ជាតិ
Covid-19៖ មានអ្នកសះស្បើយ៤នាក់បន្ថែម និងរកឃើញថ្មី១នាក់ រូបភាព៖AFP
× កម្ពុជាបានព្យបាលអ្នកឆ្លងកូវីដ-១៩ ឲ្យសះស្បើយ៤នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសរុបកើនដល់ ៧២នាក់។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១០ មេសានេះ។ នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថាបានរកឃើញអ្នកឆ្លងថ្មី១នាក់ទៀតដែរ។
កម្ពុជា មានអ្នកសះស្បើយពីកូវីដ-១៩ ចំនួន ៧២ហើយ ក្រោយក្រសួងសុខាភិបាលបានបញ្ជាក់ករណីជា ៤ករណីបន្ថែម នៅថ្ងៃទី១០មេសានេះ។ អ្នកជាសះស្បើយទាំង៤នាក់នេះ គឺបុរសជនជាតិខ្មែឬអាយុ៥៩ឆ្នាំ មានទីលំនៅនៅស្រុកស្អាង ខេត្តកណ្តាល។ បុរសខ្មែរ អាយុ៤៥ឆ្នាំ នៅស្រុកកងមាស ខេត្តកំពង់ចាម។ បុរសខ្មែរ អាយុ៣៥ឆ្នាំ នៅខេត្តព្រះវិហារ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៥៨ ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ននៅក្រុងកែប ខេត្តកែប។
នៅថ្ងៃនេះ ក្រសួងក៏ប្រកាសថាបានរកឃើញអ្នកឆ្លងថ្មី១នាក់ទៀតដែរ ដែលជាស្ត្រីជនជាតិវៀតណាម អាយុ៣៤ឆ្នាំ ជាភ្ញៀវទេសចរស្នាក់នៅខុនដូមួយកន្លែង ក្នុងទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
គិតមកទល់ពេលអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅកម្ពុជា មានចំនួន ១១៩នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៧២នាក់ ដែលរួមមានជនជាតិចិន១នាក់, ជនជាតិអង់គ្លេស៤នាក់, ជនជាតិបែលហ្សិក ១នាក់, ជនជាតិបារាំង២៤នាក់, ជនជាតិម៉ាឡេស៊ី ៨នាក់ និងជនជាតិខ្មែរ៣៤នាក់។ ចំណែកអ្នកកំពុងសម្រាកព្យបាលមានចំនួន ៤៧នាក់៕ © រក្សាសិទ្ធិដោយ thmeythmey.com