ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក Christian Lee រំលឹក​ពី​ការរៀប​ការ​ដ៏​ល្អឥតខ្ចោះ​
03, Apr 2020 , 10:59 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​
 
​ម្ចាស់​ខ្សែក្រវាត់​លំដាប់​ពិភពលោក Christian Lee ឬ “The Warrior” បាន​បង្កើត​រឿងរ៉ាវ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាច្រើន​នៅ​ឆ្នាំ ២០១៩​។ កីឡាករ​សិង្ហ​បុរី​រូបនេះ​ចាប់ផ្ដើម​យ៉ាង​ល្អ​នៅ​ឆ្នាំ​ចាស់​ដោយ​ឈ្នះ Edward “The Ferocious” Kelly និង​ឡើង​មួយកម្រិត​ទៀត​ពេល​ឈ្នះ​កីឡាករ​ជប៉ុន Shinya Aoki ឬ “Tobikan Judan” ដើម្បី​គ្រង​ខ្សែក្រវាត់​ពិភពលោក ONE Lightweight World Title​។


 
​រឹតតែ​អស្ចារ្យ Lee បានឈ្នះ​ខ្សែក្រវាត់ ONE Lightweight World Grand Prix Champion បន្ទាប់ពី Saygid “Dagi” Guseyn Arslanaliev នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅក្នុង​កម្មវិធី ONE:CENTURY ឯ​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​ការចាប់ផ្ដើម​នៅ​ឆ្នាំ ២០២០ ក៏មាន​រឿង​គួរ​ឲ្យ​កត់សម្គាល់​ផ្សេងទៀត​។ កាល​ថ្ងៃ​អង្គារ ទី ២៥ ខែ កុម្ភៈ Lee បាន​រៀបការ​ជាមួយ​សង្សារ​តាំងពី​វិទ្យាល័យ Katie នៅ​ក្រុង Haleiwa រដ្ឋ Hawaii សហរដ្ឋអាមេរិក​។ នៅពេល “The Warrior” ឃើញ​កូនក្រមុំ​ស្លៀកពាក់​ដ៏​ស្រស់ស្អាត រូបគេ​ពោរពេញ​ដោយ​មនោសញ្ចេតនា​លើសលប់​មួយ​រំពេច​។ 
 
Lee រំលឹក​ដំណើររឿង​៖«​យើង​ដើរ​ផ្លូវ​រួមគ្នា​តាំងពី​នៅ​វិទ្យាល័យ​ម្ល៉េះ​។ បើ​គិត​ទៅ​វា​រយៈពេល ៧ ឆ្នាំ​មកហើយ​តាំងពី​ជួបគ្នា​ដំបូង​។ ពេល​ឃើញ​កូនក្រមុំ​របស់ខ្ញុំ ខ្ញុំ​បាន​នឹកឃើញ​គ្រា​ដែល​យើង​ធ្លាប់​ឆ្លងកាត់​ជាមួយគ្នា​។ វា​ពិតជា​រំភើប​ណាស់​សម្រាប់​ខ្ញុំ និង​ជា​ថ្ងៃ​ដ៏​ពិសេស​មួយ​»​។ 
 
​មុន​ឈានដល់​ថ្ងៃ​ដ៏​សំខាន់​នៃ​ថ្ងៃ​មង្គល​ដ៏​មានន័យ Lee ក៏​សូម​អរគុណ​ដល់​ក្រុមគ្រួសារ​ដែល​ផ្ដល់​ក្ដី​ស្រលាញ់ និង គាំទ្រ​រហូតមក​។ មួយសន្ទុះ​មកទៀត ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion បាន​ដើរទៅ​កាន់​សួនច្បារ​ដ៏​ស្រស់ស្អាត​Waimea Valley ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ច្រាំង​កោះ Oahu ជាមួយនឹង​សម្លៀកបំពាក់​ពណ៌​ស និង​ស្បថសច្ចា​នៅ​ចំពោះមុខ​កូនក្រមុំ​ដ៏​ស្រស់​សោភា​របស់ខ្លួន​។ 


