COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង រកឃើញ​ករណី​ឆ្លង​ថ្មី​តិច​បំផុត​គិត​តាំងពី​ចុងខែ​កុម្ភៈ​
09, Apr 2020 , 11:04 am        
រូបភាព
ដោយ:
​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​៩ ខែមេសា​នេះ បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ប្រចាំថ្ងៃ​ថ្មី​តិច​បំផុត គិត​តាំងតែ​ពី​ចុងខែ​កុម្ភៈ​មក ខណៈ​ប្រទេស​នេះ​កំពុង​បន្ត​ការអនុវត្ត​គម្លាត​រាងកាយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័​ត៍​មាន​កូរ៉េខាងត្បូង Yonhap ។​

 
​ចំនួន​អ្នក​ឆ្លង​ថ្មី​នៅ​ថ្ងៃទី​៨ ខែមេសា​មាន​ត្រឹមតែ​៣៩ ករណី​ប៉ុណ្ណោះ ប្រៀបធៀប​នឹង​៥៣​ករណី​ថ្មី​ទៀត​កាលពី​ថ្ងៃទី​៧ ខែមេសា​។ បើតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​កូរ៉េ មកដល់ពេលនេះ អ្នក​ឆ្លង​COVID-19​មាន​ចំនួន​១០,៤២៣ ករណី​។ 
 
​ចាប់​តាំងតែ​ពី​ចុងខែ​កុម្ភៈ​មក ចំនួន​អ្នក​ឆ្លង​ថ្មី​មានការ​ថយចុះ​។ ក្នុង​រយៈពេល​៤​ថ្ងៃ​ជាប់​គ្នា​មកនេះ អ្នក​ឆ្លង​ថ្មី​មាន​ចំនួន​ប្រមាណ​៥០​ករណី ឫ​តិចជាង​នេះ ប្រៀបធៀប​ចំនួន​ឆ្លង​ថ្មី​នៅពេល​ផ្ទុះ​ជំងឺ​ដែលមាន​ដល់​ទៅ​៩០៩​ករណី​ឯណោះ​។ ទោះជា​យ៉ាងនេះ​ក្តី អា​ជ្ងា​ធរ​សុខាភិបាល​កូរ៉េខាងត្បូង នៅតែមាន​ការប្រុងប្រៀប​ខ្ពស់​ចំពោះ​ករណី​ឆ្លង​ជា​ចង្កោម នៅ​វិហារ​សាសនា​និង​មន្ទីរពេទ្យ ក៏ដូចជា​ករណី​ចម្លង​មកពី​ក្រៅប្រទេស​ផងដែរ​។​
 
​ទីក្រុង Daegu និង​ខេត្ត Gyeongsang ខាងជើង នៅតែ​ជា​កន្លែង​មាន​ចំនួន​ឆ្លង​ច្រើន​ជា​គេ​។ ដោយ Daegu មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៤ ដែល​ធ្វើ​ឲ្យ​ករណី​សរុប​ក្នុង​ខេត្ត​នេះ​កើនឡើង​ដល់​៦,៨០៧​ករណី​។ ខេត្ត Gyeongsang​ខាងជើង ពុំមាន​ករណី​ឆ្លង​ថ្មី​ឡើយ ខណៈ​ករណី​ឆ្លង​នៅ​ជុំវិញ​ខេត្ត​នេះ​មាន​១,៣២០​ករណី​។​
 
​បន្ថែម​ពីនេះ​ទីក្រុង និង​ខេត្ត​ធំៗ​ឯទៀត​ក៏មាន​ករណី​ឆ្លង​ថ្មី​ដែរ​។ ជាក់ស្តែង​រដ្ឋធានី​សេ​អ៊ូ​ល​មាន​ករណី​ឆ្លង​ថ្មី​ចំនួន​១២ និង​១០​ករណី​នៅ​តំបន់​ជុំវិញ​ខេត្ត Gyeonggi​។​
 
​ចំពោះ​ករណី​ឆ្លង​នាំចូល​វិញ កូរ៉េខាងត្បូង​រកឃើញ​១០​ករណី​ទៀត ធ្វើ​ឲ្យ​ចំនួន​ករណី​ឆ្លង​នាំចូល​កើនឡើង​ដល់​៨៦១​ករណី​។​
​ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ឆ្លង​ថ្មី​មកក្រោម​៥០​ករណី រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​បន្ត​ឲ្យ​អនុវត្ត​យ៉ាង​តឹងរឹង​គម្លាត​រាងកាយ បន្ថែម​២​សប្តាហ៍​ទៀត រហូតដល់​ថ្ងៃទី​១៤ ខែមេសា​។​
 
​គិត​មក​ត្រឹម​ថ្ងៃទី​៨ ខែម​សា កូរ៉េខាងត្បូង​បានធ្វើ​តេស្ត​មនុស្ស​៤៩៤,៧១១​នាក់ អ្នក​ឆ្លង​ចំនួន​១០,៤២៣​នាក់ ស្លាប់​ចំនួន​២០៤​នាក់ និង​ជាសះស្បើយ​ចំនួន​៦,៩៧៣​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com