COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Rustu អតីត​អ្នកចាំទី Barca និង​តួ​ក​គី ឆ្លង COVID-19 និង​ឈានដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​
30, Mar 2020 , 12:07 pm        
រូបភាព
Rustu Recber អតីត​អ្នកចាំទី Barcelona និង​ជម្រើសជាតិ​តួ​ក​គី ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​បន្ទាប់ពី​បានធ្វើ​តេស្ត​រកឃើញ COVID-19 និង​កំពុង​ស្ថិតក្នុង ដំណាក់កាល​ធ្ងន់ធ្ងរ​។ នេះ​បើតាម​ការអះអាង​របស់​ភរិយា Rustu នាង Isil នៅ​ថ្ងៃទី​២៨ ខែមីនា​។​


 
«​ខ្ញុំ​បាន​នាំ​ប្តី​ខ្ញុំ Rustu ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើតេស្ត​រក​ជំងឺ​កូ​វីដ​-១៩​។ អំឡុងពេល​មាន​សភាព​ធម្មតា​នៃ​ជំងឺ តែ​យើង​មានការ​តក់ស្លុត​ចំពោះ​រោគសញ្ញា និង​កំពុង​វិ​វត្ត​ទៅមុខ​«​។ នាង Isil Recber សរសេរ​លើ​បណ្តាញ​សង្គម Instagram ដូច្នេះ ដោយ​នាង​បន្ថែមថា​ខ្លួន និង​កូន​ពីរ​នាក់​ទៀត​សុទ្ធតែ​តេស្ត​ចេញ​លទ្ធផល​អវិជ្ជមាន​។​
 
​បើតាម​ការលើកឡើងរ​បស់​ភរិយា Rustu បាន​បញ្ចេញ​ភាព​តក់ស្លុត និង​ឈានដល់​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី ហើយ​ត្រូវដាក់​ក្នុង​បន្ទប់​ដាច់ដោយឡែក​ឆ្ងាយ​ពី​គេ និង​មិនត្រូវ​ឲ្យ​អ្នកណា​ចូល​សួរសុខទុក្ខ​ឡើយ​។ ហើយ​ដោយសារ​មូលហេតុ​នេះ នាង Isil Recber ព្រមទាំង​កូនៗ​ដែល​អវិជ្ជមាន ត្រូវ​បន្ត​ស្នាក់​នៅផ្ទះ​និង​ស្ថិតក្រោម​ការតាមដាន​ជា​បន្ត​។​
 
Rustu វ័យ​៤៦​ឆ្នាំ បាន​ចំណាយពេល​ក្នុង​អាជីព​ជា​អ្នកចាំទី​នៅ​ក្លិប​ក្នុងស្រុក Fenerbahce, Besiktas រួមទាំង​រួមរស់​ជាមួយ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona រយៈពេល​៣​រដូវ​ឆ្នាំ​។ នៅ Barca ៣​រដូវ​កាល Rustu បង្ហាញខ្លួន​បានតែ​៧​ប្រកួត​ប៉ុណ្ណោះ​។​
 
​អតីត​អ្នកចាំទី​តួ​ក​គី​រូបនេះ លេង​ឲ្យ​ជម្រើសជាតិ​បាន​ចំនួន​១២០​ប្រកួត ព្រមទាំង​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០០២​។ រហូតដល់​វ័យ​៣៩​ឆ្នាំ Rustu បានប្រកាស​ចូលនិវត្តន៍​តែម្តង​ពោលគឺ​នៅ​ឆ្នាំ​២០១២​។​
 
​រហូតមកដល់​ពេលនេះ តួ​ក​គី​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ ជាង​៩​ពាន់​នាក់ ស្លាប់​ជាង​១០០​នាក់ ខណៈ​ស្លាប់​ក៏​លើសពី​១០០​នាក់​ផងដែរ​។ ដោយឡែក​នៅ​ជុំវិញ​ពិភពលោក បាន​កើន​អ្នកស្លាប់​ដល់​ជាង​៣​ម៉ឺន​នាក់ ឆ្លង​ជាង​៧​សែន​ករណី និង​សះស្បើយ​ជាង​១៥​ម៉ឺន​នាក់​៕

Tag:
 COVID-19
  Rustu Recber
© រក្សាសិទ្ធិដោយ thmeythmey.com