COVID-19
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​នៅ​ជនបទ​បារម្ភ​ពី​បញ្ហា​ជំងឺ​កូ​វីដ​១៩ និង​កំពុង​ប្រឈម​បាត់​ចំណូល​ប្រចាំថ្ងៃ​
09, Apr 2020 , 9:39 pm        
រូបភាព
​សៀមរាប​៖ ការ​រីត​ត្បា​តនៃ​ជំងឺ​កូ​វីដ​១៩ បាននិងកំពុង​ធ្វើឱ្យ​ពលរដ្ឋ​ទូទៅ​មានការ​ព្រួយបារម្ភ​ជាខ្លាំង​។ ទី​១ គឺ​បារម្ភ​ពី​បញ្ហា​សុខភាព ខ្លាច​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ និង​ទី​២ ពួកគេ​កំពុង​បាត់បង់​ចំណូល​ប្រចាំថ្ងៃ ទាំង​ការលក់ដូរ និង​នៅ​កន្លែងធ្វើការ​។ ពលរដ្ឋ​រស់នៅ​តាម​តំបន់​ជនបទ​នៃ​ក្រុង​សៀមរាប ក៏​បារម្ភ​ខ្លាំង​ពី​ជំងឺ​នេះដែរ ហើយ​កំពុង​ប្រឹងប្រែង​សម្រប​ខ្លួន​ជាមួយ​ស្ថានការណ៍​ដ៏​ពិបាក​នេះ​។​

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖



 
​ពិភពលោក​ទាំងមូល​កំ​ពុង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​។ កម្ពុជា​ក៏​ដូច្នោះ​ដែរ សេដ្ឋកិច្ច​មួយផ្នែកធំ​បាន​ធ្លាក់ចុះ​ដល់​ចំណុចកំពូល ពិសេស​គឺ​វិស័យ​ទេសចរណ៍​។ អាកាសយានដ្ឋាន​លែងមាន​យន្តហោះ​ហោះហើរ សណ្ឋាគារ​បង្ខំចិត្ត​បិទទ្វារ ចំណែក​អាជីវកម្ម​ផ្សេងៗ​ក៏​បិទទ្វារ​ដែរ​។ ពលរដ្ឋ​រស់នៅ​ខេត្តសៀមរាប​ដែល​ពឹង​អាស្រ័យ​ផល​លើ​វិស័យ​ទេសចរណ៍ រង​ប៉ះទង្គិច​មិនតិច​ទេ អាជីវកម្ម​លែង​ដំណើរការ ហើយ​ពលរដ្ឋ​ខ្លះ​គ្មាន​ការងារ​ធ្វើ​ក្រោយ​សណ្ឋាគារ អាហា​រដ្ឋា​ន និង​ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន​បាន​បិទទ្វារ ឬ​ផ្អាក​អាជីវកម្ម​។​
 
​ងាក​ទៅ​ពលរដ្ឋ​រស់នៅ​តំបន់​ជនបទ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ប្រាសាទ ក៏មាន​ការព្រួយបារម្ភ​មិនតិច​ដែរ​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​នេះ​។ ពួកគាត់​មិនសូវ​ចេញ​ក្រៅ​ទេ ដោយ​សំងំ​តែ​ក្នុងផ្ទះ​។​
 
​គ្រួសារ​អ្នកស្រី ថុង វ៉ាង មាន​សភាព​អ៊ូអរ​ខុសពី​រាល់ដង បន្ទាប់ពី​កូនៗ​អ្នកស្រី​ឈប់​ពី​ការងារ​នៅ​សណ្ឋាគារ​។ កំពុង​អង្គុយ​ត្បាញ​រំពា​ក់​ក្រោមផ្ទះ​ជុំគ្នា អ្នកស្រី​ប្រាប់ថា បានឱ្យ​កូនស្រី​ឈប់​ពី​ការងារ​ជា​អ្នករៀបចំ​បន្ទប់ បន្ទាប់ពី​ឮ​ព័ត៌មាន​ពី​ជំងឺ​ផ្លូវដង្ហើម​ដំបូង​មក​ម្លេះ​។ អ្នកស្រី​ថា ភ័យខ្លាច​ជំងឺ​នេះ​ជាខ្លាំង និង​សុំឱ្យ​កូនៗ​នៅផ្ទះ​ទាំងអស់គ្នា​។​
 
