COVID-19
ជាតិ
COVID-19៖ រដ្ឋមន្ត្រីកសិកម្ម ចេញវិធានការឲ្យមន្ត្រីខ្លួន ជំរុញការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣ មេសា បានចេញសេចក្ដីណែនាំ ស្ដីពីវិធានការជំរុញការងារបង្កបង្កើនផលកសិកម្មនៅក្នុងរដូវវស្សាឆ្នាំ២០២០។ តាមសេចក្ដីណែនាំខាងលើ លោក វេង សាខុន ប្រាប់ដល់មន្ត្រីកសិកម្ម ត្រូវជំរុញការបង្កបង្កើនផល និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការនៅក្នុងប្រទេសឲ្យបានគ្រប់គ្រាន់ក្នុងបរិបទកូវីដ-១៩។
ស្ថានភាពកូវីដ-១៩ កំពុងរីករាលដាលនៅទូទាំងសកលលោក និងក្នុងតំបន់មួយចំនួននៅកម្ពុជា ដែលអាចបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងអាហាររបស់ប្រជាពលរដ្ឋ។ ដើម្បីត្រៀមស្បៀងបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឲ្យបានគ្រប់គ្រាន់ ដោយធានាសន្តិសុខស្បៀង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវវិធានការមួយចំនួនដល់មន្ត្រីរបស់ខ្លួន។
បើតាមសេចក្ដីណែនាំខាងលើ អគ្គនាយកដ្ឋានកសិកម្ម ត្រូវជំរុញការអភិវឌ្ឍដំណាំស្រូវ ដំណាំសាកវប្បកម្មនិងដំណាំរួមផ្សំ និងដំណាំឧស្សាហកម្ម ដោយលើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាព។ បន្ថែមលើនេះ ត្រូវពង្រឹងវិធានការការពារដំណាំ និងភូតគាមអនាម័យ និងត្រូវត្រៀមបម្រុងគ្រាប់ពូជដំណាំ ក្រោមក្របខណ្ឌប្រព័ន្ធស្បៀងបម្រុងកម្ពុជាសម្រាប់ចែកជូនកសិករ។
សេចក្ដីណែនាំចុះហត្ថលេខាដោយលោក វេង សាខុន បន្តថា អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ មានគុណភាព អនាម័យ និងសុវត្ថិភាព។ លើសពីនេះ ត្រូវជំរុញឲ្យក្រុមហ៊ុនចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបង្កើនទុនវិនិយោគបន្ថែមទៀត និងត្រូវជំរុញក្រុមហ៊ុនផលិតចំណីសត្វ បង្កើនទុនសម្រាប់ការទិញវត្ថុធាតុដើមក្នុងស្រុក។ ជាមួយគ្នានេះ ត្រូវជំរុញសមាគមចិញ្ចឹមសត្វ ឲ្យបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គភាពជំនាញទទួលបន្ទុកផលិតកម្ម និងបសុព្យាបាល។
ដោយឡែកផ្នែករដ្ឋបាលជលផលវិញ ត្រូវជំរុញការអភិវឌ្ឍវារីប្បកម្មគ្រប់រូបភាពដល់កសិករ និងអ្នកវិនិយោគ ដើម្បីធានាការផ្គត់ផ្គង់ត្រី ដោយកាត់បន្ថយការនាំចូល។ រដ្ឋមន្ត្រីកសិកម្ម បន្តថា ត្រូវបង្កើនការផលិតកូនត្រីពូជឲ្យបានគ្រប់គ្រាន់ និងត្រូវផ្ដល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានហិរញ្ញវត្ថុដល់សហគមន៍នេសាទ។
រីឯមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តវិញ ត្រូវណែនាំដល់កសិករ និងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្មត្រៀមលក្ខណៈបង្កបង្កើនផលក្នុងរដូវវស្សាខាងមុខ។ មន្ទីរកសិកម្ម ត្រូវសម្របសម្រួលសហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរមូលដ្ឋាន ពិនិត្យនិងកំណត់តំបន់មានប្រភពទឹក។ ទន្ទឹមនឹងនេះ ត្រូវធ្វើជាអន្តរការីដ៌សកម្ម និងមានប្រសិទ្ធភាពរវាងអ្នកផលិត និងអ្នកប្រមូលទិញ។
សេចក្ដីណែនាំដដែល បន្តថា អង្គភាពអនុវត្តគម្រោងអភិវឌ្ឍន៍កសិកម្ម និងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ត្រូវជំរុញការអនុវត្តផែនការសកម្មភាពដែលបានអនុម័តរួច ដើម្បីបង្កើនផលិតកម្មស្បៀងអាហារ សម្រាប់ផ្គត់ផ្គង់សេចក្ដីត្រូវការក្នុងប្រទេសឲ្យបានគ្រប់គ្រាន់ក្នុងបរិបទកូវីដ-១៩ និងត្រូវរាយការណ៍ជាទៀងទាត់មកក្រសួងនូវលទ្ធផលដែលសម្រេចបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com