Covid-19៖ មី​យ៉ាន់​ម៉ា អំពាវនាវ​រក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ពី​សហគមន៍​អន្តរជាតិ​
COVID-19
អន្តរជាតិ
Covid-19៖ មី​យ៉ាន់​ម៉ា អំពាវនាវ​រក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ពី​សហគមន៍​អន្តរជាតិ​
06, Apr 2020 , 8:59 am        
រូបភាព
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា កំពុង​អំពាវនាវ​រក​ជំនួយ​សម្ភារ​ផ្នែក​វេជ្ជសាស្ត្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​រដ្ឋាភិបាល​អាចមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ការពារ និង​ទប់ស្កាត់​ការរីក​រាលដាល​ការឆ្លង​វីរុស Covid-19​។ សេចក្តីអំពាវនាវ​រប​ស់មី​យ៉ាន់​ម៉ា ធ្វើឡើង ស្រប​ពេលដែល​ប្រទេស មាន​ករណី​ឆ្លង​វីរុស​ប្រភេទ​រាតត្បាត​នេះ​រហូតដល់​ស្លាប់​ផងដែរ​នោះ​។

 
​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា តាមរយៈ​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​៣ មេសា បាន​អំពាវ​ដល់​ស្ថានទូត​បរទេស អង្គការ​អន្តរជាតិ និង​បណ្តា​ដៃគូ​បរទេស ដោយបាន​បញ្ជាក់​ពី​តម្រូវការ​ចាំបាច់​របស់​ក្រសួង​សុខ​ភិ​បាល​មី​យ៉ាន់​ម៉ា​ដើម្បី​បង្កើន​សមត្ថភាព​ការងារ​ពិនិត្យ និង​វិនិច្ឆ័យ​លើ​វីរុស Covid-19 រួមមាន​សម្ភារ​វេជ្ជសាស្ត្រ ជាពិសេស​នោះ ឧបករណ៍​ធ្វើតេស្ត​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Myanmar Times​។​
 
​តាម​សេចក្តីថ្លែងការណ៍​ដដែល​នោះ មី​យ៉ាន់​ម៉ា នឹងមិន​ភ្លេចគុណ​ឡើយ​ចំពោះ​បេសកកម្ម​ការទូត និង​ដៃគូ​អន្តរជាតិ ដែល​បាន​ផ្គត់ផ្គង់​សម្ភារ​វេជ្ជសាស្ត្រ​ដ៏​ចាំបាច់​នេះ​ដល់​មី​យ៉ាន់​ម៉ា ក្នុងដំណាក់កាល​លំបាក​នេះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​។​
​ជាមួយនឹង​សេចក្តី​អំពាវ​នេះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​អះអាង រដ្ឋាភិបាល កំពុងតែ​អនុវត្ត និង​ប្រើប្រាស់​គ្រប់​វិធានការ​ដើម្បី​ទប់​ស្កា​ប់​វីរុស​នេះ រាប់បញ្ចូល​ទាំង​ការទប់ស្កាត់​ចលនា​ប្រជាជន​ក្នុងការ​ធ្វើដំណើរ​ចេញ​ក្រៅ​អំឡុងពេល​ថ្ងៃ​ឈប់សម្រាក​ប្រពៃណីជាតិ​រយៈពេល​១០​ថ្ងៃ​ខាងមុខ​។​
 
​គិត​ត្រឹម​ថ្ងៃ​៤ មេសា មី​យ៉ាន់​ម៉ា មាន​ករណី​អ្នក​ឆ្លង​វីរុស Covid-19 ចំនួន​២០​ករណី ក្នុងនោះ មាន​ករណី​ស្លាប់​មួយ​ករណី​។ បច្ចុប្បន្ន មី​យ៉ាន់​ម៉ា ក៏បាន​ដាក់​ប្រជាជន ដែល​ជាប់​ពាក់ព័ន្ធ​ការឆ្លង ក៏ដូចជា​អ្នក​ទើបតែ​ត្រលប់​ចូល​ប្រទេស​វិញ រាប់ពាន់នាក់​ឲ្យ​ស្នាក់នៅ​ដាច់ដោយឡែក​តាមបែប​បទ​វេជ្ជសាស្ត្រ​ផងដែរ​៕ 

Tag:
 មី​យ៉ាន់​ម៉ា​
  Covid19
© រក្សាសិទ្ធិដោយ thmeythmey.com