COVID-19
ជាតិ
COVID-19៖​អាណាព្យាបាល​យកចិត្តទុកដាក់​ការពារ​ខ្លួន និង​កូន ពេល​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​
11, Apr 2020 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ ជាទូទៅ​រៀងរាល់​ព្រឹក​ព្រលឹម គេ​តែង​ឃើញ​ម្ដាយ​ជាច្រើន​ឈរ​ពរ​កូនតូចៗ​តម្រង់​ជួរ​រង់ចាំ​ចូល​ពិនិត្យ និង​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ក្បែរ​វត្តភ្នំ​។ ប៉ុន្តែ​តាំងពី​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​រកឃើញ​ចំនួន​អ្នក​ដែល​មក​ពិនិត្យ ព្យាបាល​ជំងឺ​ក៏​ថមថយ​ចុះ​ដែរ​។ ទោះជា​យ៉ាងនេះ​ក្តី អាណា​ព្យា​បាល​ទាំងនោះ បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ​ខ្លួន និង​កូន នៅពេល​យកទៅពិនិត្យ និង​ព្យា​បាល​ជំងឺ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ពួកគាត់​ភាគច្រើន បាន​អនុវត្ត​វិធាន​អនាម័យ និង​ការការពារ​ផ្សេងៗ ដូចជា​ការពាក់​ម៉ាស់ និង​ប្រើ​អាល់កុល ឬ​ជែ​ល​លាង​សម្អាត​ដៃ​ជាដើម​។​



​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖
 
 
​បើទោះបី​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩ ក៏ដោយ មន្ទីរពេទ្យ​គន្ធបុប្ផា នៅតែ​បន្ត​ផ្តល់​ការព្យាបាល​ឥតគិតថ្លៃ ដល់​កុមារ​កម្ពុជា​រាប់ពាន់នាក់​ក្នុង​មួយថ្ងៃៗ​។ ជាក់ស្តែង នៅ​រយៈពេល​ចុងក្រោយ​នេះ គេ​សម្គាល់​ឃើញថា មានការ​ថមថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ចំនួន​អ្នក​ម្តាយ​ដែល​បាន​យក​កូនៗ​មក​ពិនិត្យ​ព្យាបាល​ជំងឺ​នៅទីនេះ​។​
 
​លោក គី សាន់​ទី នាយក​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា បច្ចុប្បន្ន​អ្នកជំងឺ​បាន​ថយចុះ​ច្រើន តាំងពី​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-19 នៅ​កម្ពុជា​។ លោក គី សាន់​ទី បញ្ជាក់​ដូច្នេះ​៖«​មានការ​កាត់បន្ថយ​ច្រើន ប៉ុន្តែ​នៅពេលដែល​កូន​ឈឺ​ម្ដាយ​នឹង​យកមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ខានមិនបាន​។ មន្ទីរពេទ្យ​យើង នៅតែ​ទទួល​ព្យាបាល​អ្នកជំងឺ គ្រប់ផ្នែក​ទាំងអស់​»​។​
 
​ក្នុងពេល​ជាមួយគ្នានេះ ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ មន្ទីរពេទ្យ​ក៏បាន​អនុវត្ត​វិធានការ​អនាម័យ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដែរ ដូចជា​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ​នៅ​បរិវេណ​មន្ទីរពេទ្យ គ្រូពេទ្យ​ក៏ត្រូវ​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​អាល់កុល ជែ​ល​លាងដៃ ឬ​សាប៊ូ មុន និង​ក្រោយ​ប៉ះពាល់​អ្នកជំងឺ ឬ​វត្ថុ រួមទាំង​ពាក់​ម៉ាស​ផងដែរ​។​
 
​អ្នកស្រី បាន សម្បត្តិ ដែល​បាន​យក​កូន​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​លើកឡើងថា​អ្នកស្រី​ពិតជា​បារម្ភ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅពេល​ចេញមក​ខាងក្រៅ​បែបនេះ ប៉ុន្តែ​គាត់​គ្មាន​ជម្រើស​ផ្សេង​។ អ្នកស្រី សម្បត្តិ​បញ្ជាក់​ដូច្នេះ​៖ «​ចៀស​មិន​ផុត ព្រោះ​កូន​ឈឺ​ត្រូវការ​មក​ពេទ្យ ហើយ​ព្យាបាល​ពេទ្យ​ខាងក្រៅ វា​មិនត្រូវ ទាល់តែ​យកមក​មន្ទីរពេទ្យ​គន្ធបុប្ផា ទើប​ព្យាបាល​បាត់​»​។ 
 
​ចំណែក​អ្នកស្រី សេង វុ​ដ្ឋា ក៏​បារម្ភ​បញ្ហា​កូ​វីដ​-១៩​ដែរ ប៉ុន្តែ​អ្នកស្រី​ត្រូវ​ប្រថុយ​យក​កូន​មក​ព្យាបាល​។ អ្នកស្រី សេង វុ​ដ្ឋា រៀបរាប់​ដូច្នេះ​៖«​បើ​យើង​មិន​មក​ព្យាបាល នឹងមាន​គ្រោះថ្នាក់​។ តែបើ​មក​ក៏​គ្រោះថ្នាក់ ចឹ​ង​យើង​ក៏​ត្រូវតែ​ប្រថុយ​មក ប៉ុន្តែ​ក៏ត្រូវ​ចេះ​ការពារ​ខ្លួន​។ សម្រាប់​ខ្ញុំ ពេល​មក​បែបនេះ ខ្ញុំ​តែង​ឲ្យ​កូន និង​ចៅ​របស់ខ្ញុំ ត្រូវ​រក្សា​អនាម័យ​ដូចជា ពាក់​ម៉ាស ហើយ​ខ្ញុំ​តែងមាន​ទឹក​អាល់កុល​មកជា​មួយ​ជាប់​ជានិច្ច​»​។​
 
​សម្រាប់​អ្នកស្រី ស៊ឹម លី​ណា​វិញ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​-១៩​គឺជា​រឿង​មួយ ប៉ុន្តែ​សុខភាព​កូន​សំខាន់​ជាង​។ អ្នកស្រី លី​ណា លើកឡើងថា​«​ខ្ញុំ​ខ្លាច​ជំងឺ​កូ​វីដ ហើយ​យក​កូន​មក​ព្យាបាល​នេះ ក៏​ចង់​ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​។ ប៉ុន្តែ​ខ្ញុំ​ក៏បាន រក្សា​អនាម័យ​ផងដែរ​»៕
 
 

Tag:
 បទ​សម្ភាស​
  វីដេអូ​
© រក្សាសិទ្ធិដោយ thmeythmey.com