COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិក​ក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១
31, Mar 2020 , 3:23 pm        
រូបភាព
​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ២៣ ខែកក្កដា​ឆ្នាំ ២០២១ រហូតដល់​ថ្ងៃទី​៨ ខែសីហា បន្ទាប់ពី​ត្រូវបាន​ពន្យា​ពេល​រយៈពេល​មួយឆ្នាំ ដោយសារ​វិបត្តិ​ជំងឺឆ្លង COVID-19​។​


 
​ការសម្រេច​នេះ​ធ្វើ​ឡើយ បន្ទាបពី​ក្រុមប្រឹក្សា​ប្រតិបត្តិ​របស់​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ (IOC) បាន​ជួបប្រជុំគ្នា​នៅ​ថ្ងៃទី​៣០ ខែមីនា​។ បើ​ទោះ​ត្រូវ​ពន្យារ​ដល់​ឆ្នាំ ២០២១ ក្តី ប៉ុន្តែ​ព្រឹ​តិ្ត​ការណ៍​អូឡាំពិក​ដែល​ជប៉ុន​ធ្វើ​ម្ចាស់ផ្ទះ​នេះ នឹង​នៅតែ​ហៅថា​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ដដែល​។​
 
«​ខ្ញុំ​ជឿជាក់ថា ការធ្វើការ​រួមគ្នា​ជាមួយ​គណៈកម្មាធិការ​រៀប​ចំ​កីឡា​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ និង​ទីក្រុង​តូ​ក្យូ ជាពិសេស​រដ្ឋាភិបាល​ជ​ប៉ុន យើង​ពិតជា​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​នេះ​បាន​។ ពិភពលោក​កំពុងស្ថិត​ក្នុង​ភាព​ងងឹត​ដោយសារ​ជំងឺ​រាតត្បាត​ដ៏​សាហាវ ដូច​ច្នេះ​អូឡាំពិក​អូឡាំពិក​ឆ្នាំ ២០២០ អាចជា​ពន្លឺ​មួយ​នៅ​ចុងបញ្ចប់​នៃ​ភាព​ងងឹត​ផែនដី​នេះ​។ លោក Thomas Bach ប្រធាន IOC លើកឡើង​ដូច្នេះ​។​
 
​ដោយសារ​ជំងឺឆ្លង​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) រីក​រាលដាល​ខ្លាំង​ជុំវិញ​ពិភពលោក និង​សម្លាប់​មនុស្ស​ជាច្រើន ទើប​ជប៉ុន និង IOC សម្រេច​គ្នា​ពន្យារពេល​ប្រកួត​កីឡា​អូឡាំពិក​ដែល​គ្រោង​ធ្វើ​នៅ​ខែកក្កដា​ខាងមុខ រហូតដល់​ឆ្នាំក្រោយ​ដើម្បី​រក្សា​សុវត្ថិភាព និង​សុខភាព​របស់​អត្ត​ព​លិ​ក​។​
 
​ដោយឡែក ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ ២០២០ នឹងត្រូវ​ប្តូរ​ទៅធ្វើ​នៅ​ចន្លោះ​ថ្ងៃទី​២៤ ខែសីហា ដល់​ថ្ងៃទី​៥ ខែកញ្ញា​ឆ្នាំ ២០២១ វិញ​ផងដែរ​។​
​គិត​ត្រឹម​ថ្ងៃទី​៣១ ខែមីនា នេះ មាន​ករណី​ស្លាប់​ដោយសារ COVID-19 មាន​ចំនួន​ជាង​៣៧០០០​នាក់ អ្នក​ឆ្លង​ជាង​៧៨​ម៉ឺន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ជាង​១៦​ម៉ឺន​ករណី​៕

Tag:
 COVID-19
  អូឡាំពិក​
© រក្សាសិទ្ធិដោយ thmeythmey.com