COVID-19
អន្តរជាតិ
COVID-19 ជំរុញ​ឲ្យ​លោកស្រី ស៊ូ​ជី ប្រើ Facebook ផ្ទាល់ខ្លួន​ផ្ដល់ព័ត៌មាន​ពិត​ឲ្យ​ប្រជាជន​
02, Apr 2020 , 8:19 pm        
រូបភាព
លោកស្រី អ៊ុនសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
លោកស្រី អ៊ុនសាន ស៊ូជី រដ្ឋមន្រ្តីការបរទេស និងទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ រូបភាព៖ Reuters
​បន្ទាប់​ការវិវត្ត​កាន់តែខ្លាំង​នៃ​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅក្នុង​ប្រទេស លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា និង​ជា​រដ្ឋមន្ត្រីការបរទេស​បានសម្រេច​បង្កើត​គណ​នី Facebook ផ្ទាល់ខ្លួន ដើម្បី​ទំនាក់ទំនង និង​ផ្តល់ព័ត៌មាន​ពិត​ជូន​ប្រជាជន​។


 
​ចាប់តាំងពី​ឡើងកាន់តំណែង​ឆ្នាំ​២០១៦ លោកស្រី​អ៊ុង​សាន ស៊ូ​ជី រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ច្រើនតែ​ចេញ​សេចក្តីថ្លែងការណ៍ និង​និយាយ​នៅក្នុង​កិច្ចប្រជុំ​សាធារណៈ​ប៉ុណ្ណោះ ហើយ​កម្រ​ណាស់ ក្នុងការ​ថ្លែង​សន្និសីទ​សារព័ត៌មាន ឬ​កិច្ច​សម្ភាស​អ្វីមួយ​។ ប៉ុន្តែ​អាកប្បកិរិយា​នេះ បាន​ប្រែប្រួល​នៅពេល​COVID-19 ចាប់ផ្តើម​រីកសាយ​ភាយ​នៅក្នុង​មី​យ៉ាន់​ម៉ា​។ 
 
​តាមរយៈ​ការសរសេរ​លើ​គណនី​Facebook ដែល​ទើបតែ​ទទួលស្គាល់​ពី​ក្រុមហ៊ុន Facebook លោកស្រី ស៊ូ​ជី បានបញ្ជាក់​ទាំង​ស្ទាក់ស្ទើរ​ថា​៖ « ខ្ញុំ​មិន​ចង់​ប្រើប្រាស់ Facebook ប៉ុន្មាន​ឡើយ​។ ប៉ុន្តែ​ពេលនេះ យើង​ត្រូវតែ​ប្រើ​វា ដើម្បី​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​យ៉ាង​ឆាប់រហ័ស​ជាមួយ​ប្រជាពលរដ្ឋ ក្នុងពេល​ប្រឈមមុខ​ជាមួយ​COVID-19 នេះ​»​។ បើតាម​លោកស្រី​ទីប្រឹក្សា​រដ្ឋ ទោះ​ចង់ ឬ​មិន​ចង់ ពេលនេះ​ត្រូវតែ​ប្រើប្រាស់ Facebook ដើម្បី​ទប់​ទប់​ជាមួយ​ការរីក​សាយភាយ​នៃ​ជំងឺ​រលាក​សួត​ថ្មី​នេះ​។ 
 
​ខណៈពេល​ថ្ងៃ​ចូលឆ្នាំថ្មី​ជិត​ចូលមក​ដល់ មី​យ៉ាន់​ម៉ា មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ពលករ​មកពី​ប្រទេស​ថៃ ដែល​បាន​ត្រលប់មក​ផ្ទះ​វិញ​ជាច្រើន​ម៉ឺន​នាក់ ថា​អាច​បង្ក​ឲ្យ​មានការ​ចម្លង​COVID-19 ដោយ​ប្រការ​ណាមួយ ព្រោះ​មាន​ពលករ​ជាច្រើន មិន​បានទទួល​ការពិនិត្យ​ត្រឹមត្រូវ​។ 
 
​គិត​មក​ត្រឹម​ព្រឹក​ថ្ងៃទី​២ ខែមេសា​នេះ មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​រាយការណ៍​ថា ករណី​COVID-19 សរុប​បាន​កើនឡើង​ដល់ ១៥​ករណី អ្នកស្លាប់ ១​ករណី​៕

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com