ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កម្មករ​កាត់ដេរ​រៀបរាប់​ការលំបាក និង​បំណុល ដោយសារ​រោងចក្រ​ផ្អាក​ដំណើរការ​
08, Apr 2020 , 7:59 pm        
រូបភាព
ស៊ឹម ស្រីអូន ដែលជាកម្មករកាត់ដេរត្រូវបានព្យួរការងារ កាលពីចុងខែមីនា កំពុងអង្គុយមើលកូនស្រី នៅក្រោមផ្ទះ ក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)
ស៊ឹម ស្រីអូន ដែលជាកម្មករកាត់ដេរត្រូវបានព្យួរការងារ កាលពីចុងខែមីនា កំពុងអង្គុយមើលកូនស្រី នៅក្រោមផ្ទះ ក្នុងភូមិពង្រ ឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ (ស៊ុន ណារិន/VOA)
ដោយ: VOA
​ភូមិ​ពង្រ ស្រុក​បរសេដ្ឋ កំពង់ស្ពឺ ៖ ភូមិ​ពង្រ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​—​ជិត​៥​ឆ្នាំ​មកហើយ ដែល​អ្នកស្រី​ស៊ឹម ស្រីអូន​ត្រូវ​ក្រោក​ពី​ព្រឹក​ព្រលឹម គឺ​ចាប់ផ្តើម​ចេញដំណើរ​តាម​រថយន្ត នៅ​ម៉ោង​៥​កន្លះ ទៅ​ធ្វើការ​រោងចក្រ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​៤១ ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។  ប៉ុន្តែ​រយៈពេល​ជាង​មួយ​សប្តាហ៍​មកហើយ អ្នកស្រី​នៅផ្ទះ​មើលថែ​កូនស្រី​ឈ្មោះ លាង ក្វាន់ តា អាយុ​១​ឆ្នាំកន្លះ ដោយសារ​អ្នកស្រី​ត្រូវបាន​ព្យួរការងារ​រោងចក្រ ដែល​អ្នកស្រី​ពឹងផ្អែក​សម្រាប់​ជីវភាព​រស់នៅ​រាប់​ឆ្នាំ​មកហើយ​។​

 
​កំពុង​អង្គុយ​យោល​កូន​ឲ្យ​គេង​ក្នុង​អង្រឹង​នៅក្រោម​ផ្ទះ  អ្នកស្រី​ស៊ឹម ស្រីអូន អាយុ​៣៩​ឆ្នាំ កំពុង​ព្រួយបារម្ភ​អនាគត​កូន​របស់​អ្នកស្រី​ទាំង​៤​នាក់ ដែល​៣​នាក់​នៅ​តូចៗ​នៅឡើយ​និង​កំពុង​សិក្សា​។​
 
​រស់នៅក្នុង​ភូមិ​ពង្រ ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកស្រី ស៊ឹម ស្រីអូន​ជា​កម្មករ​រោងចក្រ​ជិត​១០​ឆ្នាំ​មកហើយ​។ ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ  អ្នកស្រី និង​ប្អូនស្រី​ដែល​ធ្វើការ​រោងចក្រ​ផលិត​កាបូប​ឈ្មោះថា​Winning Dragon Leatherwear Cambodia​ជាមួយគ្នា ត្រូវបាន​ព្យួរការងារ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មានការ​ព្រួយបារម្ភ​ចំពោះ​បំណុល​ដែល​ជំពាក់​គេ និង​អនាគត​កូនៗ​របស់​អ្នកស្រី​។​
 
​កាលពី​ថ្ងៃអាទិត្យ ពេល​កំពុង​យោល​កូន​ឲ្យ​គេង​ក្នុង​អង្រឹង អ្នកស្រី​បាន​ថ្លែងប្រាប់​VOA​ថា​៖ 
 
