COVID-19
ជាតិ
សង្គមជាតិ
អង្គការសិទ្ធិមនុស្ស ស្នើ​ឲ្យ​កម្ពុជា កាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ជៀសវាង​ផ្ទុះ​កូ​វីដ​-១៩
06, Apr 2020 , 10:39 pm        
រូបភាព
អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ
អ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ
ដោយ: ថ្មីៗ
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Rights Watch) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​ជា​បន្ទា​ប់ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពន្ធនាគារ ដោយសារតែ​ពន្ធនាគារ​នៅ​កម្ពុជា មាន​ភាព​ចង្អៀត​ណែន​ខ្លាំង​។​


 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ដែល​ចេញ​នៅ​ថ្ងៃទី​៥ ខែមេសា ម្សិលមិញ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស មើលឃើញថា ការកាត់បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ គឺមាន​សារសំខាន់ ដើម្បី​ការពារ​កុំ​ឲ្យ​ផ្ទុះ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ពន្ធនាគារ​។ អង្គការ​នេះ បារម្ភ​ថា បើ​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង​ក្នុង​ពន្ធនាគារ គឺអាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ជាប់ឃុំ មន្ត្រី​ពន្ធនាគារ រួមទាំង​អាច​រាលដាល​ចេញមក​ខាងក្រៅ​ផងដែរ​។ 
 
​កម្ពុជា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ១១៤​នាក់​ហើយ ដោយបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​៥៣​នាក់ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០​។​
 
​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស លើក​ជា​យោបល់​ថា​៖«​អាជ្ញាធរ​កម្ពុជា គួរតែ​ដោះលែង​ជាបន្ទាន់ ចំពោះ​អ្នក​ជាប់ឃុំ​ណា ដែល​មើលទៅ​មិនគួរ​នឹង​ជាប់ឃុំ និង​អ្នក​ជាប់ឃុំ ក្នុង​បទល្មើស​ស្រាលៗ រួមទាំង អ្នកទោសនយោបាយ​។ អាជ្ញាធរ​កម្ពុជា គួរ​ពិចារណា​លើ​ជម្រើស​ផ្សេង ក្នុងការ​ឃុំខ្លួន​អ្នកទោស ដែលមាន​បញ្ហា​សុខភាព អ្នកទោស​ចាស់ជរា និង​អ្នកទោស​ជា​ស្ត្រី ដែលមាន​ផ្ទៃពោះ ឬ​ជាប់ពន្ធនាគារ​ជាមួយ​កូនតូចៗ​»​។​

របាយការណ៍​ពី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន កម្ពុជា មាន​អ្នក​ជាប់ឃុំ​សរុប​ជាង​៣,៨​ម៉ឺន​នាក់ ដោយ​ក្នុងនោះ ស្ត្រី មាន​ជាង​២,៥​ពាន់​នាក់​។ 

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ អស់សំណើច ពេលឮ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ទើបតែនឹង​មក​ផ្តល់យោបល់​ដល់​រដ្ឋាភិបាល​កម្ពុជា​នាពេលនេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់វិធានការ​រួច​អស់​ទៅហើយ ក្នុង​ការពារ​ពារ​អ្នក​ជាប់ឃុំ ពី​ជំងឺ​កូ​វីដ​-១៩​។ លោក និយាយថា មកដល់ពេលនេះ មិនទាន់មាន​អ្នក​ជាប់ឃុំ​ណា​ម្នាក់ ឆ្លង​ជំងឺ​កូ​វីដ​-១៩​ឡើយ​។​

ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​មាន​ថ្មីៗ តាម​ទូរស័ព្ទ នា​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២០ អ្នកនាំពាក្យ​មហាផ្ទៃ​រូបនេះ ចំអក​ទៅ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា​៖«​គេ ចាត់វិធានការ​តាំងពី​មុន​ហ្នឹង​ម្ល៉េះ គិតតែ​ធ្វើ​ការយក​ប្រាក់ខែ​ខ្លួនឯង​ទៅបាន​ហើយ​...​ប្រាប់​ឆ្លើយ​ទៅវិញ កុំ​ចេះ​ឈឺឆ្អាល គេ ចេះ​ជាង Human Rights Watch  ទៀត​»​។​

