COVID-19
ពីនេះ ពីនោះ
កូ​វីដ​១៩៖ បម្រាម​ជួយ​ជីវិត ហេតុអ្វី​មិន​ស្តាប់​?
10, Apr 2020 , 9:58 am        
រូបភាព
ដោយ: ថ្មីៗ
​សំណាង និង​សុធីរ ឈឺក្បាល​ដេក​មិន​លក់​ទេ​កាលពី​យប់មិញ ព្រោះ ពលរដ្ឋ​ជាច្រើន​បាន​ចាក​ចេញពី​ទីក្រុង​ភ្នំពេញ​ដោយ​មិន​ស្តាប់​បទបញ្ជា​ហាម​ការធ្វើដំណើរ​បំលាស់​ទី​ពី​ខេត្ត​រាជធានី​មួយ​ទៅ​ខេត្ត​រាជធានី​មួយ​ផ្សេងទៀត​។ បម្រាម គឺ​ក្នុងន័យ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​១៩​ជាយថាហេតុ ហេតុអ្វី​ពលរដ្ឋ​មិន​ស្តាប់​? 
 
​សុធីរ​៖ អើ អា សំណាង​! ហេតុអ្វី​ពលរដ្ឋ​មិន​ស្តាប់​? 
 
​សំណាង​៖ ពួកគេ​នឹក​ស្រុកកំណើត ហើយ​ខ្វះ​ការគិត​។ 
 
​សុធីរ​៖ ចុះ​ពួកគេ​អត់​គិតថា បម្រាម​ចង់​ទប់ស្កាត់​ការ​រាតត្បាត​មេរោគ​កូ​វីដ​១៩​ទេ​ឬ​? 
 
​សំណាង​៖ ពួកគេ​(​ពលរដ្ឋ​)​យល់ថា អ្នក​នៅ​ស្រុកកំណើត​ដូចជា​មិនមាន​មេរោគ​នេះ​ទេ​។ ការយល់​ដូច្នេះ គឺជា​កំហុស​។ សូម្បីតែ​ក្រុមគ្រួសារ​ខ្លួនឯង​ហ្នឹង ក៏​អាច​ចម្លង​បានដែរ​។ ចំណុច​នេះ អញ​ប្រាប់​ឲ្យ​ច្បា​ស់ណា៎ មិនមែន​លេងសើច​ទេ​វើ​យ​។ 
 
​សុធីរ​៖ ការ​នឹក​ស្រុកកំណើត​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ មិន​ត្រឹមត្រូវ​ទេ មិន​ថា​អ៊ីចឹង​? 
 
​សំណាង​៖ ពិតប្រាកដ​ហើយ​។ ពលរដ្ឋ​ដែល​ចាក​ចេញពី​ភ្នំពេញ​ទៅកាន់​ស្រុកកំណើត​ដោយ​ប្រឆាំងនឹង​បទបញ្ជា គឺជា​កា​គិត​មិន​ត្រឹមត្រូវ​ទេ​។ ពលរដ្ឋ​គិត​ខុស​ហើយ​។ បទបញ្ជា​ហ្នឹង គឺ​ចង់​ជួយ​ជីវិត​ពលរដ្ឋ​ទេ មិនមែន​ចង់​បំផ្លាញ​ជីវិត​ពលរដ្ឋ​ទេ​។ រដ្ឋាភិបាល​ចេញ​បទបញ្ជា​នេះ​មាន​គោលដៅ​ច្បាស់​ណាស់ គឺ បង្ការ និង​ទប់ស្កាត់​ការឆ្លង​បន្ថែមទៀត ព្រោះ កម្រិត​ឆ្លង​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ កំពុង​គ្រប់គ្រង​បាន អ៊ីចឹង​ហើយ គេ​មិន​ចង់​ឲ្យ​វា​ឆ្លង​ថែមទៀត​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com