«​បារម្ភ​ជាងគេ មានតែ​អត់លុយ​បង់​រដ្ឋ​[​បង់​ធនាគារ​]​តែ​ប៉ុណ្ណឹង​។  អត់លុយ​បង់​គេ  ខ្លាច​តែ​គេ​មក​ទារ​មុខក្រោយ  ប៉ុន្តែ​គេ​អត់​មក​ទារ​។​គេ​គ្រាន់តែ​ព្រមាន​យើង​អីចឹង​ណា៎​។​ប៉ុន្តែ​ខ្ញុំ​នៅមាន​សង្ឃឹមថា រក​សង​គេ តិចតួច​អីចេះ​តែរ​កបង់​គេ ។ អត់​ការងារ​ពី​ខាង​ហ្នឹង  យើង​រក​ផ្សេង​ពី​ហ្នឹង​ទៀត​ទៅ​!»
 
​ដោយសារ​វីរុស​កូ​រ៉ូ​ណា ដែល​នាំ​មិនមាន​ការបញ្ជាទិញ និង​កង្វះ​វត្ថុធាតុដើម​កម្មករ​រោងចក្រ​រាប់ម៉ឺន​នាក់​ត្រូវបាន​ព្យួរ​ឬ​បញ្ឈប់​ពី​ការងារ​តែម្តង​។  ការណ៍​នេះ​នាំ​ឲ្យ​កម្មករ​ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​ការ​មិនមាន​ចំណូល​ទៅ​ថ្ងៃ​ខាងមុខ  ខណៈ​កំពុង​ភ័យខ្លាច ថា​សងបំណុល​គេ​មិនបាន​។​
 
​អ្នកស្រី​ស៊ឹម ស្រីអូន​ត្រូវបាន​រោងចក្រ​ឲ្យ​ឈប់​រយៈពេល​២​ខែ ចាប់ពី​ថ្ងៃទី​២៧​ខែមីនា ឆ្នាំ​២០២០​។​ការបាត់បង់​ការងារ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​ជួប​ការលំបាក​ក្នុងការ​សងបំណុល​គេ​ដែល​អ្នកស្រី​ត្រូវ​បង់​ប្រមាណ​១៣០​ដុល្លារ​ក្នុង​មួយខែ រយៈពេល​ជាង​១២​ខែ​ទៀត​។​កាលពី​ឆ្នាំមុន អ្នកស្រី​បាន​ខ្ចីប្រាក់​គេ​ប្រមាណ​២៥០០​ដុល្លារ​អាមេរិក ដើម្បី​ទិញ​ម៉ូតូ​ឌ្រី​ម​មួយគ្រឿង និង​ទុក​ខ្លះ​សម្រាប់​ចាយវាយ​។​
 
​អ្នកស្រី​មិន​ច្បាស់​ថា​តើ​អ្នកស្រី​នឹង​ទទួលបាន​ការងារ​ធ្វើ​នៅ​ថ្ងៃ​ខាងមុខ​ឬ​យ៉ាងណា​នោះទេ​។​


រោងចក្រWinning Dragon Leatherwear Cambodia ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ៤១ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ផ្អាកដំណើរការបណ្តោះអាសន្ន។ (ស៊ុន ណារិន/VOA)
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ឧបមា​ថាបើ​ការងារ​ធ្លាប់ធ្វើ​ហើយ បើ​អត់​ការងារ​ធ្វើ ខ្ញុំ​សុខចិត្ត​មក​នៅផ្ទះ ឲ្យ​ប្តី​ដើរ​ម្តង  បើ​ធ្វើ​ច្រើន​ឆ្នាំ​ដែរ​ហើយ​។​ណាមួយ​ក៏​រៀង​ចាស់​ដែរ​ហើយ ទៅណា​ទៀត​ក៏​គេ​អត់​យក​ដែរ​»​។​
 
