COVID-19
ជាតិ
អ្នកនាំពាក្យបញ្ជាក់បន្ថែមករណីឥណ្ឌូណេស៊ី២នាក់ដែលតេស្តវិជ្ជមាននៅថៃ ហើយជិះមកព្យាបាលនៅសៀមរាប លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
× លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបកស្រាយប្រាប់អ្នកសារព័ត៌មានតាមបណ្តាញសង្គម Telegram បន្ថែមលើករណីអ្នកផ្ទុក COVID-19 ឥណ្ឌូណេស៊ី ២នាក់ ដែលតេស្តវិជ្ជមាននៅពេទ្យផាយ៉ាថៃ ក្រុងបាងកក តែក្រោយមកបានធ្វើដំណើរមកព្យាបាលនៅខេត្តសៀមរាប។
ក្រោមហេតុផលមិនមានថវិកាបង់ថ្លៃពេទ្យថៃ ទើបបុរសឥណ្ឌូណេស៊ី២នាក់ បានធ្វើដំណើរមកព្យាបាលជំងឺ COVID-19 នៅខេត្តសៀមរាប ដោយសារដឹងថា រដ្ឋាភិបាលកម្ពុជា មិនយកកម្រៃលើសេវាព្យាបាលទាំងជនជាតិខ្មែរ និងបរទេស។
«យើងដឹងហើយថៃ មិនមែនមើលទទេនោះទេ ដោយតម្រូវឲ្យបង់លុយ ខ្ញុំមិនដឹងប៉ុន្មាននោះទេ ប៉ុន្តែបើតាមការប្រកាសរបស់ថៃ ជនបរទេសទាល់តែមានធានារ៉ាប់រងសុខភាពរហូតទៅដល់១០ម៉ឺនដុល្លារឯណោះ។ ដោយសារអត់មានលុយ ឥណ្ឌូណេស៊ីទាំងពីរក៏ធ្វើដំណើរទៅសៀមរាប ដោយសារឮថា ស្រុកខ្មែរអត់យកលុយកាក់»។ នេះជាការពន្យល់ របស់លោកស្រី ឱ វណ្ណឌីន។
អ្នកនាំពាក្យរូបនេះ បានឆ្លើយឆ្លងទៅកាន់អ្នកសារព័ត៌មានទាំងម៉ោង១២យប់ ថា ពេលធ្វើដំណើរឆ្លងកាត់កម្ពុជា ជនជាតិឥណ្ឌូណេស៊ីទាំងពីរមិនមានរោគសញ្ញាអ្វីដែលគួរឲ្យកត់សម្គាល់នោះឡើយ ជាពិសេសកំដៅខ្លួន ដោយមិនដឹងថា ពួកគេលេបថ្នាំ ឬយ៉ាងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា ករណីឆ្លងបន្តអាចមានកម្រិតទាប ដោយសារតែអ្នកជំងឺទាំងពីរនោះ បានម៉ៅតាក់ស៊ីផ្តាច់ពីព្រំដែនអន្តរជាតិប៉ោយប៉ែត ទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។
«យើងឃើញតែអ្នកបើកតាក់ស៊ីម្នាក់ប៉ុណ្ណោះដែលបានប៉ះពាល់ផ្ទាល់ មិនមានអ្នកផ្សេងនោះឡើយ ហើយបច្ចុប្បន្ន អ្នករត់តាក់ស៊ីរូបនោះ កំពុងរង់ចាំលទ្ធផលតេស្ត»។ លោកស្រី ឪ វណ្ណឌីន បានរៀបរាប់យ៉ាងដូច្នេះ ដោយសន្យាផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតលើករណីនេះ ហើយបច្ចុប្បន្នអ្នកជំងឺឥណ្ឌូណេស៊ីទាំងពីរសម្រាកព្យាបាលនៅពេទ្យខេត្តសៀមរាប។
ករណីជនជាតិឥណ្ឌូណេស៊ីទាំងពីរនេះ បាននាំឲ្យខេត្តសៀមរាប កើនដល់៥ករណី បន្ថែមពីលើបុរសជនជាតិខ្មែរ៣នាក់។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានប្រកាសពីករណីចត្តាឡីស័កមនុស្ស៣៤០នាក់ រយៈពេល១៤ថ្ងៃ ដោយសារតែពួកគេធ្លាប់មានទំនាក់ទំនងដោយប្រយោលជាមួយទេសចរបារាំងប្រមាណ៣០នាក់ ដែលមានតេស្តវិជ្ជមាន COVID-19 ពេលទៅដល់ខេត្តព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com