COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ដោះលែងអ្នកទោស១៨០០០នាក់ដើម្បីបញ្ចៀសការឆ្លង COVID-19 ក្នុងគុក អ្នកទោសឥណ្ឌូណេស៊ីក្នុងពន្ធនាគារមួយកន្លែង។ រូបភាព AFP
× ឥណ្ឌូណេស៊ី បានដោះលែងអ្នកទោសជាង១៨០០០នាក់ដើម្បីបញ្ចៀសការឆ្លងជំងឺ COVID-19 ក្នុងពន្ធនាគារដែលមានអ្នកទោសច្រើនហូរហៀរ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរគ្រប់គ្រងពន្ធនាគារឥណ្ឌូណេស៊ីនៅថ្ងៃទី២ ខែមេសា។ ឥណ្ឌូណេស៊ី ជាប្រទេសរងគ្រោះធ្ងន់ធ្ងរមួយនៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងចំនួនអ្នកស្លាប់ច្រើនជាងគេក្នុងតំបន់ផងដែរ។
ការដោះលែងអ្នកទោស១៨០០០ ជាផ្នែកមួយនៃវិធានការរបស់ឥណ្ឌូណេស៊ីដើម្បីទប់ស្កាត់ការឆ្លង COVID-19 ក្នុងពន្ធនាគារ។ ឥណ្ឌូណេស៊ី ធ្លាប់ប្រកាសហើយថា ខ្លួននឹងដោះលែងអ្នកទោសច្រើនជាងបីម៉ឺននាក់ពីពន្ធនាគារដែលត្រូវបានរិះគន់ថា ខ្វះអនាម័យ មានជំងឺឆ្លងផ្សេងកើតលើអ្នកទោសដែលត្រូវប្រជ្រៀតគ្នាក្នុងបន្ទប់តូចៗនោះ។
ស្របពេល COVID-19 រាលដាលខ្លាំង អង្គការសហប្រជាជាតិ បានស្នើឲ្យប្រទេសនានាដោះលែងអ្នកទោសមួយចំនួនដែលប្រឈមមុខនឹងការឆ្លងខ្លាំង។ កាលពីសប្ដាហ៍កន្លងទៅ អាហ្វហ្គានីស្ថាន ក៏បានប្រកាសថា ខ្លួននឹងដោះលែងអ្នកទោសច្រើនជាងមួយម៉ឺននាក់ផងដែរ។
សម្រាប់ឥណ្ឌូណេស៊ីវិញ អគ្គនាយកដ្ឋានមណ្ឌលកែប្រែប្រកាសថា ចំនួនអ្នកទោសដែលត្រូវដោះលែងអាចមានច្រើនជាងបីម៉ឺននាក់។ បើតាមទីភ្នាក់ងារព័ត៌មាន AFP អ្នកនាំពាក្យអគ្គនាយកដ្ឋាននេះ អ្នកស្រី Rika Aprianti និយាយថា ការដោះលែងអ្នកទោស ជាផ្នែកមួយនៃការផែនការទប់ស្កាត់ការរាលដាលវីរុស។ ក្នុងចំណោមអ្នកទោសដែលត្រូវបានដោះលែងមានអ្នកទោសវ័យក្មេងដែលបានអនុវត្តទោសរបស់ពួកពីរភាគបីរួចហើយ។
អ្នកទោសទាំងអស់់ដែលត្រូវបានដោះលែង ក៏ត្រូវបានណែនាំឲ្យនៅដោយឡែកមួយរយៈពេលសិនដែរ។ អ្នកទោសវ័យ៣៣ឆ្នាំម្នាក់និយាយថា ខ្លួនភ័យខ្លាចពីការឆ្លងជំងឺក្នុងពន្ធនាគារ ព្រោះអាចឆ្លងជំងឺដោយមិនដឹងខ្លួន។
អង្គការតម្លាភាពអន្តរជាតិដែលតែងរិះគន់ឥណ្ឌូណេស៊ីរឿងប្រព័ន្ធពន្ធនាគារតូចចង្អៀតនោះ បានស្វាគមន៍ការសម្រេចចិត្តដោះលែងអ្នកទោសនេះ។ អង្គការនេះ ក៏ស្នើឲ្យរដ្ឋាភិបាលឥណ្ឌូណេស៊ី ផ្ដល់សេរីភាពដល់អ្នកទោសមនសិការ និងអ្នកទោសមានវ័យចំណាស់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com