អ្នកស្រី ឱ វណ្ណ​ឌី​ន​៖ ទោះ​មិនមាន​ករណី​ឆ្លង​២​ថ្ងៃ ប៉ុន្តែ​មិនត្រូវ​បន្ធូរដៃ​ឡើយ​
COVID-19
ជាតិ
សុខភាព
អ្នកស្រី ឱ វណ្ណ​ឌី​ន​៖ ទោះ​មិនមាន​ករណី​ឆ្លង​២​ថ្ងៃ ប៉ុន្តែ​មិនត្រូវ​បន្ធូរដៃ​ឡើយ​
05, Apr 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​មិនបាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​នោះទេ ក្នុងពេល​២​ថ្ងៃ​ចុង​ក្រោយនេះ​។ ទោះជា​រក​មិនឃើញ​ករណី​ឆ្លង​ថ្មី ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល អះអាងថា នឹងមិន​បន្ធូរដៃ​ឡើយ ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ទេ​។ អ្នកស្រី ឱ វណ្ណ​ឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានបញ្ជាក់​ដូច្នេះ​នៅ​ថ្ងៃទី​៥​មេសា​នេះ ក្នុង​បណ្តាញ​តេ​ឡេ​ក្រាម តប​នឹង​សំណួរ​អ្នកសារព័ត៌មាន​។

 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អះអាង​ទៀតថា កម្ពុជា​នៅតែ​ប្រយ័ត្នប្រយែង​ជាប់​ជានិច្ច ជាពិសេស​ទប់ស្កាត់​ករ​ណី​ឆ្លង​ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ទៀត តាមរយៈ​ការអនុវត្តន៍​វិធាន​អនាម័យ​ឲ្យ​ខ្ជាប់ខ្ជួន​។ អ្នកស្រី ឱ វណ្ណឌី​ន បញ្ជាក់​ដូច្នេះ​៖«​ការចូលរួម​ទប់ស្កាត់ ការចម្លង​ពី​បុគ្គល​មួយ​ទៅ​បុគ្គល​មួយ នៅតែ​ជា​ចំណុច​សំខាន់​ចាំបាច់​ជាទីបំផុត ដែល​បងប្អូន​ប្រជាពលរដ្ឋ សូម​បន្ត​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​រៀងរាល់ថ្ងៃ​។ នេះ​គឺជា​ចំណុច​សំខាន់​ណាស់​។ មិនមែន​យើង​រក​មិនឃើញ​រយៈពេល​២​ថ្ងៃ​នេះហើយ យើង​គិតថា​មិនមាន​ការចម្លង យើង​បន្ធូរដៃ វា​នឹង​បែរជា​ឱកាស​មួយ​ដែល​វីរុស​កូ​វីដ​-១៩ អាច​វាយបក​មក​យើង​វិញ​»​។ 
 
​សម្រាប់​អ្នកស្រី ឱ វណ្ណឌី​ន ការរក​មិនឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ នា​២​ថ្ងៃ​ចុង​ក្រោយនេះ គឺ​គ្រាន់តែ​បង្ហាញ​ពី​ប្រសិទ្ធភាព នៃ​ការអនុវត្ត​វិធានការ​ទប់ស្កាត់​នានា​របស់​អ្នកពាក់ព័ន្ធ​ប៉ុណ្ណោះ មិនមែន​មានន័យថា កម្ពុជានឹង​លែងមាន​ករណី​ឆ្លង​នោះទេ​។ បើតាម​អ្នកស្រី ឱ វណ្ណ​ឌី​ន ក្រសួងសុខាភិបាល នឹង​វាយតម្លៃ​រួមគ្នា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ពី​ស្ថានភាព​នៃ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា នៅពេល​ខាងមុខ​។ មន្ត្រីជាន់ខ្ពស់​រូបនេះ បន្ត​បញ្ជាក់​ដូច្នេះ​៖ «​យើង​មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ ត្រូវ​ប្រយ័ត្ន​ខ្ពស់​ណាស់​ក្នុងដំណាក់កាល​នេះ ព្រោះ​ទើបតែ​ពីរ​ថ្ងៃ​មិនមាន​ករណី​ថ្មី​។ តាម​បច្ចេកទេស​គ្រាន់តែ​ជាការ​បង្ហាញ​នូវ​ប្រសិទ្ធភាព​អន្តរាគមន៍​របស់​យើង​ជា​បណ្តើរៗ តែប៉ុណ្ណោះ តែ​ស្ថានភាព​នៅ​ផុស​ស្រួយ​ណាស់​»​។ 
 
​ទន្ទឹមនឹងនេះ អ្នកស្រី ក៏​នៅតែ​ទទូច​ឲ្យ ប្រជាពលរដ្ឋ និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធាន​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​បន្តទៀត ដើម្បី​ទប់ស្កាត់​ការចម្លង​ជំងឺ​កូ​វីដ​-១៩ ពី​បុគ្គល​ម្នាក់ ទៅ​ម្នាក់ និង​ជាពិសេស​ផ្តាច់​ផ្លូវ​កុំ​ឲ្យ​មានការ​ចម្លង​ក្នុង​សហគមន៍​។​
 
​សូមបញ្ជាក់​គិត​ត្រឹម​ថ្ងៃទី​៥ ខែមេសា​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ១១៤​ករណី ក្នុងនោះ​អ្នកជា​សះស្បើយ មាន​ចំនួន ៥០​ករណី ឬ​ស្មើនឹង​ជាង ៤៣​ភាគរយ​នៃ​អ្នក​ឆ្លង​សរុប​។ ក្នុងចំណោម​អ្នកជា​សះស្បើយ​ទាំង​៥០​នាក់ មាន​ជនជាតិខ្មែរ​២៤​នាក់ ជនជាតិ​ចិន​១​នាក់​, អង់គ្លេស ៣​នាក់​, បែ​ល​ហ្សិ​ក​១​នាក់​, បារាំង​១៧​នាក់​, និង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៤​នាក់​៕

Tag:
 ឱ វណ្ឌ​ឌី​ន​
 ​សុខាភិបាល​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com