COVID-19
ជាតិ
សង្គមជាតិ
ចិន ប្រកាសផ្តល់ជំនួយវេជ្ជសាស្ត្រ រហូតដល់កម្ចាត់កូវីដ-១៩ អស់ពីកម្ពុជា ចិន ដឹកសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមយន្តហោះ មកកម្ពុជា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ (រូបពីស្ថានទូតចិន)
× ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុក អំពីការជូនដំណើរក្រុមគ្រូពេទ្យចិន៧នាក់ ដែលមកជួយកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ត្រឡប់ទៅប្រទេសចិនវិញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។ តាមរយៈសារលើទំព័រហ្វេសប៊ុក ស្ថានទូតចិន បានរំលេចប្រសាសន៍របស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ពីការយកអាសាគ្នារវាងកម្ពុជានិងចិន ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។
លោកឯកអគ្គរដ្ឋទូតចិន អះអាងថា៖«ចិននិងកម្ពុជា ជាសហគមន៍ជោគវាសនារួម ដែលមិនអាចបំបែកបាន។ ឲ្យតែជំងឺ [កូវីដ-១៩] មិនទាន់កម្ចាត់អស់ក្នុងប្រទេសកម្ពុជា ចិននៅតែមិនបញ្ឈប់ការផ្តល់ជំនួយវេជ្ជសាស្ត្រមកកម្ពុជានោះឡើយ»។
ក្រុមគ្រូពេទ្យចិនទាំង៧នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ លោកឯកអគ្គរដ្ឋទូត លើកឡើងថា ក្រុមគ្រូពេទ្យចិនទាំង៧នាក់ បានបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ ហើយមិនធ្វេសប្រហែសនឹងបេសកកម្មឡើយ។ លោក វាយតម្លៃថា ពួកគេ មិនត្រឹមតែរួមចំណែក ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជានោះទេ តែក៏បានកសាងគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរយៈពេលវែងនិងស៊ីជម្រៅ រវាងគ្រូពេទ្យនៃប្រទេសទាំងពីរ។
លោក អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមជូនដំណើរដែរនោះ បានថ្លែងអំណរគុណចំពោះការលះបង់របស់ក្រុមគ្រូពេទ្យចិនទាំង៧នាក់នោះ។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនដដែល។
លោក អេង ហួត និយាយថា ចិន បានចាត់ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ មកកាន់កម្ពុជាបានទាន់ពេលវេលា និងបានចែករំលែកបទពិសោធដ៏មានតម្លៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោក បន្ថែមថា លើសពីនេះ ចិន បានជួយកែលម្អប្រព័ន្ធទប់ស្កាត់ជំងឺកូវីដ-១៩ នៅកម្ពុជា និងបានផ្តល់យោបល់ក្នុងការព្យាបាលអ្នកផ្ទុកជំងឺនេះ។
នៅមានពេទ្យយោធាចិន៤នាក់ទៀត កំពុងមានវត្តមាននៅកម្ពុជា ដើម្បីជួយបង្រៀនគ្រូពេទ្យយោធាកម្ពុជា។ ពួកគេ មកដល់កម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា។ មិនទាន់មានព័ត៌មានឡើយថា ពួកគេទាំង៤នាក់ នឹងចាកចេញពីកម្ពុជានៅពេលណា។
ចិន មិនមែនបញ្ជូនពេទ្យតែ១១នាក់ខាងលើនេះទេ គឺគ្រោងបញ្ជូនក្រុមគ្រូពេទ្យ១៣នាក់ទៀត មកកម្ពុជា ក្នុងចន្លោះខែមេសានេះ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រៅពីក្រុមគ្រូពេទ្យ ចិន ក៏បានផ្តល់ម៉ាស់ សម្លៀកបំពាក់ពេទ្យ សម្ភារពេទ្យផ្សេងៗ និង ថវិកា ដល់កម្ពុជាផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ១១៧នាក់ ដោយក្នុងនោះ ជាសះស្បើយវិញ៦៣នាក់៕
Tag:
ចិន-កម្ពុជា
ជំនួយ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com