ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ទោះ​ចំណេញ​តិច និង​បារម្ភ​ពី​COVID-19 តែ​អា​ជីក​រល​ក់សាច់ បន្លែ និង​ផ្លែឈើ នៅ​ប្រឹងប្រែង​លក់ ព្រោះ​បំណុល
31, Mar 2020 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កាន់​តែមាន​ឥទ្ធិពល​ខ្លាំង​ឡើង ដែល​មិនដឹងថា​ស្ថានភាព​នេះ​អូសបន្លាយ​ដល់ពេល​ណា​។ អាជីវ​ករលក់ សាច់ បន្លែ និង​ផ្លែឈើ នៅតែ​បន្ត​លក់​នៅតាម​ទីផ្សារ​នានា​សម្រាប់​ពលរដ្ឋ ខណៈពេលដែល​ពលរដ្ឋ​នាំគ្នា​ភ័យខ្លាច​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​រាតត្បាត​នៅក្នុង​ប្រទេស​កម្ពុជា និង​ទូទាំង​ពិភពលោក​។

 
​នៅវេលា​ម៉ោង​៨​ព្រឹក ដែលជា​វេលា​ធ្លាប់តែ​នៅតាម​ផ្សារ​មាន​មនុស្សម្នា​ចេញចូល​ទៅ​ទិញ​បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿង​បរិភោគ និង​គ្រឿង​សម្ភារ​ប្រើប្រាស់ ពាសពេញ​ផ្សារ​ដែល​សឹងតែ​ដើរ​ជាន់គ្នា​ទៅហើយនោះ បាន​ប្រែ​មកជា​ទីវាល​ដែល​ស្ងាត់ និង​ទូលាយ ដែល​មានតែ​អ្នកលក់​បន្លែ ផ្លែឈើ ត្រី សាច់ មាន់ ទា នាំគ្នា​អង្គុយ​រង់ចាំ​ហៅ​ម៉ូយ និង​បក់រុយ​នៅតាម​តូប​រៀងៗ​ខ្លួន​។  
 
​អ្នកស្រី ទូច សុធា ជា​អ្នកលក់​ផ្លែឈើ​នៅក្នុង​ផ្សារ​ដើម​គរ បាន​បញ្ជាក់ថា ការលក់ដូរ​របស់​អ្នកស្រី ធ្លាក់ចុះ​អស់​រយៈពេល​ជិត​២​ខែ​មកហើយ ដែល​ពីមុន​ធ្លាប់តែ​លក់​ផ្លែឈើ​បាន​ក្នុង​មួយថ្ងៃ​ពី​២០ ទៅ​៣០​គីឡូ បើ​គិត​ជា​ចំណូល​បាន​៥០​ម៉ឺន​រៀល តែ​បច្ចុប្បន្ន​លក់បាន​មិន​ដល់​១០​គីឡូ​ផង​។ អ្នកស្រី​រៀបរាប់​ដូច្នេះ​ថា​៖ «​ទិញ​អស់​ជាង​៥០​ម៉ឺន លក់​បានតែ​ជាង​២០​ម៉ឺន​។ ដល់​សល់​យើង​ទុក​លក់​ត​ទៀ​តទៅ ដល់​ផ្លែឈើ​ណា​ខូច​ទៅ យើង​ក៏​បោះចោល​ទៅ​។ ពីមុន​លក់បាន​ក្នុង​មួយថ្ងៃ​៥០​ម៉ឺន​រៀល ដល់​ឥឡូវ​វា​បាត់អស់​ពាក់កណ្តាល​»​។  


តូបលក់ផ្លែឈើរបស់​អ្នកស្រី ទូច សុធា នៅក្នុងផ្សារ​ដើមគរ
 
​ជា​អ្នកលក់​ផ្លែឈើ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ អ្នកស្រី ទូច សុធា មិនមាន​ថវិកា​ច្រើន​សម្រាប់​ទុក​បម្រុង​នៅពេលដែល​ការរកស៊ី​របស់​អ្នកស្រី​ធ្លាក់ចុះ​នោះទេ​។ អ្វីដែល​អ្នកស្រី​ព្រួយបារម្ភ​ទៀត​នោះ​គឺ​ខ្លាច​ផ្សារ​បិទ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​គ្មាន​ប្រាក់​សម្រាប់​បង្វិល​ឲ្យ​ធនាគារ ថ្លៃ​តូប ថ្លៃ​ផ្ទះជួល និង​សម្រាប់​ចិញ្ចឹម​គ្រួសារ​។ កំពុង​អង្គុយ​នៅ​តូប​ផ្លែឈើ​ដែល​ស្ថិតនៅ​មុខផ្ទះ​លក់​ចាប់ហួយ អ្នកស្រី​បន្ត​ប្រាប់​ដូច្នេះ​ថា​៖«​ទោះបី​យើង​លក់​រាល់ថ្ងៃ ទោះ​ចំណេញ​តិច​-​ច្រើន​អី វា​គ្រាន់បើ​ដែរ ដែល​អាច​ទប់ទល់​ជីវភាព​គ្រួ​សារបាន​មួយកម្រិត​ដែរ​។ វា​បាន​មួយ​រស់ៗ​ដែរ តែ​មិនដែល​សល់​ទេ គឺ​ត្រូវ​បង់​ធនាគារ តូប និង​ផ្ទះជួល​ជាង​១០០​ដុល្លារ​ដែរ​»​។ 
 
