COVID-19
ជាតិ
សង្គមជាតិ
ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​សៀមរាប​ស្នើឱ្យ​អ្នកលក់​ម៉ាស​និង​ទឹក​អាល់កុល​គិតពី​សីលធម៌​សង្គម​
29, Mar 2020 , 4:59 pm        
រូបភាព
សៀមរាប​៖ រដ្ឋាភិបាល​កម្ពុជា បានប្រកាស​ឱ្យ​អាជីវករ​ទាំងអស់​កុំ​ដំឡើងថ្លៃ​ម៉ាស ខណៈដែល​ប្រជាពលរដ្ឋ​កំពុងមាន​តម្រូវការ​ខ្ពស់​។ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ក៏​យកចិត្តទុកដាក់​លើ​ការងារ​នេះដែរ ដោយបាន​ចុះ​ពិនិត្យ និង​ណែនាំ​ឱ្យ​អាជីវករ​លក់ដូរ​ឱ្យបាន​ត្រឹមត្រូវ មិនត្រូវ​ឆ្លៀត​តម្លើងថ្លៃ​ទំនិញ​ណាមួយ​ទេ​។ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ទទួលស្គាល់ថា​ពិតជា​មាន​អ្នក​ឆ្លៀតឱកាស និង​ស្នើឱ្យ​អ្នកលក់​ទាំងនោះ គិតពី​សីលធម៌ និង​រួមចំណែក​ជួយ​សង្គម​ក្នុង​កាលៈទេសៈ​នេះ​។​

 
​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប លោក ភឿន គឹម​លី បាន​ប្រាប់​សារព័ត៌មាន​តាម​ទូរ​សព្ទ​ នៅ​រសៀល​ថ្ងៃទី​២៨ មីនា​ថា យ៉ាងហោចណាស់​មាន​ឱសថស្ថាន​៤​កន្លែង ដែល​ជំនាញ​បាន​ដកហូត​​អាល់កុល​ដោយ​សង្ស័យថា ជា​ទឹក​អាល់កុល​ក្លែងក្លាយ ឬ​គ្មាន​គុណភាព​។ បន្ថែម​ពីនេះ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ ត​ក៏បាន​រកឃើញ​ទីតាំង​លក់​ម៉ាស​មួយចំនួន​ដែល​លក់​ក្នុងតម្លៃ​ខ្ពស់​ផងដែរ​។ 
 
​លោក ភឿន គឹម​លី បន្ថែមទៀតថា​៖« កន្លងមក​យើង​បានចេញ​លិខិត​សុំ​កុំឱ្យដំឡើង​ថ្លៃ​រួចហើយ គ្រប់គ្នា​សំណូមពរ​កុំឱ្យ​ឡើងថ្លៃ​រួចហើយ​...​គំនិត​ខ្ញុំ អ្នកប្រើប្រាស់​គួរ​ជួយ​មួយចំណែក​ដែរ ទី​១ គួរ​ជ្រើសរើស​លទ្ធភាព​ប្រើប្រាស់​របស់​ផ្សេង​ជំនួស ដូចជា​ក្រមា ឬ​ការកែច្នៃ​អ្វី​ផ្សេង មួយទៀត កន្លែង​ណា​លក់​ដំឡើងថ្លៃ ខុសពី​តម្លៃ​ដែល​យើង​ធ្លាប់​ទិញ​កន្លង គួរ​ឈប់​ទិញ​ទៀត​ថ្ងៃក្រោយ​...​ទោះ​យើង​គ្មាន​ច្បាប់​ចាប់​ដាក់គុក តែ​អ្នកលក់​គួរ​មាន​សីលធម៌​ទទួលខុសត្រូវ ត្រូវមាន​ភាពស្មោះត្រង់ និង​ការគោរព​គ្នា​ទៅវិញទៅមក​»៕
 
​សូម​ស្ដាប់​ការលើកឡើង​របស់លោក ភឿន គឹម​លី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​រសៀល​ថ្ងៃទី​២៨ មីនា ដូចតទៅ​
 
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com