COVID-19
អន្តរជាតិ
COVID-19៖ លោក អាបេ ត្រៀមដាក់ជប៉ុនក្នុងភាពអាសន្ន នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ។ រូបភាព៖ Reuters
× នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ អាចប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន បន្ទាប់ពីករណីឆ្លងជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅតែបន្តកើនឡើយយ៉ាងគំហុកនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan News នាថ្ងៃទី៦ ខែមេសា។
ចាប់តាំងពីមាន COVID-19នៅក្នុងប្រទេសមក ជប៉ុនបានចាត់វិធានការជាច្រើនដូចជាបិទសាលារៀនមួយចំនួន ស្នើឲ្យប្រជាជនស្នាក់នៅផ្ទះ និងមិនឲ្យមានការជួបជុំជាសាធារណៈជាដើម។ បន្ថែមពីលើនេះ ជប៉ុន ក៏បានធ្វើវិសោធនកម្មលើច្បាប់ស្តីពីការប្រកាសអាសន្នផងដែរ ដើម្បីទប់ស្កាត់ COVID-19 ដែលកំពុងតែអុកឡុកនៅជប៉ុន។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ិនហ្សូ អាបេ នាថ្ងៃទី៦ ខែមេសានេះ នឹងលើកឡើងពីបញ្ហាមួយចំនួន ជុំវិញដាក់ការដាក់ប្រទេសក្នុងភាពអាសន្ន។ បើតាមសារព័ត៌មាន The Japan News នៅក្នុងថ្ងៃដដែលនេះ លោកនាយករដ្ឋមន្ត្រី នឹងជួបជាមួយក្រុមអ្នកជំនាញ ដើម្បីពិនិត្យមើលថាតើជប៉ុនអាចដាក់ប្រទេសក្នុងភាពអាសន្ន បានដែរឬទេ។ បន្ទាប់ពីកិច្ចប្រជុំនេះ រដ្ឋាភិបាល នឹងរៀបចំផែនការមួយចំនួន ក្នុងការដាក់ប្រទេសក្នុងភាពអាសន្ន។
ប្រសិនគ្មានការប្រែប្រួលទេ លោក អាបេ អាចប្រកាសដាក់ជប៉ុនក្នុងភាពអាសន្ន នាថ្ងៃទី៧ ឬថ្ងៃទី៨ ខែមេសា បន្ទាប់ពីអ្នកឆ្លង COVID-19 ត្រូវបានគេរកឃើញជាបន្តបន្ទាប់។
យ៉ាងណាក៏ដោយច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្នរបស់ជប៉ុន គឺមិនដូចជាប្រទេសផ្សេងឡើយ ព្រោះច្បាប់នេះ មិនអាចចេញបញ្ជា ឬចាប់បង្ខំឲ្យបិទប្រព័ន្ធធ្វើដំណើរជាសាធារណបានឡើយ ហើយក៏មិនអាចចាប់បង្ខំបុគ្គលិកមិនឲ្យទៅធ្វើការបានដែរ។ បើតាមការអះអាងរបស់អភិបាលក្រុង Tokyo លោកស្រី Yuriko Koike ប្រសិនសិនបើជប៉ុនដាក់ប្រទេសក្នុងភាពអាសន្ន លោកស្រីនឹងជំរុញឲ្យប្រជាជនស្នាក់នៅផ្ទះ មិនឲ្យធ្វើដំណើរទៅណាបើមិនមានអ្វីសំខាន់ ហើយប្រព័ន្ធទូរគមនាគមន៍នៅតែបន្តដំណើរដដែល។ ដោយឡែកសម្រាប់សាជីវកម្មផ្សេងៗ ត្រូវគោរពតាមគោលការណ៍របស់រដ្ឋាភិបាល។
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៥ ខែមេសា ជប៉ុនមានករណី COVID-19 សរុបប្រមាន ៣៦០០ករណី អ្នកស្លាប់៨៥ករណី និងអ្នកជាសះស្បើយមានចំនួន ៥៧៥ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com