នៅថ្ងៃទី១ ខែមេសា ក្រសួងការបរទេសកូរ៉េខាងត្បូង ប្រកាសថាា កូរ៉េខាងត្បូង ទទួលបានសំណើសុំជំនួយបរិក្ខារធ្វើតេស្តរក COVID-19 ពីប្រទេសចំនួន ១២១ ស្របពេលដែលអាជ្ញាធរសុខាភិបាលនៅជុំវិញពិភពលោកកំពុងរងសម្ពាធក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ។ នេះបើយោងតាមសារព័ត៍មាន Reuters។
កូរ៉េខាងត្បូងដែលធ្លាប់ជាប្រទេសដែលមានអ្នកឆ្លងជំងឺ COVID-19 លំដាប់ទី២ បន្ទាប់ពីចិន បានប្រើប្រាស់យុទ្ធធានាការធ្វើតេស្តទ្រង់ទ្រាយធំ និងការតាមដានយ៉ាងដិតដល់ ដើម្បីជួយពន្យឺតការរីករាលដាលនៃជំងឺនៅក្នុងប្រទេស។ បច្ចេកវិទ្យា គួបផ្សំនឹងការចូលរួម ធ្វើឲ្យស្ថានភាពនៅកូរ៉េខាងត្បូង ហាក់ធូរស្រាលខ្លាំង បើធៀបប្រទេសផ្សេង។
ប្រទេសជាច្រើន ក៏ងាកទៅរកប្រទេសនេះដើម្បីទទួលបានសម្ភារធ្វើតេស្ត។ មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់បាននិយាយថា៖ «យើងទទួលបានសំណើពីប្រទេសផ្សេងៗជាច្រើន នេះដោយសារតែយើងមានបទពិសោធនៅពេលមានការផ្ទុះឆ្លងដំបូង។ មកដល់ពេលនេះមានប្រទេសចំនួន១២១ ហើយនឹងមានការកើនឡើងជាប្រចាំថ្ងៃ»។
បន្ថែមពីនេះ កូរ៉េខាងត្បូង បានបង្កើតក្រុមការងារ ដែលមាននាទីកំណត់លក្ខខណ្ឌនៃការផ្តល់ជំនួយដែលអាចជា ការនាំចេញ ឫជំនួយមនុស្សធម៍។ នេះបើយោងតាមមន្ត្រីក្រសួងការប្រទេសកូរ៉េខាងត្បូង។ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើសមភាគីកូរ៉េខាងត្បូងឲ្យជួយផ្គត់ផ្គង់បរិក្ខារពេទ្យ ដោយសន្យាថា នឹងជួយក្រុមហ៊ុនកូរ៉េខាងត្បូងក្នុងការទទួលបានការអនុញ្ញាតផ្លូវច្បាប់។
មន្ត្រីក្រសួងការបរទេសកូរ៉េខាងត្បូងម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនផលិតបរិក្ខាតេស្តបាន សន្យាផ្គត់ផ្គង់បរិក្ខាទាំងនោះ ទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសឯទៀត ដែលក្នុងនោះរួមមានអ៊ីតាលីផងដែរ។
ក្រុមហ៊ុនជីវបច្ចេកវិទ្យាកូរ៉ខាងត្បូងដែលផ្គត់ផ្គង់បរិក្ខាទាំងនោះ បានពង្រីកផលិតកម្មរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការ ចំណែកឯតម្លៃហ៊ុនរបស់ក្រុមហ៊ុនទាំងនោះបានកើនឡើងមួយទ្វេជាបី តាំងតែពីដើមឆ្នាំ។
មន្ត្រីសុខាភិបាលកូរ៉េខាងត្បូង បានបន្ថែមផងដែរថា កូរ៉េខាងត្បូង ក៏កំពុងពិសោធសំណាកដែលបញ្ជូនពីប្រទេសហ្វាំងឡង់ផងដែរ។ ក្រុមហ៊ុន Mehilainen ដែលផ្តល់សេវាសុខាភិបាលនៅហ្វាំងឡង់នឹងបញ្ជូនសំណាកតេស្ត ១៨,០០០តាមជើងយន្តហោះពិសេស ។ យន្តហោះនោះ នឹងហោះត្រឡប់ទៅវិញជាមួយឧបករណ៍ការពារខ្លួនសម្រាប់បុគ្គលិកពេទ្យ និងបរិក្ខារធ្វើតេស្ត។
មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់កូរ៉េខាងត្បូង បានផ្តល់យោបល់ឲ្យមន្ទីរពិសោធន៍ទាំង ១១៨ របស់ខ្លួនឲ្យជួយហ្វាំងឡង់តាមតែអាចធ្វើទៅបាន ដរាបណាមិនប៉ះពាល់ដល់ប្រទេសខ្លួន។
គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍កន្លងទៅ ក្រសួងការបរទេសកូរ៉េខាងត្បូង បានដាក់សហរដ្ឋអាមេរិក អេមីរ៉ាត់អារ៉ាប់រួម និងឥណ្ឌូណេស៊ីជាប្រទេសអាទិភាពក្នុងការទទួលបានសម្ភារវេជ្ជសាស្ត្រ៕