​ងាក​ទៅ​មើល​តូប​នៃ​ម្ខាង​ទៀត​ដែលជា​កន្លែង​លក់​បន្លែ​ដាក់​តម្រៀប​គ្នា​ជា​ជួរៗ​វិញ គឺមាន​អ្នកស្រី ស្រី សុខុម ដែល​កំពុងតែ​អង្គុយ​ធ្វើ​មុខ​ស្រ​ពាន ហាក់បី​ជាមាន​កង្វល់​ក្នុង​ចិត្ត បាន​រៀបរាប់​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា ក្នុង​រយៈពេល​ប្រមាណ​ខែ​កន្លងទៅនេះ ការលក់ដូរ​របស់​អ្នកស្រី​ក៏​មិនសូវ​ជា​កាក់កប​ឡើយ ក្រោយពី​ជំងឺ​កូ​វីដ​-១៩ រាតត្បាត​មក​។ អ្នកស្រី​និយាយថា​៖«​ពីមុន​គ្រាន់បើ​បន្តិច ដល់​ឥឡូវ​ស្ងាត់ឈឹង​លក់​មិន​ដាច់​តែម្តង ធ្លាប់តែ​ក្នុង​មួយថ្ងៃ​ចំណេញ​បាន​៤ ទៅ​៥​ម៉ឺន បាន​គ្រាន់​ឲ្យ​កូន​ចាយ​ដែរ ដល់​ឥឡូវ​ចប់ ចំណេញ​បានតែ​១​ម៉ឺន ទៅ​២​ម៉ឺន​ទេ​។ ហើយ​ធ្លាប់តែ​លក់​ពេលព្រឹក​ដល់​ល្ងាច​មាន​ម៉ូយ​ចូលមក​ទិញ​ច្រើន ហើយ​លក់​អស់ ។​តែ​ឥឡូវ​អង្គុយ​លក់​ដល់​ល្ងាច​ក៏​មិនទាន់​អស់​ដែរ​។ ម៉ូយ​ជា​អ្នកលក់​បាយ ក៏​ស្ងាត់​ទៀត ដោយ​ពួកគេ​ផ្អាក​លក់​សិន​»​។​


អ្នកស្រី ស្រី សុខុម កំពុងតែអង្គុយ​រង់ចាំ​ភ្ញៀវ​មក​ទិញ​បន្លែនៅក្នុងផ្សារដើមគរ​
 
​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម អ្នកស្រី ស្រី សុខុម បាន​បញ្ជាក់ថា ស្រប​ពេលដែល​អ្នកស្រី​លក់​មិនសូវ​ដាច់ ប្រភេទ​បន្លែ​ដែល​អ្នកស្រី​នាំចូល​ពី​ឈ្មួញ​នៅ​ផ្សារ​នាគ​មាស ក៏​ឡើងថ្លៃ​ទៅទៀត ដែល​បង្ខំចិត្ត​ឲ្យ​អ្នកស្រី​ក៏​ដំឡើងថ្លៃ​ទៅតាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​ផងដែរ​។ អ្នកស្រី រៀបរាប់​ដូច្នេះ​ថា​៖«​ក្រូចឆ្មារ​ពីមុន​លក់​តែ​៤៥០០​រៀល​ក្នុង​មួយ​គីឡូ ដល់ពេលនេះ​មួយ​គីឡូ​៦៥០០​រៀល​ក្នុង​មួយ​គីឡូ យើង​ឡើងថ្លៃ តាម​គេ​ដែរ​។ បន្លែ​ទាំងអស់​គឺ​ឡើង​គ្រប់មុខ ដល់​យើង​យកមក​លក់ គឺ​លក់​អត់​ដាច់​។ ម៉ូយ​រអ៊ូ​រហូត​ថា​អីវ៉ាន់​ឡើងថ្លៃ ដូចជា​ក្រូចឆ្មារ​គឺ​ឡើងថ្លៃ​ច្រើនជាងគេ​»​។​
 
