COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលករ​ខ្មែរ​មកពី​ថៃ ខ្លះ​ដាក់ខ្លួន​នៅ​ដោយឡែក ខ្លះ​មិន​ចេញពីផ្ទះ ដើម្បី​សុវត្ថិភាព​គ្រួសារ​និង​អ្នកភូមិ​
08, Apr 2020 , 11:38 am        
រូបភាព
​ភ្នំពេញ​៖ ពលករ​ខ្មែរ​មួយចំនួន​ដែល​មកពី​ប្រទេស​ថៃ  បានរស់នៅ​ដាច់ដោយឡែក​ពី​គ្រួសារ ពី​សាច់ញាតិ​ជិត​ឆ្ងាយ និង​ពី​ញាតិ​ក្នុងភូមិ​ផងដែរ បើទោះបីជា​ពួកគេ មិនមាន​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ​១៩​ក្ដី​។ ការធ្វើ​បែបនេះ ក៏​ធ្វើឱ្យ​ពួកគេ​ហាក់​មាន​អារម្មណ៍​ឯកា​បន្តិច​ដែរ​។ តែ​ទោះជា​យ៉ាងណា ដើម្បី​សុវត្ថិ​ភា ព​និង​សេចក្ដីសុខ​យូរអង្វែង ពលករ​ទាំងនោះ សុខចិត្ត​សម្រប​ខ្លួន​ក្នុងស្ថានភាព​លំបាក នៅក្នុង​រយៈពេល​ខ្លី​។​


 
​ដើម្បី​ដឹង​ពី​ស្ថានភាព​រស់នៅ នឹង​អារម្មណ៍​របស់​ពលករ​មកពី​ប្រទេស​ថៃ​កាន់តែច្បាស់ សូម​អញ្ជើញ​ប្រិយមិត្ត​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖
 
 
​សារព័ត៌មាន​ថ្មីៗ​បាន​សម្ភាសន៍​ពលករ​មួយចំនួន ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ ក្នុងអំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ ពលករ​ទាំងនោះ បាន​ប្រាប់​ពី​ស្ថានភាព​រស់នៅ ក៏ដូចជា​អារម្មណ៍​របស់ខ្លួន នៅពេលដែល​ពួកគេ​ដាក់ខ្លួន​នៅ​ដោយឡែក​ពី​សមាជិកគ្រួសារ និង​អ្នកភូមិ​ដើម្បី​ចូលរួម​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​ពិភពលោក​កំពុងតែ​ព្រួយបារម្ភ​នេះ​។​
 
​ជា​ពលករ​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ អស់​រយៈពេល​ជិត​៧​ឆ្នាំ លោក ប៉ក់ សំណាង ដែលមាន​អាយុ​៣៣​ឆ្នាំ បានសម្រេច​ចិត្ត​ត្រឡប់មក​ប្រទេស​កំណើត​វិញ ដើម្បី​មើលថែ​ប្រពន្ធ​ដែលមាន​កូនខ្ចី​។ លោក សំណាង បាន​មកដល់​ស្រុកកំណើត​នៅ​ខេត្តតាកែវ ក្នុងអំឡុង​ថ្ងៃទី​១០ ខែមីនា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ លោក​នៅ​មិនទាន់​ហ៊ាន​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​ឡើយ​។


