COVID-19៖ អេ​ស្ប៉ា​ញ ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​លំដាប់​ទី​ពីរ​បន្ទាប់​អាមេរិក​
COVID-19
អន្តរជាតិ
COVID-19៖ អេ​ស្ប៉ា​ញ ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង​លំដាប់​ទី​ពីរ​បន្ទាប់​អាមេរិក​
05, Apr 2020 , 10:21 am        
រូបភាព
រូបភាព Xinhua
រូបភាព Xinhua
​អេ​ស្ប៉ា​ញ បាន​ក្លាយជា​ប្រទេស​មាន​ករណី​ឆ្លង (COVID-19) ច្រើន​លំដាប់​ទី​ពី​រលើ​ពិភពលោក​ដោយ​នាំមុខ​អ៊ីតាលី ហើយ​ឈរ​បន្ទាប់ពី​អាមេរិក ក្រោយ​ការកើនឡើង​ករណី​ឆ្លង​ប្រចាំថ្ងៃ​។ ករណី​ឆ្លង​សរុប​របស់​អេ​ស្ប៉ា​ញ​មាន​១២៦១៦៨​នាក់ គិត​ត្រឹម​ថ្ងៃទី​៤ ខែមីនា​។ អាច​ចាត់ទុកថា​ជា​រឿង​ល្អ ករណី​ស្លាប់​នៅ​អេ​ស្ប៉ា​ញ បាន​ធ្លាក់​ពីរ​ថ្ងៃ​ជាប់​ផងដែរ​។ យ៉ាងណាមិញ រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​ប្រកាស​បន្ត​វិធាន​ការបិទ​ប្រទេសមួយ​រយៈពេល​ទៀត​។​

 
​បើតាម​យោងតាម​វេ​ប​សាយ Worldometer ដែល​ប្រមូល​តួលេខ​ឆ្លង COVID-19 ជុំវិញ​ពិភពលោក អេ​ស្ប៉ា​ញ​បាន​ហក់​ឡើងទៅ​លំដាប់​ទី​ពីរ ដោយមាន​អ្នក​ឆ្លង​ទូទាំងប្រទេស​ចំនួន​១២៦១៦៨ ដោយ​នាំមុខ​អ៊ីតាលី​ដែលមាន​ការឆ្លង​សរុប​១២៤៦៣២​នាក់​។ អាមេរិក​នៅតែ​ឈរ​លំដាប់​ទីមួយ​ដដែល ដោយមាន​អ្នក​ឆ្លង​ទាំងអស់​ជាង​៣១១០០០​នាក់​។​
 
​សម្រាប់​ករណី​ស្លាប់ អេ​ស្ប៉ា​ញ​ឈរ​ក្រោយ​អ៊ីតាលី​ដដែល ដោយមាន​ចំនួន​១១៩៤៧​នាក់ ទល់នឹង​១៥៣៦២​នាក់​។ នេះ​បើតាម​វេ​ប​សាយ​ដដែល ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៥ ខែមេសា​។​
 
​ខណៈ​ស្ថានការណ៍​នៅតែ​មិនទាន់​ធូរស្រាល នាយករដ្ឋមន្ត្រី​អេ​ស្ប៉ា​ញ ក៏​ប្រកាស​បន្ត​វិធានការ​វិធាន​ការបិទ​ប្រទេស​ទៀត​ដើម្បី​ទប់ស្កាត់​ការឆ្លង​បន្ថែម​។ អេ​ស្ប៉ា​ញ បានដាក់​ប្រទេស​ឲ្យ​ស្ថិតក្រោម​ការបិទ​ទាំងស្រុង​រយៈពេល​១៥​ថ្ងៃ ដោយ​អនុវត្ត​ពីថ្ងៃ​ទី​១៤ ខែមីនា​មក ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែមេសា​ខាងមុខ បន្ទាប់ពី​ត្រូវ​ពន្យារ​ម្ដង​ហើយ​។ លោកនាយក​រដ្ឋមន្ត្រី Pedro Sanchez អះអាងថា វិធានការ​នេះ កំពុងផ្ដល់​ផល​ហើយ ព្រោះ​ចំនួន​អ្នកស្លាប់​បាន​ធ្លាក់ចុះ ទោះ​ស្ថិតក្នុង​អត្រា​ខ្ពស់​ក្ដី​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍ លោក Sanchez បញ្ជាក់ថា គណៈរដ្ឋមន្ត្រី​របស់លោក នឹង​ស្នើ​ទៅកាន់​សភា​ដើម្បី​បន្ត​សុពលភាព​ស្ថាន​ភា​អាសន្ន​ក្នុងប្រទេស​លើក​ទី​ពីរ រហូតដល​ថ្ងៃទី​២៥ ខែមេសា​ទៀត​។ បើតាម​ប្រមុខ​រដ្ឋាភិបាល​រូបនេះ រយៈពេល​បន្ថែម​នេះ ជាការ​ផ្ដល់​ពេលវេលា​ឲ្យ​វិស័យ​សុខាភិបាល​អេ​ស្ប៉ា​ញ​រើខ្លួន​ឡើងវិញ​។​
 
​លើសពីនោះ លោក Sanchez អះអាងថា លទ្ធភាព​ដែល​ស្ថានភាព​អាសន្ន​ត្រូវ​បន្ត​ថែមទៀត​នៅតែមាន តែ​ការលើកលែង​ខ្លះ​អាច​ត្រូវបាន​អនុវត្ត បើ​ស្ថានការណ៍​ធូរស្រាល​៕

Tag:
 អេ​ស្ប៉ា​ញ​
  អាមេរិក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com