COVID-19
ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ ក្រុមហ៊ុន អាចបញ្ឈប់ការងារចំពោះអ្នកសម្រាកពេលចូលឆ្នាំ ដោយមិនចាំបាច់ទូទាត់សំណង
09, Apr 2020 , 4:25 pm        
រូបភាព
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ (រូបពីគនណីហ្វេសប៊ុក Heng Sour)
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ (រូបពីគនណីហ្វេសប៊ុក Heng Sour)
អ្នកឈប់សម្រាកពីការងារ នៅថ្ងៃចូលឆ្នាំ សម្រាប់ឆ្នាំនេះ គឺអាចចាត់ទុកថា «បានប្រព្រឹត្តកំហុសធ្ងន់»។ នេះជាសំណេររបស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដែលសរសេរលើគណនីហ្វេសប៊ុក នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០។



តាមរយៈសំណេរនោះ លោក ហេង សួរ បានសង្កត់ធ្ងន់ថា ក្រុមហ៊ុន «អាចបញ្ឈប់ការងារ» ចំពោះអ្នកឈប់សម្រាក ដោយមិនចាំបាច់ទូទាត់សំណង។

លោក ហេង សួរ បានបង្ហោះសារនេះ នៅក្រោយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ចេញសេចក្តីជូនដំណឹង នៅថ្ងៃទី៩ ខែមេសា ស្ដីពីវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាន ក្នុងអំឡុងពេលលើកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ។ ក្នុងសេចក្តីជូនដំណឹង លោក អ៊ិត សំហេង រម្លឹកថា ក្នុងអំឡុងចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា កម្មករនិយោជិត ត្រូវបន្តធ្វើការធម្មតា នៅតាមរោងចក្រ សហគ្រាស និង គ្រឹះស្ថានរបស់ខ្លួន។

លោក ដាក់ចេញវិធានការថា កម្មករនិយោជិតណា ឈប់សម្រាក «ដោយឯកឯង» ក្នុងអំឡុងចូលឆ្នាំខ្មែរ នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ មុនចូលបំពេញការងារវិញ ហើយនឹងមិនទទួលបានប្រាក់ឈ្នួលក្នុងរយៈពេល១៤ថ្ងៃនេះឡើយ។

លោករដ្ឋមន្រ្តី បញ្ជាក់ថា បើកម្មករនិយោជិតណា ឈប់សម្រាកពេលចូលឆ្នាំ ដោយមានការអនុញ្ញាតពីថៅកែ កម្មករនិយោជិតនោះ នឹងនៅទទួលបានប្រាក់ឈ្នួលដដែល ក្នុងអំឡុងនៃការដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។

មិនមែនតែវិស័យឯកជនឡើយ គ្រប់ស្ថាប័នរដ្ឋ ក៏ត្រូវតម្រូវឲ្យនៅធ្វើការធម្មតាដែរ ក្នុងអំឡុងចូលឆ្នាំនេះ។

ដោយសារតែបារម្ភខ្លាចរាលដាលនៃជំងឺកូវីដ-១៩ រដ្ឋាភិបាល បានសម្រេចលុបពិធីបុណ្យចូលឆ្នាំខ្មែរ នៅឆ្នាំនេះ។ រដ្ឋាភិបាល នឹងសងថ្ងៃឈប់សម្រាក៥ថ្ងៃ ដល់ស្ថាប័នរដ្ឋនិងឯកជនវិញ នៅពេលសមស្រប៕

Tag:
 COVID-19
  ហេង សួរ
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com