សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក បានប្រកាសឲ្យផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ដើម្បីជៀសវាងកុំឲ្យមានការប្រមូលផ្តុំមនុស្សច្រើន តាមទីវត្តអារាម។ សម្តេច នន្ទ ង៉ែត បានសរសេរលិខិតស្តីពីការផ្អាកការប្រារព្ធពិធីចូលឆ្នាំនេះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ប្រគេនទៅគ្រប់ព្រះមេគណ ព្រះអនុគណ និង ព្រះគ្រូចៅអធិការ នៅទូទាំងប្រទេស។
ទន្ទឹមនឹងនេះ សម្តេចព្រះសង្ឃនាយក បានណែនាំឲ្យប្រជាពុទ្ធបរិស័ទគ្រប់រូប រៀបចំគ្រឿងសក្ការបូជា ថ្វាយព្រះរតនត្រ័យ រៀបចំចំណីនិងផ្លែឈើ ជាដើម ជូនមាតាបិតា ត្រកូលរៀមច្បង ព្រមទាំងរៀបចំទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នៅគេហដ្ឋានរៀងៗខ្លួន តាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី។
សម្តេច ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក មានសង្ឃដីកាថា ប្រជាពុទ្ធបរិស័ទ គួរគោរពបូជាមាតាបិតា និងទទួលទេវតាឆ្នាំថ្មី នៅតាមគេហដ្ឋានបានហើយ ដោយព្រះអង្គ មិនចង់ឲ្យទៅជួបជុំគ្នាច្រើនកុះករនៅវត្តអារាមឡើយ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ សម្តេច ឃឹម សន មានព្រះថេរដីកាថា៖«យើង ផ្អាកកុំឲ្យព្រះសង្ឃ ប្រារព្ធ [ពិធីចូលឆ្នាំ] គឺជៀសវាងការប្រមូលផ្តុំគ្នានៅទីវត្តអារាមហ្នឹង ខ្លាច វា មានហានិភ័យកើតឡើងនៃការរីករាលដាលជំងឺកូវីដ-១៩»។
យ៉ាងណា សម្តេច ឃឹម សន លើកឡើងថា ប្រជាពុទ្ធបរិស័ទ នៅតែអាចនិមន្តព្រះសង្ឃ ទៅបង្សុកូលនៅគេហដ្ឋានបានដដែល។ សម្តេច សង្កត់ធ្ងន់ថា៖«ព្រះសង្ឃ អាចនិមន្តទៅបានមួយអង្គ-ពីរអង្គ មិនមែនលោកបដិសេធណា...តែហាមប្រមូលផ្តុំគ្នា ជួបជុំគ្នាច្រើនពេក...»។
ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក បន្តថា ព្រះសង្ឃ នៅតែរៀបចំនិងតុបតែងក្នុងវត្តជាធម្មតា ហើយម្យ៉ាងទៀត ប្រជាពុទ្ធបរិស័ទ នៅតែអាចយកចង្ហាន់ទៅប្រគេនព្រះសង្ឃឬទៅបង្សុកូលក្នុងវត្ត។ ព្រះអង្គ បញ្ជាក់ថា៖«មិនមែនបដិសធមិនឲ្យចូល [វត្ត] ឯណា គ្រាន់តែថា កុំឲ្យមានការប្រមូលផ្តុំគ្នា ឲ្យច្រើនហួសហេតុ ...ឧបមាថា ៤-៥នាក់អ៊ីចឹងទៅ ឲ្យគាត់បង្សុកូល ហើយឲ្យគាត់ត្រឡប់ទៅវិញទៅ ហើយ៤-៥នាក់ទៀត ចូលមកទៀតទៅ»។
ចំណែក សម្តេច បូរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ បានចេញព្រះរាជសង្ឃប្រកាស នៅថ្ងៃទី៧ ខែមេសា ស្តីពីការអនុវត្តវិធានការបង្ការនិងវិធីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ តាមរយៈព្រះរាជសង្ឃប្រកាស សម្តេច បូរ គ្រី ពិតថេរដីកាទៅមន្ត្រីសង្ឃគ្រប់ឋានុក្រមនៃគណៈធម្មយុត្តិកនិកាយ ឲ្យផ្អាកកម្មវិធីផ្សេងៗ ដែលមានក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការជួបជុំនានាក្នុងវត្តទូទាំងប្រទេស។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ព្រះរាជសាររបស់សម្តេចសង្ឃទាំងពីរគណៈ មានបំណងដូចគ្នា គឺផ្អាកការរៀបចំពិធីផ្សេងៗ ដូចជា រាំរែក និង ការលេងល្បែងប្រជាប្រិយ ដូចជា ចោលឈូង ជាដើម។ លោក មានប្រសាសន៍ថា បើពុទ្ធបរិស័ទ្ធ យកចង្ហាន់ទៅប្រគេនព្រះសង្ឃ គឺត្រូវរក្សាគម្លាតពីគ្នា។
សូមបញ្ជាក់ថា រដ្ឋាភិបាល បានសម្រេចលុបពិធីបុណ្យចូលឆ្នាំខ្មែរនៅឆ្នាំ២០២០នេះ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ហើយតម្រូវឲ្យស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន ធ្វើការធម្មតាក្នុងរយៈពេលនៃការចូលឆ្នាំនេះ។ រដ្ឋាភិបាល នឹងសងថ្ងៃឈប់សម្រាកដល់ស្ថាប័នរដ្ឋនិងឯកជនវិញ នៅពេលសមស្រប៕