COVID-19
កីឡាជាតិ
ជាតិ
ទោះ​សហព័ន្ធ​អនុញ្ញាត​ឲ្យ​បើក​សង្វៀន​វិញ តែ PNN បន្ត​ផ្អាក​រហូត​ដំណាច់​ខែមេសា​
08, Apr 2020 , 4:55 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃទី​៧ មេសា ឆ្នាំ​២០២០ បានអនុញ្ញាត​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់ បើក​ដំណើរការ​សង្វៀន​ប្រដាល់​ឡើងវិញ តាម​អនុសាសន៍​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ខុសពី​ស្ថានីយទូរទស្សន៍​ដទៃ ដែល​ត្រៀម​ប្រកួត​នៅ​សប្តាហ៍​នេះ ទូរទស្សន៍ PNN បាន​ប្រកាន់​ជំហរ​ដោយ​បន្ត​ផ្អាក​សង្វៀន​ប្រដាល់​រហូត​ដំណាច់​ខែមេសា​។

 
​លោក ស្រ៊ឺ ស្រេង ហៅ​សំណព្វ ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​នៃ​ស្ថានីយទូរទស្សន៍ PNN បាន​បញ្ជាក់ថា សង្វៀន​ប្រដាល់​របស់​ភី​អិន​អិន​មិនទាន់​បើក​ដំណើរ​នោះទេ ទោះបី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បើកភ្លើង​បៃតង​ឲ្យ​រៀបចំ​ឡើងវិញ​ក៏ដោយ​។ ការផ្អាក​នេះ នឹង​បន្ត​រហូតដល់​ដំណាច់​ខែមេសា ឆ្នាំ​២០២០ ទើប​បើក​ដំណើរការ​ឡើងវិញ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សំណព្វ​។ 
 
​ការប្រកាន់​ជំហរ​បែបនេះ ធ្វើឡើង​ក្រោយ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បដិសេធ​សំណើរ​សុំ​បើក​សង្វៀន​ប្រដាល់​ឡើងវិញ​របស់​ស្ថានីយ៍ទូរទស្សន៍ PNN និង​ទូរទស្សន៍​៤​ផ្សេងទៀត កាលពី​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០២០​។ ភ្លាមៗ​នោះ លោក ស្រ៊ឺ ស្រេង បានប្រកាស​ពី​ជំហរ​របស់ខ្លួន​ថា សង្វៀន​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​នឹង​ផ្អាក​ពេញ​១​ខែមេសា ទោះបី​សហព័ន្ធ​អនុញ្ញាត​ឲ្យ​បើក​វិញ​ក៏ដោយ​។​
 
​ប្រធាន​ផ្នែក​ព័ត៌មាន​កីឡា​រូបនេះ​បាន​អះអាងថា ការរក្សា​ជំហរ​បន្ត​ផ្អាក​នេះ​មិនមែនជា​ការតបត ឬ​អន់ចិត្ត​ជាមួយ​សហព័ន្ធ​នោះទេ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​លោក ស្រ៊ឺ ស្រេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​និយាយ​រួម​ទៅ​ម្តង​ជា​ពីរដង យើង​បាន​សម្រួល​ជាមួយ Sponsor មុនដំបូង​យើង​មិន​ថា បើក​ឡើងវិញ តែ​ក្រោយមក​យើង​ក៏​ថា​បិទ​វិញ​។ អ៊ីចឹងទៅ យើង​ក៏បាន​ជជែក​ជាមួយ Sponsor និង​ថ្នាក់ដឹកនាំ​របស់​យើង​ដោយ​សម្រេច​ថា ដើម្បី​ជៀង​វាង​បើក​បិទៗ​យើង​សម្រេច​ផ្អាក​ពេញ​១​ខែមេសា ចាំ​ដល់​ដើមខែ​ឧសភា ចាំ​បើក​វិញ​»​។ 
 
​លោក សំណព្វ បានបង្ហាញ​ការសោកស្តាយ​ចំពោះ​ការសម្រេច​របស់ខ្លួន ព្រោះ លោក មិន​នឹកស្មានថា សហព័ន្ធ​អនុញ្ញាត​ឲ្យ​បើក​សង្វៀន​ប្រដាល់​ឡើងវិញ​លឿន​បែប​នេះឡើយ​។ «​យើង​មិន​នឹកស្មានថា ចេញ​លទ្ធផល​(​អនុញ្ញាត​ឲ្យ​បើក​សង្វៀន​ប្រដាល់​)​លឿន​យ៉ាងនេះ​សោះ ព្រោះ​យើង​គិតថា ប្រហែលជា​អាច​សម្រាក​មួយរយៈ​រហូត​ដល់​ស្ថានការណ៍​នៃ​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩​មាន​ភាព​ធូរស្រាល​»​។ នេះ​ជាការ​លើកឡើង​របស់លោក សំណព្វ​។​
 
​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២០ បានសម្រេច​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់​បើក​ដំណើរការ​សង្វៀន​ប្រដាល់​របស់ខ្លួន​ឡើងវិញ ក្រោយ​ផ្អាក​អស់​រយៈពេល​ប្រមាណ​ជាង​១​សប្តាហ៍ ដោយសារ​បារម្ភ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​។ ការសម្រេច​ភ្លាមៗ​របស់លោក តែម ម៉ឺន ធ្វើឡើង​ក្រោយ​អនុសាសន៍​របស់​សម្តេច ហ៊ុន សែន ដែល​អនុញ្ញាត​ឲ្យ​ស្ថានីយទូរទស្សន៍​រៀបចំ​ប្រដាល់​ដោយ​បិទទ្វារ​វ៉ៃ ហើយ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។ 
 
​គួររំលឹកថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ លោក តែម ម៉ឺន បាន​បញ្ជា​ឲ្យ​ស្ថានីយទូរទស្សន៍​ទាំងអស់​ផ្អាក​ដំណើរ​រៀបចំ​ការប្រកួត​ប្រដាល់ ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី​។ ក្រោយ​ផ្អាកបាន​ប្រមាណ​ពីរ​សប្តាហ៍ ពោលគឺ​នៅ​ថ្ងៃទី​៤ មេសា ស្ថានីយទូរទស្សន៍​ចំនួន​៥​រួមមាន Bayon, PNN, SEA TV, CNC និង Town បានដាក់​សំណើរ​ទៅ​សហព័ន្ធ ដើម្បី​សុំ​បើក​ដំណើរការ​ឡើងវិញ តែ​ត្រូវបាន​សហព័ន្ធ​បដិសេធ​៕   

Tag:
 ​ប្រដាល់​គុន​ខ្មែរ​
  PNN
  ស្រ៊ឺ ស្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com