COVID-19
អន្តរជាតិ
WHO៖ ម៉ាស់តែមួយមុខ មិនអាចបញ្ចប់ COVID-19 បានទេ លោកប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus។ រូបភាព៖ AFP
× ប្រមុខអង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី៦ ខែមេសា បានបញ្ជាក់ថា ម៉ាស់ត្រូវបានគេដឹកជញ្ជូនទៅគ្រប់ទីកន្លែង តែមិនអាចដោះស្រាយបញ្ហាបានទេ ខណៈទឹកលាងដៃ និងការរក្សាគម្លាតសង្គម (Social Distancing) នៅតែមានបញ្ហាលំបាក។ បន្ថែមពីនេះ អង្គការសហប្រជាជាតិ ក៏ត្រៀមសហការជាមួយតារាចម្រៀង Lady Gaga ផងដែរ ដើម្បីផ្សព្វផ្សាយវិធានការទប់ស្កាត់ COVID-19។
តាមរយៈសន្និសីទកាសែតនាទីក្រុងហ្សឺណែវ អគ្គនាយកអង្គការសុខាភិបាលពិភពលោក Tedros Adhanom Ghebreyesus បានអះអាងថា ប្រទេសមួយចំនួនបានប្រើប្រាស់ម៉ាស់យ៉ាងច្រើន ខណៈពេលការប្រើប្រាស់ទឹកលាងដៃ និងការរក្សារគម្លាត មិនមានការគិតគូរច្រើន និងពិបាកក្នុងការអនុវត្ត។ ការណ៍នេះគឺបណ្តាលមកពីកង្វះទឹកប្រើប្រាស់ និងលក្ខខណ្ឌនៃការរស់នៅជាដើម។ តួយ៉ាងដូចជានៅតំបន់អាហ្វ្រិកជាដើម គឺមានការខ្វះខាតទឹកប្រើប្រាស់យ៉ាងខ្លាំង ចំណែកលក្ខខណ្ឌរស់នៅក្នុងតំបន់នេះ ក៏ពិបាកផងដែរ។
យ៉ាងណាក៏ដោយ លោក Tedros បានពន្យល់ថា ម៉ាស់គួរតែប្រើប្រាស់ជាផ្នែកមួយ នៃប្រព័ន្ធសុខាភិបាល ហើយមិនគួរប្រើប្រាស់ឲ្យទូលំទូលាយពេកទេ ខណៈមន្ត្រីសុខាភិបាលនៅប្រទេសមួយចំនួន កំពុងខ្វះខាតម៉ាស់ក្នុងព្យាបាលអ្នកជំងឺ។
បើតាមលោកប្រមុខ WHO វាគ្មានចម្លើយខុស ឬត្រូវនោះទេ ហើយម៉ាស់ គឺមិនអាចប្រៀបបាននឹង«គ្រាប់កាំភ្លើង»ក្នុងការបញ្ចប់ COVID-19 ឡើយ។ អ្វីដែលសំខាន់ ទាំងគោលការណ៍ ទាំងការលាង ការរក្សាគម្លាត និងពាក់ម៉ាស់ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
បន្ថែមពីលើនេះ អង្គការសុខភាពពិភពលោក ក៏ត្រៀមសហការជាមួយតារាចម្រៀង Lady Gagaផងដែរ ដើម្បីចូលរួមផ្សព្វផ្សាយឲ្យប្រជាជនស្នាក់នៅផ្ទះបណ្តោះអាសន្ន។ « ពិភពលោកតែមួយ។ ស្នាក់នៅផ្ទះទាំងអស់គ្នា» គឺជាប្រធានបទនៃការប្រគំតន្ត្រី ដែលនឹងមានការចូលរួមពីតារាចម្រៀង Lady Gaga, លោក Andrea Bocelli, លោក Chris Martin, តារាបាល់ទាត់ David Beckham, លោក Elton John និងតារាផ្សេងទៀត នឹងប្រារព្ធនាថ្ងៃទី១៨ ខែមេសា។
ក្រៅពីនេះ លោក Tedros ក៏បានសំណូមពរឲ្យអ្នកវិទ្យាសាស្ត្រទាំងអស់ កុំយកតំបន់អាហ្វ្រិកជាទីកន្លែងសាកល្បងវ៉ាក់សាំង COVID-19 ព្រោះនេះ គឺជាទង្វើប្រកាន់ពូជសាសន៍ និងអសីលធម៌ ហើយលោកក៏សង្ឃឹមដែរថា សកម្មភាពនេះនឹងមិនកើតឡើងនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com