ONE Championship
កីឡាជាតិ
ជាតិ
ម្ចាស់​ខ្សែក្រវាត់​ពីរ Aung La N Sang រំលឹក​អំពី​បទ​ចម្រៀង​ដើរ​ឡើង​សង្វៀន​
09, Apr 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​ពេល​ម្ចាស់​ខ្សែ​ពីរ​ខ្សែ​ប្រចាំ​សង្វៀន ONE Championship កីឡាករ  Aung La N Sang ឬ «The Burmese Python» ដើរ​ឡើងទៅ​សង្វៀន Thuwunna Indoor Stadium ឯ​ក្រុង​យ៉ុំ​ា​ង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា គេ​បាន​រំលឹក​អំពី​សកម្មភាព​មួយ​ដែល​មិនអាច​បំភ្លេចបាន​ពេល​អមដោយ​បទ​ពីរោះ​រន្ថាន់​មុន​ឡើង​ប្រកួត​។


 
​នេះ​ជា​វីដេអូ​បង្ហាញ​សកម្មភាព​មកកាន់​សង្វៀ​ន​ដ៏​កក្រើក​៖

 
​គ្រានោះ​ភ្លើង​ប្រែ​មកជា​ខ្មៅ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​កាន់តែ​ពុះកញ្ជ្រោល និង​ហ៊ោកញ្ជ្រៀវ​។ បន្ទាប់មក​សំឡេង​ស្គរ​បន្លឺឡើង​រួមទាំង​ការបាញ់​ភ្លើង​ក្រហម​ភ្លឹបភ្លែត  មាន​កាំជ្រួច​បែក​ផ្កាភ្លើង និង​ចេញ​បទ​ចម្រៀង​រ៉​ក់មួយ​ឈ្មោះថា «Amae Like Akah» ច្រៀង​ដោយ Lay Phyu និង​បំផុស​ឲ្យ​មានការ​គាំទ្រ​កាន់តែ​កងរំពង​ថែមទៀត​។ 
 
​វីរបុរស​មី​យ៉ាន់​ម៉ា​រូបនេះ​ចេញមក​អមដោយ​ខ្សែក្រវាត់ ONE World Title នៅជាប់​ស្មា​របស់ខ្លួន​ដោយ​មិត្ត​រួម​ជាតិ​ដែល​មើលទៅ​ទឹកមុខ​ពោរពេញ​ដោយ​ភាពក្លាហាន​។ ជាមួយគ្នា​នោះ មាន​អ្នកគាំទ្រ​រាប់លាន​នាក់​បាន​កំពុង​ទស្សនា​ជុំវិញ​ពិភពលោក​ក្រៅពី​ចំនួន​ដ៏​ច្រើន​លើសលប់​នៅឯ​សង្វៀន​។  ម្ចាស់​ខ្សែក្រវាត់​រូបនេះ​មាន​អារម្មណ៍​ថា​អស្ចារ្យ​បំផុត​ជាពិសេស​ការគាំទ្រ​ខ្លាំងក្លា​នៅ​ប្រទេស​កំណើត​។ 
 
​អ្នកលេង​គុន​ចម្រុះ​វ័យ​៣៤ ឆ្នាំ​រូបនេះ​បាន​រៀបរាប់ថា ៖«Lay Phyu គឺជា​តារាចម្រៀង​រ៉ក់​ល្បីឈ្មោះ​ម្នា​ក់នៅ​មី​យ៉ាន់​ម៉ា​។ គាត់​ល្បី​តាំងពី​ខ្ញុំ​នៅ​ក្មេង​នៅឡើយ មុនពេល​ធំធាត់​នៅ​ទីនោះ​។ ចម្រៀង​នេះ​ល្បី​ណាស់​អំឡុងពេល​បុណ្យអុំទូក​។ ពេល​បុណ្យអុំទូក​ម្ដងៗ​បទ​នេះ​ល្បី​មែនទែន និង​ធ្វើ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​រំភើបចិត្ត​ទៀតផង​»​។  