​កាល​អ្នកស្រី​នៅមាន​ការងារ​រោងចក្រ​ធ្វើ  ប្តី​អ្នកស្រី​ជា​អ្នកទទួលខុសត្រូវ​មើល​កូនតូចៗ​នៅផ្ទះ​។  ប៉ុន្តែ​កូនស្រី​របស់​អ្នកស្រី​ឈ្មោះ​លាង ធារ៉ា អាយុ​១៩​ឆ្នាំ ជា​អ្នករក​ចំណូល​ជួយ​គ្រួសារ​។ ធារ៉ា​ទើបតែ​ចូលធ្វើការ​រោងចក្រ​កាត់ដេរ​បាន​ប្រមាណ​កន្លះ​ឆ្នាំ​។  អ្នកស្រី​ស៊ឹម ស្រីអូន​មានប្រសាសន៍ថា ការ​ឲ្យ​កូន​ធ្វើការ​រោងចក្រ​គឺ​ដើម្បី​ដោះស្រាយ​បំណុល​ដែល​ជំពាក់​គេ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖
 
«​ជីវភាព​យើង​វា​អត់​សូវ​គ្រប់គ្រាន់  ឲ្យ​កូន​ទៅ​ជួយរ​កបង់​រដ្ឋ​។  ណាមួយ ខ្ញុំ​នឹក​ឃើញថា រក​បង់​គេ​អត់​ទាន់  ឲ្យ​កូន​ជួយ​រក​ខ្លះ​អ៊ីចឹងទៅ​!​ដូច​ថា​ខ្ញុំ​អត់​បានធ្វើ ឲ្យ​កូនរ​កមក​ទប់ៗ​អ៊ីចឹងទៅ​!»
 
​ប៉ុន្តែ​អ្នកស្រី​មាន​អារម្មណ៍​ធូរស្បើយ​បន្តិច ដោយសារ​រោងចក្រ​ដែល​កូន​អ្នកស្រី​ធ្វើការ​មិនទាន់​ផ្អាក​ដំណើរការ​នៅឡើយ​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ 
 
«​បើ​រោងចក្រ​កូន​ខ្ញុំ អត់​មាន​ទាន់​ឮថា ផ្អាក ឮថា​អី​ទេ  ខ្ញុំ​សួរ​វា​ថា មី​អូន រោងចក្រ​មី​អូន​ម៉េច​ដែរ​?  អូ​! ម៉ែ​អ្ហើ​យ មិន​ខ្វះ​អី​ធ្វើ មានតែ​ខ្ជិល​ធ្វើ​»​។​
 
​បច្ចុប្បន្ននេះ អ្នកស្រី​មានកូន​ស្រី​៣​នាក់​ក្នុងបន្ទុក ក្នុងនោះ​មានកូន​ស្រី​អាយុ​១​ឆ្នាំកន្លះ ឈ្មោះ​លាង ក្វា​ន់តា ដែល​អ្នកស្រី​ថា​តែងតែ​ឈឺ​ញឹកញាប់​។​
 
​ប្អូន​របស់​អ្នកស្រី​ដែល​ធ្វើការ​រោងចក្រ​ដូចគ្នា គឺ​អ្នកស្រី​ស៊ឹម ណែម អាយុ​២៨​ឆ្នាំ ហើយ​ដែល​បានធ្វើការ​ក្នុង​វិស័យ​កាត់ដេរ​ជាង​១០​ឆ្នាំ​មកហើយ មានប្រសាសន៍ថា​អ្នកស្រី​បាន​បើក​ប្រាក់ខែ​ចុងក្រោយ​ហើយ​រោងចក្រ​ថា នឹង​បើក​ប្រាក់ខែ​៤០​ភាគរយ ដោយសារ​ព្យួរការងារ នៅ​ចុងខែ​មេសា ខាងមុខ​។  អ្នកស្រី​ក៏​ជាប់បំណុលគេ​ដូច​បងស្រី​ដែរ  ដោយសារ​ខ្ចីលុយ​គេ​ចំនួន​៥​ពាន់​ដុល្លារ​មក​ធ្វើ​ផ្ទះ​។​
 