​បើតាម​ចំណូល​សព្វថ្ងៃ​របស់​អ្នកស្រី សុខុម គួបផ្សំ​ជាមួយនឹង​ចំណូល​របស់​ស្វាមី​ដែលជា​កម្មករ​រោងចក្រ អាច​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ ប៉ុន្តែ​មិនអាច​សេសសល់​សម្រាប់​បង់​ធនាគារ​ក្នុង​មួយខែ​៤៥០​ដុល្លារ រួមទាំង​ថ្លៃ​តូប​លក់​បន្លែ​១០០​ដុល្លារ និង​ថ្លៃ​ផ្ទះ​៥០​ដុល្លារ ក្នុង​មួយខែ​បានឡើយ​។ អ្នកស្រី​បន្ត​រៀបរាប់​ដូច្នេះ​ថា​៖«​ខែ​នេះ​ខ្ញុំ​អត់​មាន​លុយ​បង់​ឲ្យ​គេ​ទេ​។ គេ​អត់​ផ្អាក​បង់​សោះ ប៉ុន្មាន​ថ្ងៃមុន ខ្ញុំ​តេ​ទៅ​សួរ​គេ​ដែរ តែ​គេ​ថា​អត់​ផ្អាក​ទេ ខាងគេ​ក៏​ធ្វើការ​រហូត​។ ខ្ញុំ​បារម្ភ​ណាស់ ខ្ញុំ​អត់​មាន​លុយ​សល់​ទេ ហើយ​កូន​នៅផ្ទះ​តូចៗ​ទៀត តែ​ខ្ញុំ​អត់​សូវ​បារម្ភ​ទេ ដោយសារ​សាលា​បិទ​»​។  
 
​ដោយឡែក​អ្នកស្រី ឈឹម សុ​ផា ដែលជា​អ្នកលក់​សាច់ជ្រូក​នៅក្បែរ​កន្លែង​លក់​បន្លែ​នៅ​ផ្សារ​ដើម​គរ​នោះ​ក៏​មិន​ខុសគ្នា​ពី​អ្នកលក់​បន្លែ និង​ផ្លែឈើ​ដែរ​។ អ្នកស្រី ឈឹម សុ​ផា ក៏​ថយចុះ​ប្រាក់ចំណូល​ពាក់កណ្តាល​ដែរ​។ ទោះបីជា​ចំណូល​ថយចុះ​ក៏ពិតមែន ប៉ុន្តែ​អ្នកស្រី សុ​ផា មិនមាន​ការព្រួយបារម្ភ​ពី​បង់ថ្លៃ​ធនាគារ ដោយសារតែ​អ្នកស្រី​គ្មាន​ជំពាក់​បំណុល​គេ​សោះឡើយ​។  អ្នកស្រី​នឹង​វិលត្រឡប់​ទៅ​ស្រុកកំណើត​ធ្វើស្រែ​ចម្ការ​វិញ បើសិនជា​ផ្សារ​ត្រូវ​បិទ ដោយសារ​មាន​ករណី​ជំងឺ​កូ​វីដ​-១៩ រីក​រាលដាល​កាន់តែខ្លាំង​ឡើង​។ 


អ្នកស្រី ឈឹម សុផា ដែលជាអ្នកលក់សាច់ជ្រូកនៅក្បែរកន្លែងលក់បន្លែនៅផ្សារដើមគរ
 
​អ្នកស្រី ឈឹម សុ​ផា បាន​បន្ត​ដូច្នេះ​ថា​៖«​បើ​រាជរដ្ឋាភិបាល​ប្រកាស​ឲ្យ​បិទ​ផ្សារ ទើប​យើង​លែង​មក​លក់​ទៀត​។ បើ​មិនទាន់​ប្រកាសថា​បិទ​ផ្សារ​ទេ គឺ​យើង​នៅតែ​មក​លក់​ដដែល បើសិនជា​នៅតែមាន​អ្នក​មក​ទិញ​។ បើ​បិទ​ផ្សារ​មែន ខ្ញុំ​នឹង​ផ្អាក​លក់​សិន ហើយ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​»​។ 
 
