COVID-19
ជាតិ
រដ្ឋាភិបាល​ដាក់​កំហិត​លើ​ការធ្វើដំណើរ​ពី​យប់​ថ្ងៃទី​៩ ដល់​យប់​ថ្ងៃទី​១៦ ខែមេសា​
09, Apr 2020 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត COVID-19 សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​៩ ខែមេសា នេះ បានចេញ​បទបញ្ជា​ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នុងប្រទេស ចាប់ពី​ម៉ោង​១២​យប់​ថ្ងៃទី​៩ ខែមេសា ដល់​យប់​ថ្ងៃទី​១៦ ខែមេសា​។​



​ដើម្បី​សុវត្ថិភាព​របស់​ជាតិ និង​ជីវិត​របស់​ប្រជាជន ខ្ញុំ​ពុំមាន​ជម្រើស​អ្វី​ឲ្យ​ល្អ​ជាង​ការចេញ​បទបញ្ជា​បែបនេះ​ទេ​។ ប្រសិន​មានច្បាប់​គ្រប់គ្រង​ប្រទេស​ក្នុង​គ្រាអាសន្ន​ប្រហែលជា​ច្បាប់​នោះ​ត្រូវ​យកមកអនុវត្ត​នាពេល​នេះដែរ​»​។ នេះ​ជាការ​សំណេរ​របស់​សម្តេច ហ៊ុន សែន ក្នុង​ហ្វេ​ស​ប៊ុ​ក​ខ្លួន ដោយ​សម្តេច​សុំ​ការយោគយល់​ពី​ជនរួមជាតិ​ក្នុង​គ្រា​ដ៏​លំបាក​។​

​បទបញ្ជា​របស់​រដ្ឋាភិបាល ផ្តោតលើ​ការហាមឃាត់​ការធ្វើដំណើរ​នៅក្នុង​ផ្ទៃ​ប្រទេស រួមមាន​ការធ្វើដំណើរ​ឆ្លង​កាត់ចេញ​-​ចូល​រាជធានី​ភ្នំពេញ ការធ្វើដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត​។​

​ការហាមឃាត់​នេះ ត្រូវបាន​លើកលែង​ចំពោះ ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ រថយន្ត និង​មធ្យោបាយ​ធ្វើដំណើរ​របស់​មន្ត្រីរាជកា​រ ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញការងារ​ប្រចាំថ្ងៃ​។​

ករណីលើកលែងផ្សេងទៀតដូចជា មធ្យោបាយធ្វើដំណើរកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ រថយន្តពន្លត់អគ្គិភ័យ រថយន្ត​បម្រើ​សេវាដឹកជញ្ជូន​សំរាម និងកាកសំណល់ ការដឹកជញ្ជូន​កម្មករទៅ​កាន់កន្លែងការងារ​តាមរោងចក្រ-សហគ្រាស ដែលត្រូវមាន​បណ្ណអនុញ្ញាត និង​ការធ្វើដំណើរ​របស់ពលរដ្ឋទៅមន្ទីរពេទ្យ ឬមណ្ឌល​សុខភាពដែលជិតបំផុត ហើយមិនឲ្យលើសពី​៤នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com