សភា​អាមេរិក អនុម័ត​កញ្ចប់​ជំនួយ COVID-19 ទំហំ​២,២​ទ្រី​លាន​ដុល្លារ​
COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​អាមេរិក អនុម័ត​កញ្ចប់​ជំនួយ COVID-19 ទំហំ​២,២​ទ្រី​លាន​ដុល្លារ​
28, Mar 2020 , 4:59 pm        
រូបភាព
លោកស្រីប្រធានសភាតំណាងអាមេរិក ណាន់ស៊ី ផេឡុស៊ី (កណ្ដាល) ក្រោយសភាអនុម័តកញ្ចប់ជំនួយ COVID-19 ទំហំ២,២ទ្រីលានដុល្លារ កាលពីថ្ងៃ២៧ ខែមីនា ២០២០ - រូប៖ Reuters
លោកស្រីប្រធានសភាតំណាងអាមេរិក ណាន់ស៊ី ផេឡុស៊ី (កណ្ដាល) ក្រោយសភាអនុម័តកញ្ចប់ជំនួយ COVID-19 ទំហំ២,២ទ្រីលានដុល្លារ កាលពីថ្ងៃ២៧ ខែមីនា ២០២០ - រូប៖ Reuters
 ​សភា​តំណាង​អាមេរិក នៅ​ថ្ងៃ​សុក្រ ២៧ ខែមីនា បានសម្រេច​អនុម័ត​កញ្ចប់​ជំនួយ​ប្រមាណ ២,២​ទ្រី​លាន​ដុល្លារ ដែល​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ងា​មេ​រិ​ក ។ គោលដៅ​នៃ​សំណើ​ច្បាប់​នេះ គឺ​ដើម្បី​ជួយ​ប្រជាជន និង​អាជីវកម្ម​ទប់ទល់​នឹង​ការដាំ​ក្បាល​ចុះ​នៃ​សេដ្ឋកិច្ច បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​សាកល COVID-19 ។ ទន្ទឹមនេះ លុយរាប់​ពាន់​លាន​ដុល្លារ ក៏​នឹង​ផ្ដល់​សម្រាប់​វិស័យ​សុខាភិបាល​ដែល​នៅ​ជួរមុខ​ទប់ទល់​នឹង​ការរីក​រាលដាល​វីរុស​នេះ​ផងដែរ​។

 
​ថ្លែង​អំឡុង​ការតស៊ូ​មតិ​បិទទ្វារ​រយៈពេល​៣​ម៉ោង នៅ​សភា​តំណាង  លោកស្រី ណាន់​ស៊ី ផេ​ឡូ​ស៊ី ប្រធានសភា​តំណាង បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រជាជាតិ​យើង ប្រឈម​នឹង​អាសន្ន​សុខាភិបាល​និង​សេដ្ឋកិច្ច ដោយសារ​ជំងឺ​រាតត្បាត​សាកល COVID-19 ដែលជា​ជំងឺ​រាតត្បាត​សាកល​អាក្រក់​បំផុត​ក្នុង​រយៈពេល ១០០​ចុងក្រោយ​»​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កញ្ចប់​ជំនួយ ២,២ ទ្រី​លាន​ដុល្លារ​នេះ គឺ​រាប់បញ្ចូល លុយ​៥០០​ពាន់​លាន​ដុល្លារ​ដែល​នឹង​ប្រើ​ជួយ​ដល់​ឧស្សាហកម្ម​រងគ្រោះ​បំផុត និង​លុយ​២៩០​ពាន់​លាន​ដុល្លារ​ទៀត ដែល​នឹង​ប្រើ​ជា​ជំនួយ​សាច់ប្រាក់​រហូតដល់​៣០០០​ដុល្លារ​សម្រាប់​ប្រជាជន​អាមេរិក​រាប់លាន​គ្រួសារ​។ 
 
​បន្ថែម​ពីនេះ លុយ ៣៥០​ពាន់​លាន​ដុល្លារ ផ្សេងទៀត នឹង​ប្រើ​ជា​លុយ​កម្ចី​សម្រាប់​អាជីវកម្ម​ខ្នាតតូច​។ លុយ ២៥០​ពាន់​លាន​ដុល្លារ នឹង​ប្រើ​ជា​លុយ​ជំនួយ​សម្រាប់​អ្នក​អត់​ការងារ​ធ្វើ ហើយ​យ៉ាងតិចណាស់ ១០០​ពាន់​លាន​ដុល្លារ នឹង​ផ្ដល់ជូន​ដល់​មន្ទីរពេទ្យ និង​ប្រព័ន្ធ​សុខាភិបាល​ដែល​ពាក់ព័ន្ធ​។ 
 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ត្រូវបាន​គេ​រំពឹងថា​នឹង​ចុះហត្ថលេខា​ទៅជា​ច្បាប់​ដោយ​គ្មាន​បង្អង់​យូរ​ឡើយ​។ ព្រឹទ្ធសភា​អាមេរិក បាន​អនុវត្ត​សំណើ​ច្បាប់​ជំនួយ COVID-19 ចំនួន​២,២ ទ្រី​លាន​ដុល្លារ ដោយ​ឯកច្ឆ័ន្ទ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃ​សៅរ៍ ទី​២៨ ខែមីនា សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​COVID-19 ចំនួន ជាង​១០​ម៉ឺន​ករណី​ហើយ ក្នុងនោះ​អ្នកជំងឺ​ជិត​២៥០០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់​ធរ​។ ចំណែក អ្នកស្លាប់ មាន ១៧០៤​នាក់ ហើយ​ជាសះស្បើយ​មាន​២៥២៥​នាក់ ។ ហើយ​យ៉ាងហោចណាស់ សមាជិកសភា​អាមេរិក ៣​នាក់ មាន​លទ្ធផល​តេស្ត COVID-19 វិជ្ជមាន ហើយ​មួយចំនួនទៀត បានធ្វើ​ច​ត្តា​ឡី​ស័ក​ខ្លួនឯង​ដើម្បី​បន្ថយ​ការ​រាលដាល​៕
 
 

Tag:
 សហរដ្ឋអាមេរិក​
  COVID-19
  កញ្ចប់​ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com