សកម្មភាព​នៅ​កន្លែង​ធ្វើ​បែប​បទ​ចេញ​ពី​ប្រទេស​ 
 
​ខុសពី​សព្វមួយដង​ការ​ត្រឡប់​ចូល​ស្រុក​លើក​នេះ លោក ប៉ក់ សំណាង ហាក់​មាន​អារម្មណ៍​កណ្ដោចកណ្ដែង ព្រោះ​មិនមាន​ញាតិមិត្ត​ជិត​ឆ្ងាយ ឬ​មិត្ត​ភ័ក្ដិ អាចមក​សួរសុខទុក្ខ​ដូច​គ្រា​មុន​នោះ​។ «​ខ្ញុំ​មក​ស្រុក​លើក​នេះ មិនមាន​ការជួបជុំ​មិត្ត​ភ័ក្ដិ​ដូច​ពីមុន​ឡើយ ព្រោះ​អ្នកភូមិ​គេ​ខ្លាច គេ​មិន​មក​ជិត​ទេ​។ ពីមុន​ពេល​ខ្ញុំ​មក គេ​ដើរ​ទៅមក​ឃើញ​គេ​សួរ ហើយ​មិត្ត​ភ័ក្ដិ​គេ​មកជួបជុំ​ហូប​ស្រា តែម្ដង​នេះ មិន​មានមក​ក្បែរ​ទេ​។ មាន​អារម្មណ៍​អន់ចិត្ត​ដែរ តែ​បន្ទោស​គេ​ក៏​មិនកើត ធម្មតា ទាំង​គេ​ទាំង​យើង គឺ​ខ្លាច​ដូច​តែ​គ្នា​។ តាំងពី​ខ្ញុំ​មក ខ្ញុំ​មិនទាន់បាន​កាន់ ឬ​ពរ​កូន​បន្តិច​ទេ​»​។​
 
​បើទោះបីជា​ក្រសួងសុខាភិបាល បាន​ណែនាំ​ឱ្យ​ពលករ​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក ឱ្យបាន​១៤​ថ្ងៃ​ក៏ពិតមែន តែ​លោក សំណាង អះអាងថា លោក​នឹង​នៅតែ​ដាក់ខ្លួន​នៅតែ​ឯង​ឱ្យ​បានយូរ​ជាង​នេះ ដើម្បីឱ្យ​ប្រាកដថា លោក​មិនបាន​ចម្លងជំងឺ ដល់​អ្នកជា​ទីស្រឡាញ់​ដោយ​អ​ចេតនា បើទោះបីជា​ពេលនេះ លោក​មិនមាន​សញ្ញា​នៃ​ជំងឺ​នោះ​ក្ដី​។ បុរស​កូន​២ ដែល​ធ្លាប់​ទៅធ្វើ​ការ​នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​រូបនេះ ប្រាប់​ពី​ស្ថានភាព​រស់នៅ​របស់ខ្លួន ក្នុងអំឡុងពេល​ដាក់ខ្លួន​នៅ​ដោយឡែក​ដូច្នេះ​។ «​ខ្ញុំ​មក​នៅ​ផ្ទះមួយ​តែឯង​នៅក្រៅ​ភូមិ​។ ប្រពន្ធ​របស់ខ្ញុំ នៅផ្ទះ​ជាមួយ​ម៉ែ​នៅក្នុង​ភូមិ​។ ខ្ញុំ​ដាំ​បាន​ហូប​ដោយ​ខ្លួនឯង ម្ហូប​ជួនកាល​កូន​ដាក់​ថង់​យកមក​ឱ្យ ហើយ​ពេលដែល​ខ្ញុំ​ត្រូវការ​អ្វី​ខ្ញុំ​ប្រាប់​ទៅ គាត់​យកមក​ឱ្យ​»​។​
 
