់​អាំង​មួយរូប​បាន​និយាយថា ការលក់ដូរ​របស់​អ្នកស្រី​ស្ងប់ស្ងាត់ និង​លក់​មិន​ដាច់​នេះ​ប្រមាណ​១​ខែ​មកហើយ ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​អ្នកស្រី សា​មិ​ត ពិសេស​គឺ​ការប្រឈមមុខ​គ្មាន​លុយ​បង់​ធនាគារ​។ អ្នកស្រី​ប្រាប់ថា​៖« ប៉ះពាល់​ធ្ងន់ធ្ងរ ព្រោះថា​រាល់ថ្ងៃ​មានតែ​ចំណាយ បញ្ហា​ខ្លាំង​គឺ​ធនាគារ បើ​អាច​សុំ​ឲ្យ​ធនាគារ​អាច​ពន្យារពេល​បន្ដិច ព្រោះថា​ការលក់​រាល់ថ្ងៃ​ខាត​ជាន់​ខាត ចំណាយ​ទិញ​របស់​មក​លក់ ធ្វើ​លក់​មិន​ដាច់ សល់​ចោល​...»​។​


 
​បើទោះបីជា​មិនសូវមាន​អតិថិជន​ក៏ដោយ តែ​អ្នកស្រី សា​មិ​ត បន្ត​បើក​តូប​តាមបែប​ផ្សងសំណាង ដោយ​រំពឹងថា​អាចមាន​ភ្ញៀវ​នៅពេល​ណាមួយ​។ ការ​ផ្សងសំណាង កំពុង​ធ្វើ​ឲ្យ​អ្នកស្រី សា​មិ​ត ប្រឈមមុខ​ទៅនឹង​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​។ តែ​ជំងឺ​កាច​សាហាវ មិនបាន​ធ្វើ​ឲ្យ​អ្នកលក់​ម្ហូប​បាយ​នៅមុខ​អង្គរវត្ត​ជិត​១០​ឆ្នាំ​មកនេះ​ខ្លាចរអា​ខ្លាំង​ទេ តែ​អ្វីដែល​អ្នកស្រី​កំពុង​ភ័យខ្លាច​នៅពេលនេះ គឺ​គ្មាន​លុយ​បង់​ធនាគារ​។ អ្នកស្រី សា​មិ​ត ត្រូវ​បង់​ធនាគារ​ដែល​ត្រូវ​សង​ប្រមាណ​៣​ឆ្នាំ​ទៅមុខទៀត​ចំនួន​៤០០​ដុល្លារ​ជាប្រចាំ​ខែ​។ និយាយ​ដោយ​ទឹកមុខ​ស្រពោន និង​គិត​ទៅ​ឆ្ងាយ ស្ដ្រី​វ័យ​ខ្ទង់​៤០​ឆ្នាំ​រូបនេះ ចង់​ឲ្យ​ធនាគារ​ក៏ដូចជា​អង្គ​ការផ្តល់​ប្រាក់កម្ចី​ទាំងអស់ អាច​បន្ថយ​ការបង់​ជាប្រចាំ​ខែ​ក្នុង​កាលៈទេសៈ​នេះ ហើយ​ចាំ​បង់​បង្គ្រប់​ក្រោយ​ស្ថានការណ៍​ស្ងប់ស្ងាត់​ទៅវិញ​។​
 
​ងាក​ទៅ​មើល​ការលក់ដូរ​របស់​អ្នកស្រី មុំ វិញ​ក៏​មិន​ខុសគ្នា​ដែរ​។ មាន​រទេះ​មួយ​ទុក​ឥ​វ៉ាន់​ដូចជា​មួក ខ្សែដៃ វែ​នតា​យ៉ាង​សន្ធឹក ថ្ងៃ​ខ្លះ​អ្នកស្រី មុំ លក់​មិនបាន​លុយ​១​ម៉ឺន​រៀល​ទៅផ្ទះ​ផង ដែល​ខុសពី​ពេលមុនៗ​ក្នុង​មួយថ្ងៃ​លក់បាន​ខ្ទង់​២០​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​។ ចំណូល​ទាំងនេះ​មិនអាច​ឲ្យ​ស្ដ្រី​ដែលមាន​កូន​៣​នាក់​ក្នុងបន្ទុក​ចាយវាយ​គ្រប់គ្រាន់​ឡើយ​។ ដោយសារ​ស្ថានការណ៍​នេះ ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី មុំ ខ្វះមុខខ្វះក្រោយ និង​គ្មាន​លុយ​ទិញ​ម្ហូប​នៅ​ផ្សារ​ក៏មាន​។ កាលៈទេសៈ​នេះ ទោះ​ថ្ងៃ​ខ្លះ​លក់ដាច់​ឬ​មិន​ដាច់ ក៏​អ្នកស្រី មុំ ត្រូវ​អូស​រទេះ និង​រៀបចំ​ឥ​វ៉ាន់​លក់ដូរ​ដែរ ព្រោះ​បញ្ហា​ប្រឈម​កំពុង​នៅ​ពីមុខ​ទាំង​ការចំណាយ​ក្នុងផ្ទះ និង​ត្រូវ​បង់​ធនាគារ​មួយខែ​២០០​ដុល្លារ​។​


