COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​នៅ Premier League បង្កើត​មូលនិធិ​ជួយ​ផ្នែក​សុខាភិបាល​ប្រឆាំង COVID-19
09, Apr 2020 , 8:19 pm        
រូបភាព
​កីឡាករ​នៃ​ក្របខណ្ឌ Premier League ចាប់ផ្តើម​គំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​ប្រមូលគ្នា​បង្កើត​មូលនិធិ​ជួយ​ដល់​សេវា​សុខាភិបាល​ជាតិ​អង់គ្លេស (NHS) និង​ចែកចាយ​ទៅកាន់​តំបន់​ដែលមាន​តម្រូវការ​ខ្លាំង​បំផុត​ដែល​បណ្តាលមកពី COVID-19​។​


​គំនិត​ផ្តួចផ្តើម​ដែលមាន​ឈ្មោះថា #PlayersTogether បាន​បង្កើតឡើង​ដើម្បី​ជួយ​ដល់​អ្នក​ប្រយុទ្ធ​ជួរមុខ​របស់ NHS ក្នុងការ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺឆ្លង COVID-19​។ ការរួមបញ្ចូល​គ្នា​រវាង​មូលនិធិ​កីឡាករ​ជាមួយ NHS ត្រូវបាន​បង្កើតជា​ឈ្មោះ​ថ្មី​មួយ​ទៀតថា NHS Charities Together (NHSCT)​។​
 
​លោក Matt Hancock រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​អង់គ្លេស បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ជ្រោមជ្រែង​ពី​សំណាក់​កីឡាករ​ដ៏​ធំធេង​នេះ​។ លោក Hancock ធ្លាប់បាន​លើកឡើងថា កីឡាករ​ដែល​ប្រកប​អាជីព​នៅ​លី​គ​កំពូល​អង់គ្លេស​គួរតែ កាត់​ប្រាក់ខែ​មួយចំនួន​អំឡុងពេល​មាន​វិបត្តិ​នេះ​។​
 
​លោក Gary Lineker អតីត​ប្រធាន​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស ក៏​សា​រទរ និង​បង្ហាញ​មោទកភាព​ចំពោះ​កីឡាករ​ទាំងអស់​ដែលមាន​ចិត្ត​ចេះ​ជួយ​គ្នា​គ្រា​លំបាក​។​
 
​លោក Lineker បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា​៖« កីឡាករ​បាល់ទាត់​កំពុង​បំពេញការងារ​របស់​ពួកគេ​ដូចដែល​ខ្ញុំ​បាន​ជឿជាក់ថា​ពួកគេ​នឹងធ្វើ​បាន​។ ខ្ញុំ​សង្ឃឹមថា​នឹងមាន​អ្នកផ្សេង​ទៀត​ដែល​នឹងធ្វើ​បែបនេះ​»​។​
 
​គិត​មកទល់​ថ្ងៃទី​៨ ខែមេសា​នេះ ពលរដ្ឋ​ចក្រភព​អង់គ្លេស​ជាង ៧០០០ នាក់​បាន​ស្លាប់​ដោយ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) ខណៈ​អ្នក​ឆ្លង​កើន​ដល់​ជាង​៦​ម៉ឺន​នាក់​៕

Tag:
 Premier League
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com