​អាជ្ញាធរ​ភូមិ​បុស្ស​ធំ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង បាន​ចុះ​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ដល់​មូលដ្ឋាន​របស់ខ្លួន​។ អ្នកស្រី ថុង វ៉ាង រៀបរាប់ថា គ្រួសារ​អ្នកស្រី​បាន​អនុវត្តតាម​ការណែនាំ​ទាំងនោះ ដូចជា​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ​អាកុល និង​ពាក់​ម៉ាស់​ពេល​ទៅ​ក្រៅ​ឬ​ទៅ​ផ្សារ​ជាដើម​។ អ្នកស្រី​បញ្ជាក់ថា នៅក្នុង​ភូមិ​មិនមាន​អ្នក​សង្ស័យ​ឆ្លង​ជំងឺ​នេះ​ទេ តែ​ក៏​មិនមែន​មិនមាន​ការបារម្ភ​ដែរ​។ អ្នកស្រី​បន្ថែម​៖« ពេលឮ​ជំងឺ​នេះ​ភ្លាម ចេះតែ​ប្រាប់​កូនៗ​ទៅធ្វើ​ការឱ្យ​ប្រយ័ត្ន ពាក់​ម៉ាស់ លាងដៃ​អ៊ី​មុន​ប៉ះ​កូន បើ​ទោះ​ប្រទេស​យើង​មិនទាន់​ពីមុន តែ​ខ្លាច​តាំងពី​យូរហើយ យើង​ល្ងិតល្ងង់​ខ្លាច​ដូច​តែ​គ្នា នរណា​ក៏​ខ្លាច​»​។​
 
​ចំណែក​អ្នកស្រី កុ​ត រ៉េ​ន កំពុង​ជាប់ដៃ​ដាំ​ដំណាំ​ក្រោយ​ផ្ទះ ក៏​ទទួលបាន​ការផ្សព្វផ្សាយ​ពី​វិធី​បង្ការ​ជំងឺ​កូ​វីដ​១៩​នេះដែរ​។ អ្នកស្រី​តែង​ពាក់​ម៉ាស់​ពេល​ចេញទៅ​ផ្សារ និង​សម្អាត​ខ្លួនប្រាណ​ជាប្រចាំ​។ អ្នកស្រី​បន្ថែម​៖« គេ​ផ្សព្វផ្សាយ​ឱ្យ​ពាក់​ម៉ាស់ លាងដៃ​ជាមួយ​អាកុល ជែ​ល ខ្ញុំ​អនុវត្តន៍​តាម​រហូត សម្អាតខ្លួន​អនាម័យ​តាម​បាន​ញឹកញាប់ កុំ​តែ​ប្រហែស ទៅ​ផ្សា​រពាក់​ម៉ាស់ មកវិញ​លាងដៃ​»​។​


 
​អ្នកស្រី រ៉េ​ន វ័យ​៥៧​ឆ្នាំ​បន្តថា​៖« ខ្លាច ភ័យខ្លាច​ដែរ ឃើញ​ប្រទេស​គេ​មើលទៅ​ស្លាប់​ច្រើនពេក បន់​ទេវតា​ឱ្យជួយ​ថែរក្សា​គ្រប់​ព្រះអង្គ​នៅ​សៀមរាប ជួយ​ឱ្យ​ស្ថានការណ៍​អាក្រក់​នេះ​បាត់​ឆាប់ៗ​នេះ​។ បាន​ប្រាប់​ទៅ​កូនចៅ កុំឱ្យ​សូវ​ដើរលេង កុំឱ្យ​ជុំៗ​គ្នា គេ​ឱ្យនៅ​ឆ្ងាយ​ពីគ្នា​»​។​
 