 
​រីឯ​តូច​លក់​មីឆា និង​ភេសជ្ជៈ​របស់​អ្នកស្រី ទី សា​ម៉ែន ដែល​នៅក្រោម​ម្លប់ឈើ​មួយទៀត​ក្បែរ​កន្លែង​អ្នកស្រី មុំ មា​នស​ភាពមិន​ខុសគ្នា​ដែរ​។ អ្នក​ទាំង​២​កំពុង​ជជែក​ពី​កង្វល់​រឿង​ជំងឺឆ្លង​ប្រភេទ​ថ្មី និង​កង្វល់​គ្មាន​ចំណូល​ចូល​ផ្ទះ​ក្នុង​រដូវ​នេះ​មុន​អ្នកសារព័ត៌មាន​ទៅដល់​បន្ដិច​។ បន្ត​ជជែក​ជាមួយ​អ្នកសារព័ត៌មាន​ពី​បញ្ហា​នេះ អ្នកស្រី សា​ម៉ែន រៀបរាប់ថា មកដល់​ម៉ោង​១០​ព្រឹក​ទៅហើយ​អ្នកស្រី​ទើប​លក់​ទឹក​សុទ្ធ​បាន​លុយ​៥០០​រៀល​តែប៉ុណ្ណោះ ខុសពី​មុនៗ​ដែល​លក់​គ្មាន​ពេល​សម្រាក​ផង​។ អត់​មាន​ប្រាក់​ចាយវាយ​ក្នុងផ្ទះ​ម្យ៉ាង តែ​បញ្ហា​ធំ គឺ​អ្នកស្រី​នៅ​បារម្ភ​គ្មាន​ប្រា​ក់បង់​ធនាគារ​ដែល​អ្នកស្រី​ត្រូវ​បង់​ជាង​២០០​ដុល្លារ​ក្នុង​មួយខែ​។​
 
​បើទោះបីជា​តូប​លក់ដូរ​ជាច្រើន​បាន​បិទទ្វារ​ដោយសារ​បារម្ភ​ឆ្លង​ជំងឺ​ក្ដី តែ​អ្នកស្រី សា​ម៉ែន បន្ត​លក់ដូរ​ធម្មតា​។ អ្នកស្រី​ប្រាប់ថា​៖« គំនិត​ខ្ញុំ បើ​នៅផ្ទះ​មិនដឹង​មានអី​ហូប ចឹ​ង​ចេះតែ​មក​លក់​លេងៗ ថ្ងៃ​ខ្លះ​បាន​១​ម៉ឺន ២​ម៉ឺន គ្រាន់តែ​ទិញ​អង្ករ ម្ហូប​...​តែ​លក់​យូរ​អស់ទាំង​លុយ​ទាំង​ឥ​វ៉ាន់​...​សុំ​ឲ្យ​អង្គការ​ទាំងអស់​យោគយល់ យើង​សុទ្ធតែ​មិន​ចង់​អ៊ីចឹង​ទេ ខ្ញុំ​សង្ឃឹមលើ​អង្គរវត្ត តែបើ​អង្គរ​អត់​ភ្ញៀវ លក់​អត់​បាន សំណូមពរ​បើ​អាច​ពន្យារពេល​ជួយ​ពន្យារ​ផង​»​។​
 
​ភាពស្ងប់ស្ងាត់​គ្មាន​មនុស្ស​ដើរ​ដោយ​បារម្ភ​ខ្លាច​ជំងឺឆ្លង​នៅពេលនេះ ក៏​ធ្វើ​ឲ្យ​អ្នកស្រី ឃុ​ត សុខា ងឿងឆ្ងល់​ដែរ​។ ជា​អ្នកលក់​បាយ​ម្ហូប​មុខ​អង្គរវត្ត​ជិត​២០ និង​បាន​ជួប​ស្ថានការណ៍​ប្រហាក់ប្រហែល​នេះ​ច្រើនលើក អ្នកស្រី សុខា ថា​មិនដែល​ឃើញ​អង្គរវត្ត​គ្មាន​មនុស្ស​ដើរ​ដូច្នេះ​ទេ​។ «​មិនដែល​ជួប​ស្ថានការណ៍​បែបនេះ​ទេ កាល​មុន​មាន​ជំងឺ​ដែរ តែ​មិន​ដល់​ថ្នាក់​នេះ​ទេ ដូចជា​កាល​មាន​ជំងឺអេដស៍ ជំងឺសារ និង​ជំងឺផ្ដាសាយបក្សី តែ​ជំងឺ​នេះ​គឺ​ស្ងាត់​សូន្យ​តែម្ដង​»​។ អ្នកស្រី សុខា បន្ថែម​។​
 
​អ្នកស្រី សុខា បង្ហាញ​ពី​គោលជំហរ​របស់​អ្នកស្រី​ក្នុង​កាលៈទេសៈ​នេះ​យ៉ាង​ដូច្នេះ​ថា​៖ «​ទោះ​ស្ថានការណ៍​បែបនេះ ក៏​មិន​ព្រម​ទៅណា​ដែរ ជីវភាព​យើង​មានតែ​ប៉ុណ្ណឹង តែ​លក់​រាល់ថ្ងៃនេះ​ខាត​ច្រើន បុគ្គលិក​៥​នាក់ មួយថ្ងៃ​១៥,០០០​រៀល មិនដឹង​ឲ្យ​គ្នា​ទៅណា​»៕










 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com