​ប្រជាជន​នៅតាម​ជនបទ​ភាគច្រើន​ជាប់បំណុល​មីក្រូហិរញ្ញវត្ថុ ធនាគារ និង​បំណុល​ឯកជន​។ ករណីខ្លះ​ពួកគេ​បាន​យក​កម្ចី​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជាច្រើន​ផ្សេងៗ​គ្នា​និង​ការខ្ចី​បែប​ឯកជន​ដែលមាន​ការប្រាក់​ខ្ពស់​។  ការណ៍​នេះ​នាំ​ឲ្យ​ពួកគេ​ធ្លាក់ខ្លួន​ក្នុង​អន្ទាក់​បំណុល ហើយ​ស្ថានភាព​រស់នៅ​របស់​ពួកគេ​កាន់តែ​លំបាក ដោយសារ​ត្រូវ​រកលុយ​សងបំណុល​គេ​ជា​រៀងរាល់ខែ​។ មានការ​ប៉ាន់ប្រមាណ​ថា  ប្រជាពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​២,៦​លាន​នាក់​កំពុង​ជាប់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​
 
​កាលពីដើម​ខែមីនា  លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ពន្យារពេល​ការបង់ប្រាក់ ឬក៏​មិន​គិតការ​ប្រាក់​សម្រាប់​កម្មក​រ​រោងចក្រ​កាត់ដេរ ដែល​ប្រឈម​នឹង​ការព្យួរ​ការងារ នៅតាម​រោងចក្រ​ទូទាំងប្រទេស ដោយសារតែ​ផលប៉ះពាល់​នៃ​វីរុស​កូ​រ៉ូ​ណា​មកលើ​សេដ្ឋកិច្ច​។​
 
​កាលពី​កន្លងទៅ  លោក ហ៊ុន សែន មានប្រសាសន៍ថា កម្មករ​ទាំងអស់​ដែល​ត្រូវបាន​ព្យួរការងារ​បណ្ដោះអាសន្ន​នឹង​ទទួលបាន​ប្រាក់ខែ​៦០​ភាគរយ​នៃ​ប្រាក់​ឈ្នួល​គោល ដោយ​ថៅកែ​រោងចក្រ​ផ្ដល់​៤០​ភាគរយ និង​រដ្ឋ​ផ្ដល់​២០​ភាគរយ​។  ប៉ុន្តែ​កម្មករ​កំពុង​ព្រួយបារម្ភ​ថា ពួកគេ​នឹងមិន​ទទួលបាន​ប្រាក់​៤០​ភាគរយ​ទេ ដោយសារ​រោងចក្រ​ប្រឈម​នឹងខ្វះ​ថវិកា​ផងដែរ​។​


រូបឯកសារ៖ ធនាគារ​អេស៊ីលីដាគឺ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​នៅ​កម្ពុជា ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាជន​ខ្មែរ ​ថ្ងៃទី១៩ កុម្ភៈ ២០១៧។ (នៅ វណ្ណារិន/VOA)
 
​អ្នកស្រី​ស៊ឹម ស្រីអូន​មានប្រសាសន៍ថា  អ្នកស្រី​មិនទាន់​ទទួលបាន​ប្រាក់​២០​ភាគរយ ដែល​រដ្ឋាភិបាល​បានប្រកាស​នោះទេ​។​
 
VOA មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​ពី​លោក ហេង សួរ អ្នកនាំពាក្យ​របស់​ក្រសួង​ការងារ​បាន​នៅឡើយ​ទេ​។​
 
​កាលពី​សប្តាហ៍​មុន  សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) បានបង្ហាញ​ការព្រួយបារម្ភ ដោយសារ​ការបញ្ជាទិញ​ត្រូវបាន​លុបចោល ដែល​ប៉ះពាល់​ដល់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ប៉ះពាល់​កម្មករ​ដែល​ធ្វើការ​លើ​វិស័យនេះ​រាប់ម៉ឺន​នាក់​។  សមាគម​ដែល​តំណាង​ឲ្យ​រោងចក្រ​នៅ​ទូទាំងប្រទេស​បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​បណ្តា​អ្នកបញ្ជា​ទិញ​អន្តរជាតិ ទទួលយក​ការដឹកជញ្ជូន​ទំនិញ និង​បន្ត​ការទូទាត់​ដែល​បាន​ព្រមព្រៀង​សម្រាប់​ទំនិញ ដែល​បាន​ផលិត​រួចហើយ ក៏ដូចជា​ទំនិញ​ដែល​បាននិងកំពុង​ផលិត​។​
 