​ចំណែក​គ្រួសារ​អ្នកស្រី ថុង វ៉ាង ក៏​គ្មាន​ការជួបជុំ​ដែរ​តាំងពី​ផ្ទុះ​ជំងឺ​ថ្មី​នេះ​មក ក្នុងនោះ​បុណ្យទាន​ដែល​គ្រោង​ធ្វើ​ក្នុងភូមិ​ក៏ត្រូវ​បាន​រំសាយ​។ នៅពេល​ចូលឆ្នាំ​ខាងមុខ អ្នកស្រី ថុង វ៉ាង បានគិត​ជាស្រេច​ថា នឹង​ឱ្យ​កូន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ហើយ​ត្រឡប់មកផ្ទះ​វិញ ដោយ​គ្មាន​ការជួបជុំ​នៅ​វត្ត​ទេ តែ​អាច​ជុំ​គ្រួសារ​នៅផ្ទះ​បន្ដិចបន្ដួច​។​
 
​វ័យ​ជាង​៧០​ឆ្នាំ លោកយាយ​ដែលជា​ម្ដាយ​អ្នកស្រី ថុង វ៉ាង ដែល​អង្គុយ​ត្បាញ​កន្ដ្រក​ជុំគ្នា​ជាមួយ​ចៅ និង​កូនស្រី​នៅក្រោម​ផ្ទះ​ក្នុង​សភាព​ស្ងប់ស្ងាត់ ក៏មាន​ពេល​ច្រើន​សម្រាក​និង​ជួយ​កិច្ចការ​តិចតួច ក្រោយ​លែង​បាន​ទៅ​វត្ត​ជួបជុំ​យាយៗ​ទៀត​។ លោកយាយ​ថា គោរព​ចំពោះ​ការ​មិនឱ្យ​ជុំគ្នា​មនុស្ស​ច្រើន ដោយបាន​ឱ្យ​កូនៗ​យក​ចង្ហាន់​បន្ដិចបន្ដួច​ទៅ​ប្រគេន​ព្រះសង្ឃ​តែប៉ុណ្ណោះ​។ ជា​ចាស់ទុំ​មួយរូប តាំងពីដើម​មក​លោកយាយ​មិន​ធ្លាប់​ជួប​ជំងឺ​អាសន្នរោគ ឬ​រាតត្បាត​ដែល​គួរឱ្យ​បារម្ភ​ដូច​ពេលនេះ​ទេ​។ តែ​លោកយាយ​ប្រាប់ថា ធ្លាប់​ឮ​ប្រភេទ​ជំងឺ​អាសន្នរោគ រាគ​ក្អួត​ពេញ​ភូមិ តែ​មិនដែល​ជួប​ផ្ទាល់​ឡើយ​។​
 
​ត្បាញ​បណ្ដើរ​រអ៊ូ​បណ្ដើរ លោកយាយ​ដែលជា​ម្ដាយ​អ្នកស្រី ថុង វ៉ាង ហាក់​ពិបាកចិត្ត​ជំនួស​កូនចៅ ដែល​បាត់បង់​ចំណូល​ចូល​ផ្ទះ ហើយ​ពលរដ្ឋ​ជាច្រើន​ទៀត​អត់​ការងារ​ធ្វើ​។ លោកយាយ​ថា ពលរដ្ឋ​ខ្លះ​ជំពាក់​បំណុល​ធនាគារ ការងារ​ក៏​គ្មាន​ធ្វើ ខ្លះទៀត​ក៏ត្រូវ​ត្បិតត្បៀត​សន្សំសំចៃ​ដើម្បី​ទុក​ប្រាក់​បង់​ទៅ​ធនាគារ ដូចជា​គ្រួសារ​លោកយាយ​ជាដើម​។​
 
​អ្នកស្រី ថុង វ៉ាង ត្រូវ​បង់​ធនាគារ​មួយខែ​ជាង​១០០​ដុល្លារ ដោយសារ​អ្នកស្រី​ខ្ចី​យកមក​សង់ផ្ទះ​។ ក្រោយពី​កូន​គ្មាន​ការងារ​ធ្វើ អ្នកស្រី​ត្រូវ​ប្រឹង​ត្បាញ​កន្ដ្រក​លក់​បោះ​ឱ្យ​ម៉ូយ ដោយ​ក្នុង​មួយខែៗ​អ្នកស្រី​រកបាន​សមល្មម​បង់​ទៅ​ធនាគារ ចំណែក​ការចាយវាយ​ហូបចុក​ត្រូវ​ត្បិតត្បៀត​ជាង​ពេលមុន​៕
 



Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com