អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Huawei បាន​បរិច្ចាគ​ប្រព័ន្ធ​សន្និសីទ​វីដេអូ Cloudlink ជូន​ក្រសួងសុខាភិបាល​កម្ពុជា ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩
08, Apr 2020 , 11:24 am        
រូបភាព
ដោយ: ថ្មីៗ
​នា​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០៖ ពិធី​បរិច្ចាគ​ប្រព័ន្ធ​សន្និសីទ​វីដេអូ Cloudlink របស់​ក្រុមហ៊ុន Huawei កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើងជា​ផ្លូវការ នៅ​ក្រសួងសុខាភិបាល​កម្ពុជា ក្រោម​អធិបតីភាព​របស់ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា​, លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​លោក Yao Yuya អគ្គនាយក​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា​។​
 
​ក្នុង​រយៈពេល​ថ្មីៗ​នេះ ស្ថានភាព​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី កំពុង​វឌ្ឍន៍​ឥតឈប់ឈរ នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ដំណោះស្រាយ និង​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT ឈានមុខ​គេ នៅលើ​ពិភពលោក ក្រុមហ៊ុន Huawei តិច​ណូ​ឡូ​ជី (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បានធ្វើ​សហប្រតិបត្តិការ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​ប្រព័ន្ធ​សន្និសីទ​វីដេអូ Cloudlink ដើម្បី​ជា​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​ដូចជា Cloud និង​បញ្ញា​សិប្បនិម្មិត AI ជាដើម​។ ប្រព័ន្ធ​សន្និសីទ​វីដេអូ​នេះ​នឹង​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា បាន​រវាង​ក្រសួងសុខាភិបាល​កម្ពុជា មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម​។​


 
​លើសពីនេះទៅទៀត ការធ្វើ​អន្តរ​ទំនាក់ទំនង​ដោយ​រយៈពេល​ដំណើរការ​ជាក់ស្តែង (Real-time) រវាង​ក្រសួងសុខាភិបាល​កម្ពុជា មណ្ឌល​សុខភាព​ខេត្ត និង​មន្ទីរពេទ្យ​ទូទាំង​២៥​រាជធានី​-​ខេត្ត នឹង​អាចដាក់​ដំណើរការ​ទៅបាន ដើម្បី​ពិនិត្យ និង​តាមដាន​ករណី​ជំងឺ ក៏ដូចជា​ពិគ្រោះ​យោបល់​ពី​ចម្ងាយ ដោយ​រយៈពេល​ដំណើរការ​ជាក់ស្តែង​(Real-time) មិន​ត្រឹមតែ​អាចជួយ​បង្កើន​ប្រសិទ្ធភាព​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នេះ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ក៏​អាចជួយ​សន្សំសំចៃ​ពេលវេលា​ប្រតិ​ប​តិ្ត​ការ​ការងារ​ផងដែរ​។​
 
​ប្រព័ន្ធ​សន្និសីទ​វីដេអូ​នេះ បង្កើតឡើងបាន​ក្រោម​ការព្រមព្រៀង​របស់​ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍​នៃ​កម្ពុជា ដែល​អនុញ្ញាតឱ្យ​មានកា​របើក​បណ្តាញ​សាកល្បង 5G ជា​បណ្តោះអាសន្ន និង​ការដាក់​ពង្រាយ​នូវ​បណ្តាញ​សាកល្បង 5G ដែល​ប្រតិបត្តិ​ករ អាចដាក់​ដំឡើង​បាន​យ៉ាង​ឆាប់រហ័ស ដែលជា​ហេតុ​ធ្វើឱ្យ​អន្តរ​ទំនាក់ទំនង ដោយ​ប្រព័ន្ធ​អ៊ីនធឺណិត​ឥត​ខ្សែ (wireless broadband interconnection) រវាង​ក្រសួងសុខាភិបាល មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​មន្ទីរពេទ្យ​តាម​បណ្តា​ខេត្ត អាចដាក់​ដំណើរការ​ទៅបាន​។ ក្រៅពីនេះ បច្ចេកវិទ្យា 5G ដែលមាន​ល្បឿន​លឿន និង​ប្រើប្រាស់​រយៈកាល​ខ្លី បានផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ សម្រាប់​ការប្រើប្រាស់​ប្រព័ន្ធ​ពិគ្រោះ​ជំងឺ​ពី​ចម្ងាយ (telemedicine) នេះ​។ ជាមួយនឹង​ការរីកចម្រើន នៃ​យុទ្ធសាស្ត្រ​ប្រយុទ្ធប្រឆាំង នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បច្ចេកវិទ្យា​5G (Cloud) និង​បញ្ញា​សិប្បនិម្មិត​AI ត្រូវបាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ នៅ​គ្រប់​ស្ថានការណ៍​ទាំងអស់ ជាពិសេស គឺ​ការពិគ្រោះ​ជំងឺ​ពី​ចម្ងាយ telemedicine និង​ការពិនិត្យ​តាមដាន​មេរោគ​។​


