ជាតិ
អាកាសធាតុ​នឹង​ចុះ​កម្ដៅ​បន្តិច និង​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់ ពីថ្ងៃ​ទី​៨-១៤ ខែមេសា
08, Apr 2020 , 8:29 am        
រូបភាព
រូបភាពពីក្រសួងធនធានទឹក និងឧត្តុនិយម
រូបភាពពីក្រសួងធនធានទឹក និងឧត្តុនិយម
​ភ្នំពេញ​៖ ពីថ្ងៃ​ទី​៨ ដល់​ថ្ងៃទី ១៥ ខែមេសា កម្ពុជា​នឹង​ទទួលរង​ជ្រលង​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា ដែល​ធ្វើឱ្យ​អាកាសធាតុ នឹង​ចុះ​កម្ដៅ​មួយកម្រិត ដោយមាន​សីតុណ្ហភាព​អតិបរមា​ពី​៣២-៣៧​អង្សា និង​បណ្ដា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​។


 
​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៥-២៧ អង្សា និង​សីតុណ្ហភាព​អតិបរមា ពី​៣៤-៣៧​អង្សា​។ ហើយ​បណ្ដា​ខេត្ត​នានា នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​
 
​រីឯ បណ្ដា​ខេត្ត​នៅ​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា​ពី ២៤-២៦ អង្សា និង​សីតុណ្ហភាព​អតិបរមា ពី​៣២-៣៤ អង្សា​។ ផ្នែក​មួយចំនួន នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ 
 
​ចំណែក​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ពី​២៥-២៧​អង្សា និង​សីតុណ្ហភាព អតិបរមា​ពី​៣៣-៣៤​អង្សា ហើយ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​។ 
 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​នេះ​៕

Tag:
 អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com