​ចំណែក​អ្នកស្រី ឡិន ជឿន ដែល​ចំណាកស្រុក​ទៅ​ធ្វើការ​ក្នុងប្រទេស​ថៃ ទើបតែ​បាន​៣​ខែ​នោះ ក៏បាន​មកដល់​ប្រទេស​កម្ពុជា ក្នុងអំឡុង​ថ្ងៃទី​១០ មីនា​ដែរ​។ មាន​អាយុ​៤៨​ឆ្នាំ អ្នកស្រី ជឿន មិនបាន​ដាក់ខ្លួន​នៅ​ដោយឡែក​ពី​គ្រួសារ​ឡើយ ដោយ​អ្នកស្រី​អះអាងថា ខ្លួន​បាន​ពិនិត្យ​ជា​ញឹកញាប់ ក្នុង​ការរក​ជំងឺ​កូ​វីដ​-១៩ តែ​មិនមាន​រោគសញ្ញា​អាក្រក់​នោះ​។ អ្នកស្រី​បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​មិនបាន​ដាក់ខ្លួន​នៅ​ដោយឡែក​ពី​គ្រួសារ​ទេ ព្រោះ​ពេល​ខ្ញុំ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ពេល​ចូលធ្វើការ​គេ​ពិនិត្យ ពេល​ចេញពី​ធ្វើការ​គេ​ពិនិត្យ​។ ពេល​ខ្ញុំ​ចេញមក​ស្រុក​គេ​ពិនិត្យ​ឱ្យ​ទៀត ហើយ​ពេលមកដល់​ទល់ដែន ក៏​គេ​ពិនិត្យ​ឱ្យ​។ បើ​ពិនិត្យឃើញ​មាន​រោគ ក៏​ខ្ញុំ​មិន​មក​នៅ​ជាមួយ​គ្រួសារ​ដែរ តែពិនិត្យ​មិនឃើញ ទើប​ខ្ញុំ​ហ៊ាន​មក​នៅ​ជួបជុំ​ជាមួយ​កូន​»​។


សកម្ម​ភាពនៅ​ច្រក​ព្រំដែនកម្ពុជា​-ថៃ
 
​បើទោះបីជា​អ្នកស្រី ជឿន ពិនិត្យ​មិនឃើញ​សញ្ញា​វិជ្ជមាន​នៃ​កូ​វីដ​-១៩​ក្ដី ក៏​ស្ត្រី​សម្ដី​រដឺន​ដែលជា​អ្នក​ស្រុកលើ​រូបនេះ មិន​ចេញ​ក្រៅ​ផ្ទះ ជួបជុំ​ជាមួយ​អ្នកភូមិ​តាម​ទម្លាប់​ចាស់​ដែរ ហើយ​អ្នកស្រី​ពន្យល់​ដូច្នេះ​។ «​ខ្ញុំ​មក​បាន​១៥​ថ្ងៃ​ហើយ​។ ពិនិត្យ​តែ​រឿយៗ ពេទ្យ​គេ​មក​ពិនិត្យ​ក្នុងភូមិ ៤​ទៅ​៥​ថ្ងៃ​គេ​មក​ពិនិត្យ​ម្ដង​។ ពិនិត្យ​ទាំង​តូច​ទាំង​ធំ អ្នក​មកពី​ថៃ គេ​ពិនិត្យ​ទាំងអស់គ្នា​។ គេ​គ្រាន់តែ​វាស់​កំដៅ​។ ខ្ញុំ​នៅ​ធ្វើការ នៅក្នុង​ផ្ទះ​រាល់ថ្ងៃ ខ្ញុំ​មិនសូវ​ហ៊ាន​ដើរ​ផ្ទះ​គេ​ទេ គឺ​នៅតែ​ក្នុងផ្ទះ​ខ្លួនឯង​។ ខ្ញុំ​ទៅធ្វើ​ការ​នៅ​ថៃ បាន​ប្រាក់​បន្តិច​ប​ន្ទួ​ច ក៏​ទម្លាក់​ឱ្យ​យាយ​ឱ្យ​តា​ចាយ​ខ្លះ​ផង ព្រោះ​គ្រួសារ​របស់ខ្ញុំ​មាន​សមាជិក​ច្រើនណាស់​»​។​
 
