ភ្នំពេញ៖ ជារៀងរាល់ឆ្នាំតម្លៃស្វាយតែងតែធ្លាក់ចុះ ខណៈពេលដល់រដូវស្វាយសម្បូរ។ ដោយឡែកស្វាយកែវចិននៅតែរក្សាបានតម្លៃខ្ពស់ដដែល ព្រោះស្វាយប្រភេទនេះ មិនសូវសម្បូរអ្នកដាំ រួមទាំងមានរសជាតិឈ្ងុយឆ្ងាញ់។
ស្វាយកែវចិន ដែលពលរដ្ឋខ្មែរនិយមដាំនៅជុំវិញផ្ទះជាលក្ខណៈគ្រួសារ ដោយមួយឆ្នាំផ្លែតែមួយដងប៉ុណ្ណោះ ហើយស្វាយនេះ ផ្លែមិនសូវច្រើន ដូចស្វាយដទៃឡើយ។ ស្វាយកែវចិន មានសាច់ផ្អែមឈ្ងុយឆ្ងាញ់នៅពេលទុំ ប៉ុន្តែពេលខ្ចីស្វាយនេះ មានរសជាតិជូរខ្លាំងខុសពីស្វាយដទៃ។ នេះបើតាមការលើកឡើង របស់អ្នកស្រី សោភ័ណ្ឌ ជាអ្នកដាំស្វាយកែវចិននិងស្វាយកែវរមៀត ក្នុងឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
លើផ្ទៃដីដែលមានបណ្ដោយប្រមាណ១០០ម៉ែត្រនិងទទឹងជាង៣០ម៉ែត្រ អ្នកស្រី មានស្វាយកែវចិនជាង១០ដើមប៉ុណ្ណោះ ក្រៅពីនេះគឺស្វាយកែវរមៀត។ ទោះបីស្វាយកែវចិនមានតម្លៃខ្ពស់ជាងស្វាយផ្សេងៗ ប៉ុន្តែទទួលបានផលតិចជាងស្វាយដទៃទៀត រួមទាំងពិបាកដាំនិងថែទាំ។
អ្នកស្រីថ្លែងប្រាប់សារព័ត៌មានថ្មីៗថា «ស្វាយកែវចិននេះ ខ្ញុំលក់មួយគីឡូ៥០០០រៀលព្រោះនៅទីនេះតំបន់ជនបទ វាមានតម្លៃធូរថ្លៃជាងអ្នកនៅភ្នំពេញឬនៅតាមទីរួមខេត្ត ដែលគេយកលក់បន្តក្នុងតម្លៃ១ម៉ឺនរៀលឬលើសពីនេះក៏មាន។ ស្វាយកែវចិន ដាំរើសដីបើល្អក៏ឆាប់ផ្លែ ពិបាកថែណាស់បើខ្វះទឹក ដីមិនល្អ ឆ្នាំខ្លះមិនផ្លែឡើយ ផ្កាមកជ្រុះអស់។ ប៉ុន្តែឆ្នាំខ្លះផ្លែច្រើនដែរ អាស្រ័យធាតុអាកាស ហើយសត្វក៏ស៊ីផ្លែច្រើនទៀត»។
ចំណែកទីផ្សារស្វាយកែវចិន មិនដែលមានបញ្ហាឡើយ បើប្រៀបធៀបនឹងស្វាយកែវរមៀត ដែលទទួលបានផលពីរដងក្នុងមួយឆ្នាំ ហើយអាចលក់បានទាំងខ្ចីនិងទុំទៀតផង ដោយក្នុងតម្លៃត្រឹមតែ៥០០ទៅ១៥០០រៀលប៉ុណ្ណោះ។ នេះជាការបញ្ជាក់របស់អ្នកស្រី សោភ័ណ្ឌ។
អ្នកជំនាញកសិកម្មអ្នកស្រី តុង ចាន់ធាង នាយិកាអង្គការសេដាក ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ស្វាយកែវចិនដាំប្រមាណ៤ទៅ៥ឆ្នាំ ទើបចេញផ្លែ ហើយការដាំតាមធម្មជាតិផ្លែតែមួយលើកប៉ុណ្ណោះក្នុងមួយឆ្នាំ។ បើតាមអ្នកស្រី តុង ចាន់ធាង ស្វាយកែវចិន ពិបាកថែទាំ ត្រូវការដីល្អនិងជីច្រើន ហើយមិនសូវសម្បូរផ្លែ ទើបប្រជាកសិករមិនផ្ដោតលើកការដាំស្វាយប្រភេទនេះ។ ដោយសារមិនសម្បូរ ហើយជាប្រភេទសាច់ស្វាយឈ្ងុយឆ្ងាញ់ អំឡុងពេលផ្លែទុំ ទើបស្វាយកែវចិននេះ មានតម្លៃខ្ពស់ជាងស្វាយផ្សេងៗរាល់ឆ្នាំ។
ទន្ទឹមនឹងនេះ អ្នកស្រី តុង ចាន់ធាង បានលើកពីស្វាយកែវរមៀត ដែលប្រជាពលរដ្ឋនិយមដាំ មកបង្ហាញថា ស្វាយនេះ ក្នុងមួយដើម អាចទទួលបានផលពី១០០ទៅ៥០០គីឡូក្រាម ហើយមួយឆ្នាំអាចមានផ្លែ២ទៅ៣ដង តាមការបាញ់ថ្នាំបញ្ជាឱ្យផ្លែផ្កា។ ស្វាយប្រភេទនេះ ងាយស្រួលដាំ ធន់នឹងអាកាសធាតុ មិនរើសដី មិនត្រូវការដីមានជីជាតិច្រើន ហើយដាំរយៈពេល២ទៅ៣ឆ្នាំ ទទួលបានផល។
«ស្វាយកែវរមៀតនេះ មួយទង មានផ្លែពីចន្លោះ៣ទៅដល់១០ផ្លែក៏មាន ចំណែកស្វាយកែវចិនមួយទង មានផ្លែ១ទៅ៣ផ្លែប៉ុណ្ណោះ ហើយគេកម្រឃើញស្វាយកែវចិនក្នុងមួយទងមាន២ទៅ៣ណាស់។ ដោយសារស្វាយកែវរមៀតទទួលបានផលច្រើន ហើយមួយឆ្នាំផ្លែ២ដង បើគេបញ្ជាអាចមានផ្លែ៣ដង។ បើគិតចំនួនសរុបនៃការទទួលផលនិងការថែទាំ អ្នកដាំច្រើនផ្ដោតលើកែវរមៀតច្រើនជាង»។ នេះបើតាមការលើកឡើងរបស់អ្នកស្រី ចាន់ធាង ដោយបន្ថែម បើទោះបីស្វាយកែវរមៀត មានតម្លៃទាប ប៉ុន្តែទទួលបានផលច្រើន ដូច្នេះចំណូលបានពីការដាំស្វាយកែវរមៀតនឹងទទួលបានផលច្រើនជាងកែវចិន។
ស្វាយកែវរមៀតអាចលក់បានទាំងខ្ចីនិងទុំ ហើយក៏មានការនាំចេញទៅក្រៅប្រទេសទៀតផង។ យ៉ាងណាក៏ដោយ ស្វាយកែវរមៀតនេះ ត្រូវបានពលរដ្ឋខ្មែរនិយមដាំយ៉ាងគំហុក ហើយធ្លាក់ថ្លៃនៅរដូវប្រមូលផល ដែលសម្បូរជោរជន៕