COVID-19
ជាតិ
សង្គមជាតិ
កម្ពុជា រកចំណូលបាន១៦១លានដុល្លារ ពីការលក់អង្ករទៅក្រៅប្រទេស រយៈពេល៣ខែ
× ពីខែមករា ដល់ ខែមីនា ឆ្នាំ២០២០ កម្ពុជា នាំចេញអង្ករជាង២,៣សែនតោន ទៅទីផ្សារបរទេស ដោយទទួលបានចំណូល១៦១លានដុល្លារ។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
ការនាំអង្ករចេញទៅក្រៅប្រទេសរយៈពេល៣ខែ ក្នុងឆ្នាំ២០២០ មានការកើនឡើង៥ភាគរយ បើធៀបនឹងរយៈពេល៣ខែដូចគ្នាកាលឆ្នាំ២០២០។
ក្នុងចំណោមអង្ករជាង២,៣សែនតោន ដែលនាំចេញទៅក្រៅប្រទេស មានអង្ករក្រអូប៧៤ភាគរយ អង្ករស២៤ភាគរយ អង្ករចំហុយ១ភាគរយ និង អង្ករសរីរាង្គ១ភាគរយ។
នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ គឺថ្ងៃទី៣ និងថ្ងៃទី៤ ខែមេសា ដែលកម្ពុជា អាចនាំអង្ករចេញទៅក្រៅប្រទេស។ ចាប់ពីថ្ងៃទី៥ ខែមេសាទៅ កម្ពុជា ផ្អាកការនាំអង្ករចេញទៅក្រៅប្រទេសមួយរយៈ ដោយត្រូវរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ខណៈកម្ពុជា កំពុងជួបការលំបាកដោយសារការរាលដាលជំងឺកូវីដ-១៩ ដូចបណ្តាប្រទេសដទៃទៀតដែរ។
យ៉ាងណា កម្ពុជា ផ្អាកតែការនាំចេញអង្ករស (អង្ករធម្មតា) និង ស្រូវប៉ុណ្ណោះ ឯអង្ករក្រអូប នៅនាំចេញជាធម្មតា។
ប្រមុខរដ្ឋាភិបាល ជំរុញឲ្យថៅកែរោងម៉ាស៊ីកិតស្រូវ ឲ្យដើរប្រមូលទិញស្រូវពីកសិករ ហើយទន្ទឹមនឹងនេះ រដ្ឋាភិបាល បានត្រៀមកញ្ចប់ថវិកា ដើម្បីទុកទិញអង្ករពីរោងម៉ាស៊ីនកិតស្រូវ។ ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យមន្ត្រី ពង្រឹងវិស័យកសិកម្ម ដែលជាចំណុចខ្លាំងរបស់កម្ពុជា ដើម្បីទប់ទល់បញ្ហាសេដ្ឋកិច្ច បណ្តាលមកពីការរាលដាលជំងឺកូវីដ-១៩ នាកាលៈទេសៈនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com