​លោក ឯក មឿ​ន មេឃុំ​ទួលសាលា​ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជា​ឃុំ​សំបូរ​ទៅដោយ​កម្មករ​រោងចក្រ មានប្រសាសន៍ថា  ប្រជាជន​ប្រមាណ​១២១៥​នាក់​ក្នុងចំណោម​ប្រជាជន​ទាំងចាស់​ក្មេង​សរុប​ជាង​៨​ពាន់​នាក់​ក្នុង​ឃុំ​លោក​ពឹង​ផ្អែកលើ​វិស័យ​កាត់ដេរ​នេះ​។  ប៉ុន្តែ​លោក​មិនមាន​ទិន្នន័យ​ថា តើ​កម្មករ​ប៉ុន្មាន​នាក់​ក្នុង​ឃុំ​របស់លោក​ត្រូវបាន​ព្យួរ​ពី​ការងារ​នោះទេ​។​លោក​បន្តថា វិស័យ​កាត់ដេរ​នេះ​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ​ធូរធារ​។​
 
​លោក​បាន​ថ្លែងប្រាប់​VOA​ថា​៖
 
«​វា​ប៉ះៗ​ហើយ​វា​មិន​អត់​ទេ​!​ធម្មតា​ហើយ  យើង​អត់​ការងារ​ធ្វើ​ចេះតែ​រកមុខ​របរ​ផ្សេងទៀត​ទៅ​! អ្នកធ្វើ​កម្មករ​កូន​កសិករ​សុទ្ធ មានតែ​ស្រែ យើង​បន្ត​អាជីវកម្ម​កសិកម្ម​ស្រែ​ភ្លឺ​អី​ទៅ​!»
 
​ប្រសិនបើ​កម្មករ​ត្រូវបាន​ព្យួរ​ពី​ការងារ​មេឃុំ​រូបនោះ​មានប្រសាសន៍ថា  ពួកគេ​នៅសល់​លុយ​ខ្លះ​អាច​ចិញ្ចឹម​គ្រួសារ​រហូតដល់​ស្ថានភាព​ដំណើរការ​ឡើងវិញ​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​ប៉ុន្តែ​លុយ​គេ​នៅមាន​សល់​តើ ! មាន​អត់​អី​ទេ​!​មិនមែន​ប៉ះពាល់​រហូត​អី​ទេ​!​។​បន្តិចទៀត​រាជរដ្ឋាភិបាល​ការពារ​បានល្អ​ប្រពៃ​រ៍​ទៅ​!​ដំណើរការ​វិញ​ទៅ​!  វា​អត់​អី​ទេ​។  លុយ​គេ​សល់​ខ្លះ​ដែរ​»​។​
 
​លោក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​ថ្លែងប្រាប់​VOA​នៅ​ថ្ងៃ​ច័ន្ទ​ថា​រហូតមក​ដល់ពេលនេះ មានកម្ម​ករ​ជាង​៦​ម៉ឺន​នាក់​ហើយ​ដែល​កំពុង​រង​ផលប៉ះពាល់ ដោយសារ​រោងចក្រ​ផ្អាក​ដំណើរការ​។  លោ​កថា​ក្នុងពេល​រោងចក្រ​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន​នេះ  កម្មករ​រាប់ពាន់នាក់​ក៏ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​តែម្តង  មិនមែន​ព្យួរការងារ​នោះទេ ដែល​នាំ​ឲ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ជីវភាព ជា​ពិ​សេ​សេ​បំណុល​ជំពាក់​គេ​។​
 
