ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ការបង្កើត​ច្បាប់​លើក​ក្រោយ មិន​ចែង​ពី​គោលដៅ​ទៀតឡើយ​
02, Apr 2020 , 8:59 pm        
រូបភាព
មាត្រា១ចែងពីគោលដៅ ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ
មាត្រា១ចែងពីគោលដៅ ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ
ដោយ: ថ្មីៗ
​ចាប់ពីពេលនេះ​តទៅ ការតាក់តែង​សេចក្តីព្រាង​ច្បាប់​ថ្មី ដែល​ចេញពី​អង្គការនីតិប្រតិបត្តិ ត្រូវ​សរសេរ​ត្រឹម​មាត្រា​ស្តីពី​អំពី​គោលបំណង​ប៉ុណ្ណោះ ដោយ​មិន​សរសេរ​មាត្រា​ស្តីពី​គោលដៅ ដូច​លើក​មុន​ទៀតឡើយ​។ ច្បាប់​នានា​នៅ​កម្ពុជា ជាទូទៅ គេ តែង​ឃើញមានចែង​ពី​គោលបំណង​ផង​និង​គោលដៅ​ផង​។


 
​ការសម្រេច​ឈប់​ឲ្យ​មាន​មាត្រា​ស្តីពី​គោលដៅ​ក្នុង​សេចក្តីព្រាងច្បាប់ គឺធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈ​អ​ចិន្រ្តៃយ៍​នៃ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២០​។​
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ យល់ឃើញថា ការដែល​រដ្ឋា​ភិ​បាល សម្រេច​ឈប់​តែង​ពី​មាត្រា​ស្តីពី​គោលដៅ​ក្នុង​សេចក្តីព្រាងច្បាប់ គឺ​ដើម្បី​កុំ​ឲ្យ​ស្មុគស្មាញ និង សាំញ៉ាំ​ច្រើន​។ លោក បន្តថា ការ​លុបមាត្រា​ស្តីពី​គោលដៅ​នេះ គឺ​ធ្វើ​ឲ្យ​ច្បាប់​នីមួយៗ កាន់តែ​ខ្លី​និង​ងាយ​យល់​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នា​ព្រឹក​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បញ្ជាក់ថា​៖«[​គោលដៅ​ហ្នឹង​] ដូច​មិនសូវ​សំខាន់​ទេ សំខាន់ គឺ​គោលបំណង​។ ការធ្វើ​សេចក្តីព្រាងច្បាប់ គឺ​គោលបំណង ចង់បាន​អី​...»​។​
 
​អ្នកនាំពាក្យ​រូបនេះ បន្តថា ចំពោះ​សេចក្តីស្នើច្បាប់ ដែល​ចេញពី​អង្គការ​នីតិ​ប​ញ្ញ​តិ្ត (​រដ្ឋសភា​និង​ព្រឹទ្ធសភា​) នៅ​បន្ត​ចែង​ពី​មាត្រា​ស្តីពី​គោលដៅ​ឬ​មិន​ចែង​នោះ គឺ​អាស្រ័យ​លើ​អង្គការនីតិបញ្ញត្តិ​ខ្លួនឯង​។ 
 
​យ៉ាងណា នៅ​កម្ពុជា គេ ឃើញ​ការតាក់តែង​ច្បាប់​ភាគច្រើន គឺ​ចេញពី​អង្គការនីតិប្រតិបត្តិ (​រដ្ឋាភិបាល​)​។ 
 
​សម្រាប់​លោក​មេធាវី សុក សំអឿន អ្វីដែល​សំខាន់​ក្នុង​ច្បាប់ គឺ​ការអនុវត្ត​លើ​មាត្រា​ទាក់ទង​នឹង​ការកំណត់​ទោសទណ្ឌ ចំណែក​មាត្រា​អំពី​គោលបំណង​និង​គោលដៅ គ្រាន់តែ​ចែង​ឡើង ដើម្បី​ឲ្យ​អ្នកច្បាប់ សរសេរ​មាត្រា​នីមួយៗ ស្រប​នឹង​គោលបំណង​និង​គោល​នៃ​ច្បាប់​នោះ​។ ម្យ៉ាងទៀត លោក មើលឃើញថា គោលបំណង​និង​គោលដៅ ក្នុង​ច្បាប់​ខ្លះ មាន​ភាពស្រដៀងគ្នា​។ 
 
​លោក​មេធាវី សុក សំអឿន ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​ដែរនោះ មានប្រសាសន៍ថា​៖«[​គោលដៅ​] ចង់​ដាក់​ក៏បាន មិន​ដាក់​ក៏បាន ដូច​មិនសូវ​សំខាន់​អី​ទេ​»​។ 
 
​រដ្ឋធម្មនុញ្ញ​កម្ពុជា បានផ្តល់​សិទ្ធិ​ទៅ​ឲ្យ​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង នាយករដ្ឋមន្ត្រី ក្នុងការ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់​។ សេចក្តីព្រាងច្បាប់​ឬ​សេចក្តីស្នើច្បាប់​មួយ ត្រូវ​ឆ្លងកាត់​ការយល់ព្រម​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា ហើយ​ទើប​ថ្វាយទៅ​ព្រះមហាក្សត្រ សុំ​ឲ្យ​ទ្រង់​ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​។ 
 
​ចំពោះ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង ច្បាប់រៀបចំអង្គការ​ទាំ​ង​ឡាយ បន្ទាប់ពី​ឆ្លងកាត់​រដ្ឋសភា​និង​ព្រឹទ្ធសភា​ហើយ​នោះ នៅ​ត្រូវ​ឆ្លងកាត់​ក្រុមប្រឹក្សាធម្មនុញ្ញ​បន្ថែមទៀត មុននឹង​ព្រះមហាក្សត្រ ចេញព្រះរាជ​ក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​៕  

Tag:
 បង្កើត​ច្បាប់​
  លុប​គោលដៅ
© រក្សាសិទ្ធិដោយ thmeythmey.com