 
​កីឡាករ​មកពី​ក្លិប Evolve បាន​ម្ដែ​ង​ភាព​រីករាយ​យ៉ាង​ដូច្នេះ​៖«​គ្រួសារ​របស់ខ្ញុំ​តាម​គាំទ្រ​ខ្ញុំ​គ្រប់ពេលវេលា​។ វា​ជា​ថ្ងៃ​ដ៏​ពិសេស​។ ខ្ញុំ​មិន​នឹកស្មានថា​ថ្ងៃ​មង្គល​របស់ខ្ញុំ​ប្រព្រឹត្តទៅ​យ៉ាងណា​នោះទេ ប៉ុន្តែ​វា​ពិតជា​ល្អឥតខ្ចោះ​ដែល​មិន​នឹកស្មាន​ដល់​។ វា​ជា​ពិធី​ដ៏​ស្រស់បំព្រង រវាង​ប្ដី និង​ប្រពន្ធ​ថ្មីថ្មោង​របស់​យើង​»​។ 
 
​បរិយាកាស​នៅ Waimea Valley ពិតជា​អធិកអធម​ទាំង​កូនកំលោះ​និង​កូនក្រមុំ​រួមទាំង​ភ្ញៀវកិត្តិយស​ទៀតផង​។ ជាមួយគ្នា​នោះ​មាន​វត្តមានរ​បស់បង​ស្រី​ម្ចាស់​ខ្សែក្រវាត់ ONE Women’s Atomweight World Champion កីឡាការិនី “Unstoppable” Angela Lee និង​ប្ដី​របស់គេ​Bruno Pucci ទៀតផង​ដែល​មើលទៅ​អ្នក​ទាំងពីរ​រីករាយ​ក្រៃលែង​។ 
 
Lee ថ្លែង​ទាំង​រីករាយ​ទៀតថា ៖«​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​ឃើញ​ភ្ញៀវកិត្តិយស​ពេញចិត្ត​ពេញ​ថ្លើម​។ ពួកគេ​សប្បាយចិត្ត សើច​សប្បាយ  និង រាំ​កម្សាន្ត​។ ខ្ញុំ​មាន​អារម្មណ៍​ថា​អ្នក​រាល់គ្នា​សប្បាយ​ណាស់ និង​ជា​ពេល​ដ៏​កម្រ​»​។ 
 
​ពួកគេ​អញ្ជើញ​មក​ដើម្បី​ជា​សក្ខីភាព​ដល់​គូ​ស្វាមី​ថ្មីថ្មោង រួមទាំង​មាន​ចម្រៀង​កំដរ​បទ “Heaven” ច្រៀង​ដោយ Bryan Adams ទៀតផង​។ កីឡាករ​វ័យ ២១ ឆ្នាំ​ពិពណ៌នា​ពេល​ដ៏​អស្ចារ្យ​បែបនេះ​៖«​យើង​ស្រលាញ់​បទ​ចម្រៀង​ពី​ដើម​។ វា​ជា​បទ​ពីមុន​មានន័យ​។ ពួកយើង​រំភើបចិត្ត​ក្នុងការ​ចាប់ដៃគ្នា​ជា​គូជីវិត និង​មាន​អារម្មណ៍​ថា​ដូច​នៅលើ​ឋានសួគ៌​ជាមួយគ្នា​អីចឹង​»​។ 
 
 
​បើ​ក្រឡេក​មើលទៅ​ពិធី​ដ៏​សំខាន់​ក្នុង​ជីវិត​នេះ​របស់គេ​ទាំងពីរ​វិញ​ត្រូវបាន​គេ​មើលឃើញថា​មាន​ភាព​ដិតដល់ ទាំង​ការ​ញុាំ ការអបអរសាទរ​ដ​ល់​គូស្នេហ៍​ថ្មី និង មាន​សកម្ម​ភាពល្អៗ​រហូតដល់​ចប់​មុនពេល​អ្នក​ទាំងពីរ​ចេញមក​លា​ភ្ញៀវកិត្តិយស​នៅ​ឆ្នេរ Turtle​។ គ្រានោះ​មានការ​រាំង​កម្សាន្ត​សប្បាយ​ខ្លាំងណាស់​សម្រាប់​ភ្ញៀវ រហូតដល់​គូស្នេហ៍​ថ្មី​ត្រលប់​ទៅ​សណ្ឋាគារ​វិញ​៕



© រក្សាសិទ្ធិដោយ thmeythmey.com