COVID-19
អន្តរជាតិ
COVID-19៖ ករណី​ទី​៩​នៅ​ឡាវ ជា​ស្ត្រី​ពលករ​ដែល​ទើប​ត្រឡប់​ពី​ធ្វើការ​នៅ​ថៃ​
31, Mar 2020 , 2:24 pm        
រូបភាព
រូបភាព៖ Laotian Times
រូបភាព៖ Laotian Times
គិត​ត្រឹម​រសៀល​ថ្ងៃទី​៣១ ខែមីនា ឡាវ​បាន​រកឃើញ ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)  មួយ​ករណី​បន្ថែមទៀត​។ តួលេខ​សរុប COVID -19 នៅក្នុង​ប្រទេស​ឡាវ បាន​កើន​ដល់ ៩​ករណី​។

 
​ជា​ប្រទេស​តំបន់​អាស៊ីអាគ្នេយ៍​ចុងក្រោយ ដែល​រកឃើញ COVID-19 ឡាវ ត្រូវបាន​គេ​រាយការណ៍​ថា បាន​រកឃើញ​អ្នក​ផ្ទុក​COVID-19 មួយ​ករណី​ទៀត​។ ករណី​ចុង​ក្រោយនេះ គឺជា​ស្ត្រី​ជនជាតិ​ឡាវ​វ័យ​២២ ដែល​ត្រលប់​មកពី​ធ្វើការ​ប្រទេស​ថៃ​។ បើតាម​ការចុះផ្សាយ​សារព័ត៌មាន The Laotian Time ពលករ​រូបនេះ ត្រូវបាន​អាជ្ញាធរ​សុខាភិបាល​ឡាវ បញ្ជូនទៅ​មន្ទីរពេទ្យ​មួយកន្លែង ដើម្បី​ព្យាបាល​។ 
 
​ក្នុងអំឡុងពេល​ជិត​ចូលឆ្នាំថ្មី​របស់ខ្លួន ប្រជាជន​ខ្មែរ មី​យ៉ាន់​ម៉ា និង​ឡាវ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​ត្រលប់​មកវិញ​យ៉ាងច្រើន ដើម្បី​មកជួបជុំ​បងប្អូន​។ ប៉ុន្តែ​បញ្ហា​កង្វល់​របស់​រដ្ឋាភិបាល​ប្រទេស​នីមួយៗ គឺ​នៅត្រង់ថា ពលករ​មួយចំនួន​អាច​នាំ COVID-19 ចូលមកក្នុង​ប្រទេស​ដោ​យ​មិនដឹង​ខ្លួន ព្រោះ​ស្ថានភាព COVID-19 នៅក្នុង​ប្រទេស​ថៃ​ពេលនេះ បាន​កើនឡើង​យ៉ាងគំហុក ពោលគឺ​មាន​ករណី​សរុប​ប្រមាណ ១៥០០​ករណី​។  
 
​សូមបញ្ជាក់ថា ក្នុង​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់ ម៉ាឡេស៊ី​ស្ថិតនៅ​លំដាប់​ខ្ពស់ជាង ដែលមាន​តួលេខ COVID-19 សរុប ២៦០០​ករណី ចំណែក​ហ្វីលីពីន នៅ​លំដាប់​ទី​២ ដែលមាន ១៥៤៦​ករណី និង​ឡាវ​ស្ថិតនៅ​តារាង​ចុងក្រោយ​គេ​៕ 

Tag:
 ឡាវ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com