​រីឯ​អ្នកស្រី សារឿន ស្រី​យ៉ាំ អាយុ​៣៦​ឆ្នាំ ដែលមាន​កូន​៣​នាក់ បាន​ទៅធ្វើ​ការ​នៅក្នុង​ប្រទេស​ថៃ ផ្នែក​លក់​ម្ហួ​ប​អាហារ ឯ​ទីក្រុង​បាងកក​។ ទើបតែ​ធ្វើការ​បាន​៩​ខែ អ្នកស្រី​ក៏ត្រូវ​ត្រឡប់មក​ស្រុកកំណើត​វិញ ព្រោះ​ហេតុផល​ដូចគ្នា​គឺ​កូ​វីដ​-១៩​។ ក្រោយពី​ពិនិត្យ​មិនឃើញ​រោគសញ្ញា​អ្នកស្រី សារឿន ស្រី​យ៉ាំ ដែល​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ត្រឹម​ដាក់ខ្លួន​នៅ​ដាច់ដោយឡែក​ពី​អ្នកភូមិ​ប៉ុណ្ណោះ​។ «​ខ្ញុំ​មកដល់​ជាយដែន មាន​គេ​នៅចាំ​ពិនិត្យ​នៅ​ទល់ដែន ហើយ​ពេលមកដល់​ផ្ទះ​ខ្ញុំ​ទៅពិនិត្យ​បាន​២​ដង​។ មេភូមិ​ប្រាប់ថា​បើសិន​ជាមាន​អ្នក​ដែល​មក​ក្រោយ​ខ្ញុំ ត្រូវ​ទុក​ពួកគាត់​នៅតាម​សាលារៀន ដែល​កូនសិស្ស​ឈប់សម្រាក​រៀន ដើម្បី​ឱ្យនៅ​ដោយឡែក​សិន​។ ប៉ុន្តែ​នៅក្នុង​ជំនាន់​ដែល​មកជា​មួយ​ខ្ញុំ មិនបាច់​ដាក់​ដោយឡែក​ទេ​»​។



សកម្ម​ភាព​ពលករ​ធ្វើ​ដំណើរ​ចេញ​ពី​ប្រទេស​ថៃ
 
​លោក ម៉ុ​ន ហៃ ដែលជា​មេភូមិ​ក្រសាំង សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពលករ​ដែល​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ ប្រសិនបើ​មិនមាន​អាការ​សង្ស័យ​ណាមួយ​ទេនោះ គឺ​ត្រូវបាន​អនុញ្ញាត​ឱ្យនៅ​ជាមួយ​គ្រួសារ​។ «​គេ​ដាក់​នៅតាម​ផ្ទះ​របស់គាត់ លុះត្រា​ណា​តែមាន​អាការ​មិន​ស្រួលខ្លួន ទើបបាន​គេ​យកទៅ​ពេទ្យ​។ អ្នក​មកពី​ថៃ​នៅ​ភូមិ​របស់ខ្ញុំ ប្រហែលជា​ចូល​ជិត​៣០​នាក់​។ អ្នកខ្លះ​គាត់​មកពី​ថ្ងៃទី​១៦ នោះ​គឺ​គម្រប់​១៤​ថ្ងៃ​ហើយ​។ ដូច្នេះ​វា​ផុត​ហើយ​។ ហើយ​អ្នក​មក​នៅ​ថ្ងៃទី​២០ គឺ​មិនមាន​គ្រុន​រងា​អ្វី​ទេ​។ ប៉ុន្តែ​ប្រសិនបើ​មាន​ឈឺ ក្រសួងសុខាភិបាល​ខេត្ត​ក្រុង ឬ​មណ្ឌល​សុខភាព គាត់​ឱ្យ​យើង​តាមដាន​ជាប់ ហើយ​ត្រូវ​ចាក់​មេក្រូ​ប្រចាំ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​គាត់​យល់​»​។​
 
​ក៏មាន​ស្រុកកំណើត នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែរ អ្នកស្រី ឡិន ជឿន អះអាងថា អ្នកស្រី​នឹង​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ នៅពេលដែល​ជំងឺឆ្លង​នេះ ផុតរលត់​ទៅ​។ «​បើ​ជំងឺ​សះស្បើយ​ពេលណា ក៏​គេ​ឱ្យ​ខ្ញុំ​ត្រឡប់​ទៅវិញ​។ គេ​ឱ្យ​លេខ​ទូរ​សព្ទ​មក ដើម្បីឱ្យ​ហៅ​ទៅរក ហើយ​ខ្ញុំ​ក៏​ឱ្យ​លេខ​ទូរ​សព្ទ​របស់ខ្ញុំ ទៅ​គេ​វិញ​ដែរ​»៕

Tag:
 ពលករ​
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com