​លោក​មានប្រសាសន៍ថា​៖
 
«​ប្រាក់​ឈ្នួល​នៃ​ការព្យួរ​ប៉ុន​នេះ បើ​គាត់​មាន​កាតព្វកិច្ច​ត្រូវ​បង់​រំលស់ របស់របរ​ផ្សេងៗ​ផង ខ្ញុំ​គិតថា គាត់​ទប់​អត់​ជាប់​ទេ មិនបាច់​និយាយ​ការចាយវាយ​ទេ ! ត្រឹមតែ​បង់​ប៉ុណ្ណឹង​មិន​គ្រប់​ផង​។ អ៊ីចឹង​ខ្ញុំ​គិតថា​ប្រឈម​ខ្លាំង​បំផុត​ហើយ​នាពេលនេះ​»​។​
 
​កាលពី​ដើមឡើយ កម្មករ​និង​សហជីព​បានបង្ហាញ​ក្តី​ព្រួយបារម្ភ​ថា  កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​នឹង​ប្រឈម​បាត់បង់​ការងារ ដោយសារ​ការដាក់ទណ្ឌកម្ម​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ​» ឬ​EBA​របស់​សហភាព​អឺរ៉ុប ដែល​នឹង​ចូល​ជា​ធរមាន​នៅក្នុង​ខែសីហា​ខាងមុខ​។​
 
​ត្រង់ចំណុច​នេះ លោក ប៉ាវ ស៊ីណា មេដឹកនាំ​សហជីព មានប្រសាសន៍ថា  នៅពេល​ស្ថានភាព​វីរុស​កូ​រ៉ូ​ណា​ធូរស្បើយ  កម្មករ​ជាច្រើន​ពាន់​នាក់​នៅតែ​ប្រឈម​នឹង​អត់​ការងារ​ធ្វើ ហើយ​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​នឹង​បញ្ហា​ទណ្ឌកម្ម​នេះ​មួយទៀត​។​
 
​លោក​មានប្រសាសន៍ថា​៖ «​អាហ្នឹង​មានន័យថា ដូចជា​យើង​ទើប​ងើប​ពី​គ្រោះ ទើប​ឆ្លង​ផុតពី​គ្រោះ​មួយ​ហើយ មកជួប​នឹង​គ្រោះ​មួយតង់​ទៀត​។​អាហ្នឹង​មានន័យថា​ស្ថានភាព​យើង​វា​ផ្ទួនគ្នា  បើ​យើង​និយាយ​ពី​ទុក្ខ​ទុក្ខ​ផ្ទួនគ្នា​»​។​
 
​វិល​ត្រឡប់មក​អ្នកស្រី​ស៊ឹម ស្រីអូន វិញ​អ្នកស្រី​មានប្រសាសន៍ថា​អ្នកស្រី​រង់ចាំ​មើល​ការ​ផ្តល់ដំណឹង ក្រោយ​ចូលឆ្នាំ​ខ្មែរ​វិញ ថា តើ​អ្នកស្រី​នឹងមាន​ការងារ​ធ្វើ​នៅ​រោងចក្រ​ឬ​យ៉ាងណា​។  ប៉ុន្តែ​អ្នកស្រី​កំពុង​ព្រួយបារម្ភ​រួចជាស្រេច​ហើយ ចំពោះ​អនាគត​កូនៗ​របស់​អ្នកស្រី​ដែល​កំពុង​សិក្សា​គឺ​លាង ធា​រី អាយុ​១២​ឆ្នាំ រៀន​ថ្នាក់​ទី​៦ និង​ម្នាក់ទៀត​ឈ្មោះ លាង លីហ្សា អាយុ​៨​ឆ្នាំ រៀន​ថ្នាក់​ទី​១​។​
 
​អ្នកស្រី​មានប្រសាសន៍ថា​៖ «​បើ​យើង​អត់​មាន​ជីវភាព​អី​ផង ឲ្យ​វា​ផ្អាក​រៀន​ផ្អាក​អី​ទៅ​!»
 

© រក្សាសិទ្ធិដោយ thmeythmey.com