 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ប្រព័ន្ធ​សន្និសីទ​វីដេអូ និង​សម្ភារ​ដែល​បរិច្ចាគ​ដោយ​ក្រុមហ៊ុន Huawei កម្ពុជា​នាពេលនេះ បាន​ជួយ​ដល់​ក្រសួងសុខាភិបាល ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​មន្ទីរពេទ្យ​ទទួលបន្ទុក​ជំងឺ​កូ​វីដ​-១៩ នេះ​នៅ​ទូទាំង ២៥​រាជធានី​-​ខេត្ត ដែល​រួមចំណែក​បង្កើន​ប្រសិទ្ធភាព ការងារ​របស់​ក្រសួងសុខាភិបាល​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ជាពិសេស​គឺ​ចំណេញ​ពេលវេលា ក្នុង​កិច្ចការ​ប្រយុទ្ធប្រឆាំង និង​បង្ការ​ការរីក​រាលដាល​នេះ ពីព្រោះថា​ព័ត៌មាន​នឹង​ត្រូវបាន​ចែករំលែក និង​បែងចែក​ទៅគ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដោយ​ប្រើ​រយៈពេល​ត្រឹម​តែម្តង​ប៉ុណ្ណោះ​។ ម្យ៉ាងវិញទៀត បណ្តាញ​5G នេះ​បាន​ផ្តល់នូវ​បទពិសោធន៍​អ៊ីនធឺណិត​ល្បឿន​លឿន និង​ជំនួយ​យ៉ាង​ទូលំទូលាយ​សម្រាប់​ប្រជាជន​កម្ពុជា​ផ្ទាល់​។ ដូចនេះ តំណាងឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន Huawei ដែល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​នឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​»​។​
 
​លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​សហគ្រាស​ចិន​នៅ​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​សកម្មភាព​បរិច្ចាគ​ផ្សេងៗ ដើម្បី​រួមចំណែក​ក្នុង​កិច្ច​ប្រយុទ្ធប្រឆាំង នឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ ក្នុងនោះដែរ ក្រុមហ៊ុន Huawei ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ឈានមុខ​គេ​នៅលើ​ពិភពលោក បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​របស់ខ្លួន ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងពេល​មាន​ជំងឺ​រាតត្បាត​នេះ ដែលជា​គំរូ​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​សហគ្រាស​ចិន​ទាំងអស់​។​»


 
​ក្នុងឱកាស​នោះ លោក Yao Yuya អគ្គនាយក​ក្រុមហ៊ុន Huawei Technologies ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ផងដែរ​ថា​៖«​នាពេល​បច្ចុប្បន្ននេះ ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ កំពុងមាន​ការវិវឌ្ឍ​ន៍​ឥតឈប់ឈរ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្នុងនាម​ក្រុមហ៊ុន Huawei ជា​សហគ្រាស​មួយ​ដែលមាន​ទំនួល​ខុសត្រូវ បម្រើ​ដល់​ប្រជាពលរដ្ឋ និង​បាន​ប្រតិបត្តិការ​ធុរកិច្ច​នៅ​កម្ពុជា អស់​រយៈពេល ២១​ឆ្នាំ​មកនេះ យើង​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ «​នៅ​កម្ពុជា​ដើម្បី​កម្ពុជា​» ។ ដោយមាន​ការណែនាំ និង​ជំនួយ​យ៉ាង​មុតមាំ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ក្នុងនាម​ក្រុមហ៊ុន Huawei ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ឈានមុខ​គេ​នៅលើ​ពិភពលោក យើង​នឹង​ខិតខំ​ប្រើប្រាស់​នូវ​វិធីសាស្ត្រ បច្ចេកវិទ្យា​ទំនើប​ចុងក្រោយបង្អស់​របស់ខ្លួន រួមមាន​បច្ចេកវិទ្យា​5G បញ្ញា​សិប្បនិម្មិត​AI និង​ជាពិសេស​ប្រព័ន្ធ​សន្និសីទ​វីដេអូ Huawei cloud   ដើម្បី​គាំទ្រ​យ៉ាង​ពេញទំហឹង ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ច​ប្រយុទ្ធប្រឆាំង​នេះ ពីព្រោះ​យើង​ជឿជាក់ថា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ICT បាន​ក្លាយជា​មធ្យោបាយ​ដ៏​សំខាន់ ដើម្បី​លើកកម្ពស់​ដល់​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Huawei ប្រចាំ​កម្ពុជា​:https://www.facebook.com/HuaweiTechKH/






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

Tag:
 Champoiage
© រក្សាសិទ្ធិដោយ thmeythmey.com