COVID-19
អន្តរជាតិ
រដ្ឋាភិបាល​ថៃ នឹង​ផ្តល់​សំណង​ដល់​បុគ្គលិក​សណ្ឋាគារ​និង​ផ្ទះសំណាក់​ដែល​ប៉ះពាល់​ដោយសារ COVID-19
09, Apr 2020 , 9:19 pm        
រូបភាព
លោក Pipat Ratchakitprakarn រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃ។ រូបភាព៖ the Nation
លោក Pipat Ratchakitprakarn រដ្ឋមន្រ្តីទេសចរណ៍ និងកីឡាថៃ។ រូបភាព៖ the Nation
​គណៈរដ្ឋមន្ត្រី​ថៃ នា​ថ្ងៃទី​៨ ខែមេសា បាន​យល់ព្រម​ផ្តល់ប្រាក់​សំណង​ដល់​បុគ្គលិក​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ។


 
​ចាប់តាំងពី​ផ្ទុះ​កូ​រ៉ូ​ណា​វីរុស​មក ថៃ​បានទទួល​រងគ្រោះ​ការ​ខូ​ត​ខាត និង​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​រាប់ពាន់​លាន​ដុល្លារ ជាពិសេស​វិស័យ​ទេសចរណ៍​។ ប្រជាជន​មួយចំនួន បាន​បាត់បង់​ការងារ​ធ្វើ ចំណែក​វិស័យ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ក៏​បាត់បង់​ចំណូល ដែល​បង្ក​ប៉ះពាល់​ដល់​បុគ្គលិក​ជាច្រើន​ពាន់​នាក់​។ បន្ថែម​ពីលើ​នេះ ថៃ​ក៏បាន​ផ្អាក​ផ្តល់​ទិដ្ឋាការ​ដល់​ជនបរទេស និង​ហាម​មិន​ឲ្យ​ជនបរទេស​ចូល​ប្រទេស​ផងដែរ​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រី​ទេសចរណ៍ និង​កីឡា បាន​លើកឡើងថា គណៈរដ្ឋមន្ត្រី​ថៃ បានសម្រេច​ផ្តល់​សំណង​ដល់​បុគ្គលិក​សណ្ឋាគារ និង​ផ្ទះសំណាក់​ទាំងឡាយណា ដែល​កំពុងស្ថិត​ក្នុង​វិធាន​រឹតត្បិត​ការធ្វើដំណើរ និង​ការ​រឹតត្បិត​ផ្សេងទៀត​។ បើតាម​លោក​រដ្ឋមន្ត្រី សំណង​នេះ គឺ​ផ្អែក​ទៅតាម​ច្បាប់​ស្តីពី​សន្តិសុខ​សង្គម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Nation​។ 
 
​តាមច្បាប់​ដដែល​នេះ រាល់​បុគ្គល ដែល​រង​ផលប៉ះពាល់ ដោយសារ​វិធាន​សន្តិសុខ​សង្គម និង​បណ្តាល​ឲ្យ​បាត់បង់​ការងារ ដោយសារ​ការចាប់​បង្ខំ​ពី​សំណាក់​រដ្ឋាភិបាល នឹង​ទទួលបាន​បាន​សំណង ៦២​ភាគរយ​នៃ​ប្រាក់ខែ​សរុប រហូតដល់​ជំនួញ​សណ្ឋាគារ និង​ផ្ទះសំណាក់​ដំណើរការ​ឡើងវិញ​។ យ៉ាងណាក៏ដោយ លោក Pipat បាន​បញ្ជាក់ថា បុគ្គលិក ដែល​រង​ផង​ប៉ះពាល់ នឹង​ទទួលបាន​ប្រាក់​ជំនួយ​នេះ ត្រឹមតែ​រយៈពេល ៩០​ថ្ងៃ​តែប៉ុណ្ណោះ​។ 
 
​បន្ថែម​ពី​ផ្តល់ប្រាក់​ជំនួយ​ដល់​បុគ្គលិក​សណ្ឋាគារ លោក​រដ្ឋមន្ត្រី​ទេសចរណ៍ និង​កីឡា ក៏​ត្រៀម​ដាក់សំណើ​ស្តីពី​សំណង​ដល់​មគ្គទេសក៍​ទេសចរណ៍ និង​បុគ្គលិក​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ផងដែរ​។ 
 
​សូមបញ្ជាក់ថា គិត​មកទល់ពេលនេះ ថៃ​មាន COVID-19 សរុប​ចំនួន ២៤២៣​ករណី អ្នកស្លាប់ ៣២​ករណី និង​អ្នកជា​សះស្បើយ ៩៤០​ករណី​៕

Tag:
 ​ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com