COVID-19
អន្តរជាតិ
ឆ្មាមួយក្បាលនៅហុងកុង ក្លាយជាសត្វចិញ្ចឹមទីបី មានផ្ទុក COVID-19 រូបតំណាង។ រូបភាព៖ The New York Times
× ឆ្មាមួយក្បាលនាទីក្រុងហុងកុង ត្រូវបានគេរកឃើញថាមានផ្ទុកជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19)។ នេះបើតាមការអះអាងរបស់នាយកដ្ឋាននេសាទ និងកសិកម្មហុងកុង នាថ្ងៃទី៣១ ខែមីនា។ ការរកឃើញនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់សត្វឆ្មា មានផ្ទុកកូរ៉ូណាវីរុស។
តាមការអះអាងរបស់នាយកដ្ឋាននេសាទ និងកសិកម្ម ហុងកុងបានរកឃើញឆ្មាមួយក្បាល មានផ្ទុក COVID-19 បន្ទាប់ពីម្ចាស់មានផ្ទុកជំងឺឆ្លងថ្មីនេះ។ យ៉ាងណាក៏ដោយ នាយកដ្ឋានខាងលើ មិនបានបញ្ជាក់ពីរោគសញ្ញារបស់សត្វចិញ្ចឹមពីដំបូងឡើយ គ្រាន់តែរៀបរាប់ថា សត្វឆ្មានេះត្រូវគេដាក់ចត្តាឡីស័ក នាថ្ងៃទី៣០ ខែមីនាមក។ ចំណែកសំណាក ដែលយកទៅពិនិត្យ គឺគេយកចេញពីមាត់ ច្រមុះនៃសត្វឆ្មាមួយនេះ។ យ៉ាងណាក៏ដោយ គេនឹងបន្តពិនិត្យ និងតាមដានរោគសញ្ញាសត្វឆ្មាបន្តទៀត។
នេះ គឺជាករណីទី៣ហើយនៅក្នុងទឹកដីហុងកុង ដែលសត្វចិញ្ចឹមឆ្លង COVID-19 ។ ពីរករណីមុន គឺជាសត្វឆ្កែពីរក្បាល ដែលត្រូវបានគេរកឃើញថាមានផ្ទុកវីរុសប្រភេទថ្មីនេះ។
បើតាមការបញ្ជាក់ថារបស់អង្គការសុខភាពពិភពលោក (WHO) គេមិនទាន់មានភស្តុតាងណាមួយបង្ហាញថា សត្វចិញ្ចឹមដូចជាឆ្កែ ឬឆ្មា អាចចម្លង COVID-19 បានទេ។ ចំណែកសមាគមពេទ្យសត្វ បាននិយាយថា សត្វចិញ្ចឹមភាគច្រើន គឺឆ្លងកូរ៉ូណាវីរុស មកពីម្ចាស់របស់ពួកគេ ឬពីមនុស្សផ្សេងទៀត ដែលមានផ្ទុក COVID-19។ ប៉ុន្តែករណីឆ្លងលើសត្វចិញ្ចឹម មិនទាន់ចោទជាបញ្ហានៅឡើយទេ។
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ ហុងកុង មានករណីCOVID-19 សរុប ៧១៥ករណី អ្នកស្លាប់ ៤ករណី និងអ្នកជាសះស្បើយ ១២៨ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com