​អ្នកនាំពាក្យ​មហាផ្ទៃ បន្តថា រដ្ឋាភិបាល បានសម្រេច​លែង​អនុញ្ញាត​ឲ្យ​សាច់ញាតិ​ឬ​អ្នកពាក់ព័ន្ធ ទៅសួរសុខទុក្ខ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យមានការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលទៅក្នុង​ពន្ធនាគារ​។ លោក បន្ថែមថា បើ​មាន​អ្នកណា ចង់យក​របស់​ហូបចុក​ឬ​សម្ភារ​ផ្សេងៗ ទៅជូន​អ្នក​ជាប់ឃុំ គឺអាច​ផ្ញើ​តាម​មន្ត្រី​ពន្ធនាគារ​។ លោក និយាយថា​៖«​គេ​មិន​ឲ្យ​ជួប​ទេ គេ​ខ្លា​ចណាស់ ខ្លាច​ផ្ទុះ [​ជំងឺ​ហ្នឹង​ក្នុង​ពន្ធ​គារ​]»​។ 
 
​លោក នុត សវ​នា អគ្គនាយករង​និង​ជា​អ្នកនាំពាក្យ​អគ្គនាយដ្ឋាន​ពន្ធនាគារ ដែល​ផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ​ តាមទូរស័ព្ទដែរនោះ  អះអាងថា លុះត្រា​តែមាន​ភាពចាំបាច់​បំផុត ទើប​មន្ត្រី​មាន​សមត្ថកិច្ច ពិចារណា​ពីការ​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ជាប់ឃុំ​។ លោក អធិប្បាយ​ទៀតថា បើ​មេធាវី សុំ​ជួប​កូនក្តី​ក្នុង​ពន្ធនាគារ មន្ត្រី​មាន​សមត្ថកិច្ច នឹង​ពិនិត្យ​ពី​ករណី​សុំ​ជួប​នោះ មុននឹង​សម្រេច​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​។​
 
​លោក បញ្ជាក់ថា​៖«​ខ្ញុំ មិនអាច​ឲ្យ​និយមន័យ​ថា ភាពចាំបាច់​ហ្នឹង គឺ​យ៉ាងម៉េច​ទេ តែ​ទាល់តែ​យើង​ពិនិត្យ​ទៅ​ឃើញថា សំខាន់​ខ្លាំង ទើប​យើង​អាច​ឲ្យ​ជួប​»​។ 
 
​វិធានការ​ផ្អាក​មិន​ឲ្យ​ទៅសួរសុខទុក្ខ​អ្នក​ជាប់ឃុំ ត្រូវបាន​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើកឡើង កាលពី​ថ្ងៃ​២០ ខែមីនា ឆ្នាំ​២០២០​។ រដ្ឋមន្ត្រី​មហាផ្ទៃ បញ្ជាក់​នាពេលនោះ​ថា​៖«​ពន្ធនាគារ យើង ក៏មាន​វិធានការ ដើម្បី​ការពារ​ដែរ ធ្វើ​ម៉េច​កុំ​ឲ្យ​ឆ្លង​ដល់​អ្នក​កំពុង​ជាប់ឃុំ​។ កាលណា ឆ្លង​ដល់​អ្នក​ជាប់ឃុំ វា​អាចមាន​បញ្ហា​ស្មុគស្មាញ​ច្រើន​...»​។​
 
​សម្តេច ស ខេង មានប្រសាសន៍​ក្នុង​ពិធី​ផ្ទេរតំណែង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​ថា បច្ចុប្បន្ន ការកកស្ទះ​សំណុំរឿង​នៅតាម​តុលាការ កាត់​តែមាន​ភាពស្មុគស្មាញ ហើយ​អ្នក​ជាប់ឃុំ​ជាច្រើន មិនទាន់​ត្រូវបាន​ដោះស្រាយ (​មិនទាន់​ជំនុំជម្រះ​)​។​
 
​កន្លងមក អង្គការ​សង្គម​ស៊ីវិល​នានា តែង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​ភាព​កកស្ទះ​ក្នុង​ពន្ធនាគារ​នេះ​។ រដ្ឋាភិបាល ក៏​ទទួលស្គាល់​ដែរ​ថា ពន្ធនាគារ​កម្ពុជា ពិតជា​មាន​ភាព​កកស្ទះ ដោយសារតែ​អ្នក​ជាប់ឃុំ កើនឡើង​ច្រើន​៕ 

Tag:
 COVID-19
  អ្នក​ជាប់ឃុំ​
© រក្សាសិទ្ធិដោយ thmeythmey.com