​សម្រាប់​កញ្ញា ប្រាក់ លីហ្សា ដែលជា​អាជីវ​ករលក់​ម្ហូបអាហារ​ចំអិន​ស្រាប់ ហើយ​តែងតែ​មក​ដើរ​ទិញ​គ្រឿង​អាហារ​ជា​រៀងរាល់​ព្រឹក សម្រាប់​ទុក​ធ្វើ​ម្ហូប​ដើម្បី​លក់​ពេល​ល្ងាច ក៏​មានការ​ត្អូញត្អែរ​ពី​ការបាត់​ភ្ញៀវ​ដែល​ឧស្សាហ៍​មក​ទិញ​ម្ហូបអាហារ​ផងដែរ ដែល​ធ្វើ​ឲ្យ​កញ្ញា លីហ្សា ត្រូវ​កាត់បន្ថយ​ការទិញ​គ្រឿង​បន្លែ ត្រី សាច់​ដែរ​។ កំពុងតែ​រៀបនឹង​ចេញ​ត្រឡប់ទៅផ្ទះ​វិញ ក្រោយ​បាន​ទិញ​គ្រឿង​អាហារ បន្លែ សាច់​គ្រប់គ្រាន់​ហើយ លីហ្សា​បាន​ប្រាប់​ដូច្នេះ​ថា​៖«​ខ្ញុំ​កាត់បន្ថយ​ការទិញ​អីវ៉ាន់ ដោយសារតែ​អីវ៉ាន់​ឡើងថ្លៃ ខ្ញុំ​អត់​ហ៊ាន​ទិញ​ទុក​ច្រើន​ទេ បើ​ខ្ញុំ​ទិញ​ទុក​ច្រើន វា​អាច​នឹង​សល់​ច្រើន​។ ឥឡូវ​អត់​សូវ​មាន​អ្នកណា​គេ​ហ៊ាន​ចេញ​ដើរ​ទៀត ឥឡូវ​ស្ងាត់​ភ្ញៀវ​មែនទែន​»​។  
 
​ដើម្បី​សម្រាល​បន្ទុក​របស់​ពល​រដ្ឋ​ដែល​ប្រឈម​នឹង​បាត់បង់​ប្រាក់ចំណូល ធនាគារជាតិ​នៃ​កម្ពុជា បាន​ណែនាំ​ឲ្យ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់  រៀបចំ​ឥណទាន​ឡើងវិញ តាមរយៈ​លក្ខខណ្ឌ​ដូចតទៅ ការកាត់បន្ថយ​ចំនួន​ប្រាក់​ដើម​ឥណទាន ឬ​ចំនួន​ដែល​ត្រូវ​សង​នៅ​ឥណប្រតិទាន​, ការកាត់បន្ថយ​អត្រា​ការប្រាក់​ទាប​ជាង​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​ដើម​, ការពន្យារពេល​ទូទាត់​សង​ប្រាក់​ដើម ឬ​ការប្រាក់ ឬ​ការធ្វើ​មូលធន​កម្ម​ការប្រាក់​, ការពន្យារ​ឥណទាន​ប្រតិ​ទាន​, ការបន្ថែម និង​/​ឬ ការផ្លាស់ប្តូរ​អ្នក​រួម​ខ្ចី និង​/​ឬ អ្នកធានា ប្រសិនបើ​មាន​, ការផ្លាស់ប្តូរ​ពី​ឥណទាន​មានការ​ទូត​ទាត់​សង​តាម​ការបង់​រំលស់ ទៅជា​ការទូទាត់​តែ​ការប្រាក់ ហើយ​ទូទាត់​សង​ប្រាក់​ដើម​ទាំងអស់​នៅ​ឥណប្រតិទាន​, ការលើកលែង ឬ​បន្ថយ​ទ្រព្យ​ធានា ,​ការបន្ថយ​លក្ខខណ្ឌ​កិច្ចសន្យា ឬ​/​និង​ចុងក្រោយ​ការផ្តល់​រយៈពេល​អនុគ្រោះ​ដោយ​គ្មាន​ការទូទាត់​សង ដែល​អាចមាន​រយៈពេល​រហូតដល់​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រសិទ្ធភាព​នៃ​កិច្ចសន្យា​ថ្មី​។​
 
​គិត​មក​ថ្ងៃទី​២៩ ខែមីនា​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ចំនួន​១០៣​នាក់ ដែល​នៅក្នុង​ចំណោម​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​២១​នាក់ ហើយ​បច្ចុប្បន្ន​មាន​អ្នក​សម្រាក​ព្យាបាល​ចំនួន​៨២​នាក់​៕ 


ទិដ្ឋភាពនៅក្នុង​ផ្សារ​ដើមគរ


Tag:
 អាជីវករ​
 ​ប្រាក់ចំណូល​
 ​សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com