 
​កាលនោះ​មិត្ត​រួម​ជាតិ​និង​ជា​កីឡាករ​ជាច្រើន​បាន​ចូលរួម​ទស្សនា​ជើង​ខ្លាំង Aung La N Sang ដោយផ្ទាល់​ដើម្បី​លើកទឹកចិត្ត​រូបគេ​ក្នុងនាម​ជា​គូ​ឯក​។  ការដែល “The Burmese Python” ជ្រើសរើស​បទ​ចម្រៀងរ​បស់​ជនរួមជាតិ​នេះ​ព្រោះ​វា​អាចជួយ​ផ្នែក​ស្មារតី​ប្រុងប្រយ័ត្ន​និង​រំភើប​ពេល​ប្រកួត​នៅ​ប្រទេស​កំណើត​។ 
 
«​ពេល​ខ្ញុំ​ប្រកួត​នៅ​មី​យ៉ាន់​ម៉ា ខ្ញុំ​ត្រូវ​រើស​បទ​នេះ​ជំនួស​ឲ្យ​បទ​អង់គ្លេស​។ វា​ពិតជា​ធ្វើ​ឲ្យ​អ្នក​ចូល​ទស្សនា​កាន់តែ​ពុះកញ្ជ្រោល​ថែមទៀត​។ វា​ជា​បទ​ចម្រៀង​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្នុងស្រុក​ហើប​គូថ​ពី​កៅអី​។ តាំងពី​ពេលនោះ​មក ខ្ញុំ​តែងតែ​ប្រើ​បទ​នេះ​រហូត​។ វា​មានន័យ​ស្រដៀង​ព្រានព្រៃ​ដើរ​បាញ់​សត្វ​ក្នុងព្រៃ​អីចឹង ហើយ​វា​ស្រដៀង​នឹង​អ្វីដែល​យើង​ចង់​ឈ្នះ​អីចឹង​ដូចគ្នា​»​។ ម្ចាស់​ខ្សែក្រវាត់ ONE Middleweight និង Light Heavyweight World Champion ពិពណ៌នា​យ៉ាង​ដូច្នេះ​។ 
 
​ស៊ុប​ពើ​ស្ដារ​របស់​មី​យ៉ាន់​ម៉ា​រូបនេះ​បង្ហាញខ្លួន​យ៉ាង​ល្អ​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ពេញចិត្ត​ពេញ​ថ្លើម និង មិនទាន់​ចាញ់​សោះ​នៅឯ​ស្រុកកំណើត​។ Aung La N Sang ទទួល​ជ័យជម្នះ​៧​ដង​ក្នុងចំណោម​៧​លើក​(​មិន​ចាញ់​)​នៅ​សង្វៀន Thuwunna Indoor Stadium ឯ​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​រូបគេ​បាន​ថ្លែងថា​មិត្ត​រួម​ជាតិ​ក៏​ផ្នែក​មួយ​នៃ​ជ័យជម្នះ​ទាំងនេះ​ដែរ​។ 
 
​ម្ចាស់​ខ្សែក្រវាត់​ពីរ​គូសបញ្ជាក់ ៖«​វា​ពិត​ជាមាន​កម្លាំង​មហាសាល​ពី​ក្រុម​ហ្វូងមនុស្ស​ជាច្រើន​។ ពេល​លើកទឹកចិត្ត​បែបនេះ យើង​មិន​ភ័យ​បារម្ភ​ច្រើន ឬ មិន​ចាញ់​ច្រាប​។ យើង​គ្រាន់តែ​ដាក់ចិត្ត​ចំពោះ​អ្វីដែល​ត្រូវធ្វើ​។ ខ្ញុំ​មាន​កម្លាំងចិត្ត​ពេល​មនុស្ស​លើកទឹកចិត្ត​ច្រើន​បែបនេះ​។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ប្រយ័ត្ន និង មាន​ទំនុកចិត្ត​ពេល​ដើរ​ចេញមក​មុន​ឡើង​សង្វៀន​»៕

© រក្សាសិទ្ធិដោយ thmeythmey.com