COVID-19៖ អ្នក​សះស្បើយ​ជនជាតិ​អង់គ្លេស និង​បារាំង មិន​ភ្លេចគុណ​ពេទ្យ​ខ្មែរ​
COVID-19
ជាតិ
COVID-19៖ អ្នក​សះស្បើយ​ជនជាតិ​អង់គ្លេស និង​បារាំង មិន​ភ្លេចគុណ​ពេទ្យ​ខ្មែរ​
30, Mar 2020 , 10:39 pm        
រូបភាព
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០ នេះ កម្ពុជា មាន​អ្នក​ឆ្លង COVID-19 ចំនួន​១០៧​នាក់ ក្នុងនោះ​មាន​២៣​នាក់​ត្រូវបាន​ព្យាបាល​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ចំនួន​សះស្បើយ​ស្មើនឹង​២១,៥​ភាគរយ​ក្នុងចំណោម​អ្នក​ដែល​ផ្ទុក COVID-19 នៅ​កម្ពុជា ដែល​នេះ​សញ្ញា​វិជ្ជមាន កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមគ្រូពេទ្យ​ខ្មែរ​។​

 
​កាលពី​ម្សិលមិញ ក្រសួងសុខាភិបាល បានប្រកាស​ពី​ករណី​សះស្បើយ​ចំនួន​៨​ករណី ដែល​ក្នុងនោះ​មាន​ជនជាតិ​អង់គ្លេស​២​នាក់​ប្តី​ប្រពន្ធ​ពី​នាវា Viking Cruise Journey នៅ​កំពង់ចាម ដែល​សម្រាក​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី រួមជាមួយ​ជនជាតិ​បារាំង​១​នាក់ ខ្មែរ​២​នាក់​នៅ​ភ្នំពេញ និង​ម្នាក់ៗ​នៅ​បាត់ដំបង កំពង់ឆ្នាំង និង​ព្រះវិហារ​។​
 
​ថ្លែង​ក្នុង​បទ​សម្ភាស​ដែល​ផ្សាយ​ផ្ទាល់​ដោយ BTV ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​៦៩​ឆ្នាំ​មួយរូប បាន​សរសើរ​ក្រុមគ្រូពេទ្យ​កម្ពុជា ដែល​បាន​ព្យាបាល​អ្នកស្រី​ឲ្ជា​សះស្បើយ​ពី​ជំងឺ COVID-19 នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ «​លើក ក្រោយ យើង​នឹង​មក​(​កម្ពុជា​)​ម្ដងទៀត​។ វេជ្ជបណ្ឌិត និង​អ្នក​ទាំងអស់គ្នា គឺ​ពិតជា​មនុស្ស​ល្អ​ខ្លាំងណាស់​។ ខ្ញុំ​នឹង​និយាយ​ល្អ​ពី​អ្នក ហើយ​វា​មិនមែនជា​កំហុស​របស់ អ្នក​នោះទេ ដែល​ខ្ញុំ​បាន​ឆ្លង​ជំងឺ​នេះ​»​។ 
 
​បុរស​ជនជាតិ​បារាំង ដែលមាន​វ័យ​៦៩​ឆ្នាំ ដូចគ្នា ក៏បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា​ផងដែរ ដែល​បាន​ខិតខំ​ព្យាបាល​រូបលោក​ឲ្យ​ជាសះស្បើយ​។ លោក​មិនអាច​បំភ្លេច​គុណ​បាន​នោះឡើយ​។​
 
​បើតាម​សេចក្ដីជូនដំណឹង​ដដែល ក្នុងចំណោម​មនុស្ស​ទាំង ២៣​នាក់​ដែលជា​សះស្បើយ​ពី​ជំងឺ COVID-19 មាន​៩​នាក់​ជា​ជនជាតិខ្មែរ និង​១៤​នាក់​ជា​ជនជាតិ​បរទេស​។ ជនបរទេស ដែល​បានជា​សះស្បើយ​រួមមាន បុរស​ជនជាតិ​ចិន ស្ត្រី​ជនជាតិ​អង់គ្លេស​ពីរ​នាក់ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ និង​បុរស​ជនជាតិ​បារាំង​ម្នាក់​។​
 
​សូមបញ្ជាក់ថា នា​ព្រឹក​ថ្ងៃទី​៣០ ខែមីនា​នេះ  ក្រសួងសុខាភិបាល បាន​រកឃើញ​អ្នក​ឆ្លង​វីរុស​COVID-19 ថែម​៤​នាក់​ទៀត​។ អ្នក​ដែល​រកឃើញ​ឆ្លង​ជំងឺ​COVID-19 គឺជា​បុរស​ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​នៅ​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ជា​បុគ្គលិក​បម្រើ​ការងារ​នៅកាស៊ី​ណូ និង​ខារ៉ាអូខេ​មួយ​នៅ​ច្រក​ប៉ោយប៉ែត​។ ករណី​មួយទៀត គឺជា​បុរស​ជនជាតិខ្មែរ អាយុ​៣៦​ឆ្នាំ នៅ​ឃុំ​តា​អុង ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែលជា​អ្នកដំណើរ​ត្រឡប់​មកពី​ប្រទេស​ជប៉ុន មកដល់​កម្ពុជា នៅ​ថ្ងៃទី ២៨ មីនា ឆ្នាំ​២០២០៕ 

Tag:
 កូ​វីដ​-១៩
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com