COVID-19
អន្តរជាតិ
COVID-19៖ អ្នកស្លាប់​នៅ​អ៊ីតាលី​លើស​១​ម៉ឺន​នាក់ ខណៈ​អាមេរិក​លើស​២​ពាន់​នាក់​
29, Mar 2020 , 9:17 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ស្តាំ) និងនាយករដ្ឋមន្ត្រីអ៊ិតាលី Guiseppe Conte កាលពីជំនួបនាពេលកន្លងទៅ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (ស្តាំ) និងនាយករដ្ឋមន្ត្រីអ៊ិតាលី Guiseppe Conte កាលពីជំនួបនាពេលកន្លងទៅ
ដោយ:
ករណី​ស្លាប់​សរុប​ដោយសារ​ជំងឺ​ផ្លូវដង្ហើម COVID-19 នៅ​ប្រទេស អ៊ីតាលី ឡើង​លើស​១​ម៉ឺន​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ២៨ ខែមីនា ក្រោយ​រកឃើញ​ករណី​ស្លាប់​ថ្មី ៨៨៩​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។



​ជា​ប្រទេស​ដែល​អ្នកស្លាប់​ដោយសារ COVID-19 ច្រើន​បំផុត​លើ​ពិភពលោក អ្នកស្លាប់​នៅ​អ៊ីតាលី មាន​ដល់ ១០០២៣​នាក់​។ ដោយ​បន្ថែម​តួលេខ​ឆ្លង​ថ្មី ជិត​៦​ពាន់​នាក់​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ ករណី​ឆ្លង​សរុប​នៅ​ប្រទេស​នៅ​ប៉ែក​អ៊ឺរ៉ុប​នេះ ឈានដល់ ៩២៤៧២​នាក់​ហើយ ចាប់តាំងពី​វិបត្តិ​នេះ​បាន​ផ្ទុះឡើង​កាលពី​ខែ​មុន​។

​ក្រឡេក​ទៅ​មើល​សហរដ្ឋអាមេរិក​វិញ អ្នកស្លាប់​នៅ​ប្រទេស​នេះ បាន​កើន​លើស​២​ពាន់​ហើយ គិត​ត្រឹម​ថ្ងៃ​សៅរ៍ ២៨ ខែមីនា ដែល​កើនឡើង​ទ្វេដង​ក្នុងពេល​៣​ថ្ងៃ​ចុងក្រោយ​។ នេះ​បើតាម​ការរាប់​របស់​សាកលវិទ្យាល័យ Johns Hopkins ដែល​ដកស្រង់​ចុះផ្សាយ​ដោយ AFP ។  ចំណែក​ករណី​ឆ្លង COVID-19 សរុប​នៅ​អាមេរិក ឡើងដល់ ១២១ ០០០​ករណី​ហើយ ។

​ក្នុងចំណោម​អ្នកស្លាប់​២០១០​នាក់​ក្នុង​សហរដ្ឋអាមេរិក ១​ភាគ​៣​នៃ​ជនរងគ្រោះ គឺ​ស្ថិតក្នុង​ទីក្រុង ញូវយ៉ក ដែលជា​តំបន់​រងគ្រោះ​ខ្លាំង​បំផុត​។ នេះ​បើតាម​សាកលវិទ្យាល័យ Johns Hopkins ដោយ​បន្ថែមទៀតថា ក្រុង​ញូវយ៉ក់ មាន​ករណី​ឆ្លង​សរុប ៥២០០០​ករណី ហើយ​អ្នកស្លាប់ ៥១៧​នាក់​៕




Tag:
 សហរដ្ឋអាមេរិក​
  អ៊ីតាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com